ខេត្តព្រះសីហនុ ៖ សាលាដំបូងខេត្តព្រះសីហនុបានបន្តចុះអនុវត្តសាលដីកាជាលើកទី៥ បន្ទាប់ពីការអនុវត្តចំនួន៤លើក ត្រូវបរាជ័យ ដោយសារតែទីតាំងជម្លោះនេះស្ថិតក្នុងដីអនុក្រឹត្យលេខ៧៦ អនក្រ របស់រាជរដ្ឋាភិបាលដែលបានដាក់តំបន់នេះឱ្យក្លាយទៅជាទីរក្សាប្រភពទឹក ។
ក្នុងការចុះអនុវត្តសាលដីការនេះដឹកនាំដោយលោកយូទិយ្យ វឌ្ឍនៈ ព្រះរាជអាជ្ញារងសាលាដំបូងខេត្តព្រះសីហនុ រួមនឹងកម្លាំងចម្រុះមានសមត្ថកិច្ចប៉ូលិស កងរាជអាវុធហត្ថខេត្ត និងស្ថាប័នពាក់ព័ន្ធមួយចំនួននៅចំណុចទីតាំងស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ជាដីស្ថិតក្នុងតំបន់អនុក្រឹត្យលេខ៧៦ អនក្រ ដោយពុំមានភាពចម្រូងចម្រាស់ដូចកាលពីលើកទី៤នោះទេ ព្រោះភាគីចាញ់ក្តីបានសុខចិត្តឱ្យភាគីសាលាដំបូងចុះវាស់វែងតាមអំណាចសាលដីកា ប៉ុន្តែភាគីចាញ់ក្តីមិនបានទទួលយកនូវការចុះវាស់វែងនេះទេ ដោយអះអាងថាភាគីសាលាដំបូងខេត្តមិនបានអនុវត្តតាមអំណាចសាលដីកា(អនុវត្តមិនគ្រប់លក្ខណៈត្រឹមត្រូវតាមជើងម៉ែត្រ) ។
លោកយឹម ប៊ុណ្ណារ៉េត នាយកក្រឡាបញ្ជីនៃសាលាដំបូងខេត្តបានស្នើឱ្យភាគីចាញ់ក្តីអនុវត្តតាមសាលក្រមលេខ៩៥៤តរ/១២របស់សាលាដំបូងខេត្តព្រះសីហនុ ដែលធ្វើឡើងតាមការបង្គាប់សាលដីការដ្ឋប្បវេណីលេខ១៦៩ របស់តុលាការកំពូល ចុះថ្ងៃទី៣ ឧសភា ឆ្នាំ២០០៧ បានសម្រេចឱ្យភាគីកូនបំណុលឈ្មោះយាន សំបូរ ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ប្រគល់ដីទំហំ១៤,៩០ម៉ែត្រX៤៤,៦០ម៉ែត្រ ក្នុងចំណែកដីដែលមានលេខប័ណ្ណកម្មសិទ្ធិ១A៦៧០ ចុះថ្ងៃទី១០ កញ្ញា ឆ្នាំ១៩៩៣ ទៅឱ្យដើមបណ្តឹងឈ្មោះជរ ប្រណិត ភេទប្រុស អាយុ៥៧ឆ្នាំ មានទីលំនៅនៅខេត្តមណ្ឌលគិរី ជាអ្នកគ្រប់គ្រងបន្ត ។ ប៉ុន្តែក្រុមការងារតុលាការពុំបានបង្ហាញអំពីកំណត់ហេតុក្នុងការចុះអនុវត្តលើកនេះទេ ហើយក៏មិនបង្ហាញអំពីតួលេខប្រវែង និងទំហំផ្ទៃដីក្រោយពីការចុះវាស់វែងរួចនោះឡើយ ។
ពាក់ព័ន្ធនឹងដីនេះតាមភាគីដើមចោទលោកជរ ប្រណិត បានអះអាងថាលោកបានមករស់នៅលើដីនេះតាំងពីឆ្នាំ១៩៨២ ហើយត្រូវបានតុលាការកំពូលកាត់ឱ្យលោកឈ្នះក្តីនៅឆ្នាំ២០០៧ ដូចនេះការចុះអនុវត្តរបស់សាលាដំបូងពិតជាត្រឹមត្រូវ ។ដោយឡែកភាគីចាញ់ក្តី លោកស្រីសំ រ៉េត ជាភរិយាលោកយាន សំបូរ ក៏បានអះអាងដូចគ្នាថា ដីនេះគាត់បានមករស់នៅតាំងពីឆ្នាំ១៩៨៤មកម៉្លេះ រហូតមានប័ណ្ណកម្មសិទ្ធិថែមទៀតផង តែក្រោយមករដ្ឋាភិបាលបានដាក់តំបន់នេះជាដីតំបន់អនុក្រឹត្យលេខ៧៦ទីជម្រាលក្បាលឆាយប្រយោជន៍រក្សានូវប្រភពទឹក ។ លោកស្រីបានបន្តថា ចំពោះការសម្រេចនេះ ភាគីលោកស្រីមិនទទួលជាដាច់ខាត ព្រោះវាប្រាស់ចាកទៅនឹងគោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចេញកន្លងមកថា ស្ថាប័នតុលាការពុំមានសិទ្ធិសម្រេចកាត់ក្តីឱ្យភាគីណាមួយចាញ់ ឬឈ្នះនៅលើដីរដ្ឋនោះទេ។
សម្តេចក៏បានព្រមានដែរថា គ្រប់សាលក្រមទាំងអស់របស់តុលាការដែលកាត់ក្តីនៅលើដីរដ្ឋត្រូវទុកជានិរាករណ៍ ដូចនេះលោកស្រីសូមបដិសេធយ៉ាងដាច់ណាត់មិនទទួលយកការសម្រេចនេះជាដាច់ខាតព្រោះដីតំបន់នេះមានតែក្រុមការងាររបស់សម្តេចតែមួយប៉ុណ្ណោះ ជាអ្នកសម្រេច ។ ម្យ៉ាងទៀតការចុះអនុវត្តរបស់មន្ត្រីតុលាការលើកនេះ គឺធ្វើផ្ទុយនឹងអំណាចសាលក្រមដែលបានសម្រេចចុះវាស់វែងលើទំហំដី១៤,៩០គុណនឹង៤៤,៦០ម៉ែត្រ ប៉ុន្តែមន្ត្រីតុលាការមិនបានវាស់វែងតាមសេចក្តីបញ្ជារបស់តុលាការកំពូលទេ ដូចនេះ លោកស្រីសូមបដិសេធមិនទទួលយកនូវការចុះអនុវត្តសាលក្រមរបស់សាលាដំបូងជាដាច់ខាត ។
លោកស្រីបានបន្តថា នៅពេលថ្មីៗនេះ សម្តេចបានមានប្រសាសន៍ថា ប្រជាពលរដ្ឋទាំងឡាយណាដែលកំពុងតាំងទីលំនៅលើដីរបស់រដ្ឋត្រូវកាត់ដីធ្វើប្លង់កម្មសិទ្ធិជូនពួកគាត់ ដូចនេះ លោកស្រីរង់ចាំតែក្រុមការងាររបស់សម្តេចតែប៉ុណ្ណោះ ព្រោះមានតែមន្ត្រីជំនាញរបស់អាជ្ញាធរដីធ្លី និងក្រុមការងាររបស់សម្តេចតែប៉ុណ្ណោះ ដែលអាចស្វែងរកការពិតថា អ្នកណាមួយជាអ្នករស់នៅលើដីនេះពិតប្រាកដ ។ លោកស្រីបានសំណូមពរយ៉ាងទទូចដល់រាជរដ្ឋាភិបាល ក៏ដូចជាលោកប៊ិន ឈិន ប្រធានអាជ្ញាធរដីធ្លី ជាពិសេសសម្តេច តេជោ ហ៊ុន សែន សូមមេត្តាជួយអន្តរាគមន៍ផង សូមបញ្ឈប់នូវសកម្មភាពរបស់តុលាការដែលកំពុងធ្វើផ្ទុយទៅនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងសូមឱ្យគោរពតាមចំណាររបស់លោក ហូ សិទ្ធី ចុះថ្ងៃទី១២ កក្កដា ឆ្នាំ ២០១២ ដែលបានដាក់ជូនលោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរដោះស្រាយទំនាស់ដីធ្លី ។ លោកស្រីនឹងទទួលយកនូវរាល់ការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល ប្រសិនបើអាជ្ញាធរដីធ្លីសម្រេចបែបណាមួយចំពោះគ្រួសាររបស់លោកស្រី ៕



ចែករំលែកព័តមាននេះ