រាជធានីភ្នំពេញ ៖ លោកប៉ុល ហំម អ្នកនាំពាក្យនៃគណបក្សសិទិ្ធមនុស្សបានមានប្រសាសន៍ប្រាប់កោះសន្តិភាពតាមទូរស័ព្ទ កាលពីថ្ងៃទី៨សីហា ថា លោកកឹម សុខា និងលោកសម រង្ស៊ីបានព្រមព្រៀងគ្នាក្នុងការបង្កើតគណបក្សថ្មីដែលកើតចេញពីចលនាប្រជាធិបតេយ្យទៅជា«គណបក្សសង្គ្រោះជាតិ»ដែលមានលោកសម រង្ស៊ីជាប្រធាន និងលោកកឹម សុខា ជាអនុប្រធាន។
លោកប៉ុល ហំម បានបន្តថា ទាំងលោកកឹម សុខា និងលោកសម រង្ស៊ី កាលពីថ្ងៃទី៨ សីហា ឆ្នាំ២០១២ បានប្រកាសពីឈ្មោះបក្សថ្មីនេះរួចហើយបើទោះបីជាវាមិនទាន់ជាផ្លូវការក៏ដោយក្តី។ យើងបានយល់ព្រមក្នុងការយកឈ្មោះបក្សថ្មីនេះថា «គណបក្សសង្គ្រោះជាតិ»។ទោះបីជាយ៉ាងណា ដំណើរការបំពេញបែបបទតាមនីតិវិធីនៅមិនទាន់ចប់សព្វគ្រប់ទេក្នុងការចុះឈ្មោះនៅក្រសួងមហាផ្ទៃ ព្រោះក្រុមការងារនៃគណបក្សសិទិ្ធមនុស្សនិងគណបក្សសម រង្ស៊ី កំពុងបន្តធ្វើកិច្ចការនេះ ។
លោកប៉ុល ហំម បានបញ្ជាក់ថា គណបក្សថ្មីនេះគឺអាចកែប្រែពាក្យពេចន៍បន្តិចបន្តួចទៀតដែរនៅពេលខាងមុខនេះ តែថ្នាក់ដឹកនាំនៃគណបក្សថ្មីនេះបានសម្រេចយកឈ្មោះ«គណបក្សសង្គ្រោះជាតិ»នេះ បើទោះបីមានការកែប្រែតិចតួចក្តី គឺមិនឆ្ងាយពីឈ្មោះនេះឡើយដោយសារតែថ្នាក់ដឹកនាំបានបង្កើតរួចហើយនូវចលនាមួយឈ្មោះថា«ចលនាប្រជាធិបតេយ្យសង្រោ្គះជាតិ»កាលពីថ្ងៃទី១៦-១៧ កក្កដា ឆ្នាំ២០១២ នៅទីក្រុងម៉ានីល ប្រទេសហ្វ៊ីលីពីន ។
លោកប៉ុល ហំម បានអះអាងថា គណបក្សថ្មីនឹងរៀបចំនូវរចនាសម័្ពន្ធរបស់ខ្លួនដែលអាចចប់សព្វគ្រប់នៅក្នុងខែសីហា ឆ្នាំ២០១២ នេះដើម្បីចូលរួមចុះឈ្មោះនៅក្រសួងមហាផ្ទៃ និងចុះឈ្មោះជាគណបក្សនយោបាយនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងការបោះឆ្នោតជាតិនាថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣ខាងមុខ ។ លោកប៉ុល ហំម បានបន្តថា នៅមាននីតិវិធីមួយចំនួនទៀតដែលត្រូវបំពេញរវាងគណបក្សទាំងពីរ ព្រោះដើម្បីប្រែក្លាយទៅជាគណបក្សថ្មីមួយស្របច្បាប់វាត្រូវមានសមាជ និងមានសមាជិកគាំទ្ររហូតដល់ទៅ៨.០០០នាក់ផ្តិតមេដៃដាក់ទៅក្រសួងមហាផ្ទៃ ។
មន្រ្តីគណបក្សសិទិ្ធមនុស្សបានបញ្ជាក់ថា ការចរចាក្នុងការរៀបចំរចនាសម្ព័ន្ធរបស់គណបក្សថ្មីនេះនៅមិនទាន់ច្បាស់លាស់នៅឡើយទេ ខណៈដែលក្រុមការងារនៃគណបក្សសម រង្ស៊ី និងគណបក្សសិទិ្ធមនុស្សកំពុងធ្វើការចរចាគ្នានៅឡើយ។ ពេលនេះទាំងលោកសម រង្ស៊ី និងលោកកឹម សុខា កំពុងស្ថិតនៅក្រៅប្រទេសជួបពិភាក្សាគ្នាក្នុងការរៀបចំនូវរចនាសម្ព័ន្ធរបស់គណបក្សថ្មីនេះ ។
មន្រ្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានថ្លែងថា គណបក្សទាំងឡាយណាដែលចង់ចូលរួមក្នុងការបោះឆ្នោតត្រូវចុះឈ្មោះនៅក្រសួងមហាផ្ទៃ ឬត្រូវទទួលស្គាល់ដោយក្រសួងមហាផ្ទៃយ៉ាងតិច៩០ថ្ងៃមុនថ្ងៃបោះឆ្នោត ។ ការចូលរួមបោះឆ្នោតបានលុះត្រាតែគណបក្សនយោបាយនីមួយៗចុះឈ្មោះ និងទទួលស្គាល់ដោយក្រសួងមហាផ្ទៃនិងចុះឈ្មោះនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតតាមការកំណត់ ។ ការចុះឈ្មោះអ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០១៣នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ កញ្ញា ឆ្នាំ២០១២ ។
មន្រ្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបន្តថា តាមច្បាប់នៅពេលណាគណបក្សណាមួយប្រកាសរួមគ្នាជាមួយបក្សថ្មី ឬរំលាយខ្លួន អាសនៈតំណាងរាស្រ្តដែលគណបក្សនោះមានត្រូវបានបញ្ចប់ដោយស្វ័យប្រវត្តិពីតួនាទីនៅក្នុងសភា និងអាសនៈក្រុមប្រឹក្សានានាដែលកើតមកពីការបោះឆ្នោតកន្លងមក ក៏អស់សុពលភាពដែរ ។ ក្រុមអ្នកតាមដាននយោបាយបាននិយាយថា គណបក្សថ្មីឈ្មោះ«គណបក្សសង្គ្រោះជាតិ»ដែលកើតឡើងដោយគណបក្សប្រឆាំងទាំងពីរគឺគណបក្សសិទិ្ធមនុស្ស និងគណបក្សសម រង្ស៊ី នោះនឹងមិនមានអាយុវែងនោះទេ ព្រោះតាមរយៈបទពិសោធន៍កន្លងមករវាងលោកសម រង្ស៊ី និងសម្តេចក្រុមព្រះកាលពីឆ្នាំ២០០៤ ។
ទោះបីជាមានការខិតខំរបស់ថ្នាក់មូលដ្ឋាននៃគណបក្សទាំង២ក្នុងគោលបំណងរួមបញ្ចូលគ្នាក្តីក៏ភាពមិនប្រាកដរបស់មេដឹកនាំនៃគណបក្សសង្គ្រោះជាតិមិនទាន់មានមូលដ្ឋានច្បាស់លាស់ទេ ។ បើទោះជាមេដឹកនាំនៃគណបក្សថ្មីនេះមានមោទនភាពក្នុងការដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតជាតិឆ្នាំក្រោយក៏វាមិនអាចទៅរួចដែរព្រោះគ្មានរចនាសម្ព័ន្ធរឹងមាំទេនៅថ្នាក់មូលដ្ឋានបើប្រៀបធៀបនឹងគណបក្សប្រជាជនកម្ពុជាដែលមានអ្នកគាំទ្រដល់ទៅជាង៥លាននាក់នោះ ៕
ចែករំលែកព័តមាននេះ