ខេត្តសៀមរាប ៖ ប្រធានមន្ទីរទេសចរណ៍ខេត្ដសៀមរាប បានអំពាវនាវដល់ប្រតិបត្ដិករទេសចរណ៍ទាំងអស់ចូលរួមសហការគ្នាប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយដែលអាចកើតមាននៅលើឧស្សាហ៍កម្មមួយនេះ ជាពិសេសការតម្រូវយកកម្រៃជើងសាលើសកំណត់ពីមន្ដ្រីជំនាញក្នុងការស្នើសុំបើក ឬបន្ដអាជ្ញាប័ណ្ណអាជីវកម្ម ជាពិសេសមគ្គុទ្ទេសក៍ទេសចរណ៍តែម្ដង ។
ការអំពាវនាវឱ្យមានការសហការទប់ស្កាត់ការប្រព្រឹត្តអំពើពុករលួយរបស់ប្រធានមន្ទីរទេសចរណ៍ខេត្ដសៀមរាប ធ្វើឡើងបន្ទាប់ពី មានការលេចធ្លាយនូវលិខិតរិៈគន់មួយច្បាប់ ដែលជនអនាមិកដាក់ជូនទៅអង្គភាពប្រឆាំងអំពើពុករលួយ ដែលបញ្ជាក់ពីភាពមិនប្រក្រតីជុំវិញការអនុគ្រោះឱ្យជនបរទេសដើរធ្វើអធិប្បាយពីប្រវត្ដិសាស្ដ្រខ្មែរនៅក្នុងរមណីយដ្ឋានអង្គរ ។
លោកង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍បានអំពាវនាវយ៉ាងដូច្នេះនៅក្នុងកិច្ចប្រជុំមួយកាលពីព្រឹកថ្ងៃទី១ សីហា ឆ្នាំ២០១២កន្លងទៅ ដោយមានប្រតិបត្ដិករទេសចរណ៍ (ម្ចាស់សណ្ឋាគារ ភោជនីយដ្ឋាន ទីភ្ញាក់ងារទេសចរណ៍ និងក្រុមមគ្គុទ្ទេសក៍ទេសចរណ៍)ប្រមាណ៣០០នាក់នៅទូទាំងខេត្ដចូលរួម ក្នុងគោលបំណងធ្វើការផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការគ្រប់គ្រងមគ្គុទ្ទេសក៍ទេសចរណ៍ និងប្រកាសសារាចរណែនាំស្តីពីការគ្រប់គ្រងអាជីវកម្ម សេវាកម្ម ទេសចរណ៍របស់ក្រសួងទេសចរណ៍ផងដែរ ។
នៅក្នុងឱកាសនោះដែរក៏មានការចែកជូនប្រតិបត្ដិករទេសចរណ៍ទាំងនោះនូវសេចក្ដីជូនដំណឹង ដោយប្រាប់ឱ្យដឹងពីតម្លៃដែលត្រូវបង់ពន្ធជូនរដ្ឋលើមុខរបររកកម្រៃពីសេវាកម្មទេសចរណ៍នីមួយៗ ដូចជាការសុំអាជ្ញាប័ណ្ណប្រកបអាជីវកម្មទេសចរណ៍ ការបើកស្នាក់ការទីភ្នាក់ងារទេសចរណ៍ ការបើកសណ្ឋាគារ ផ្ទះសំណាក់ជាដើម ដើម្បីជៀសវាងនូវការកំណត់តម្លៃស្រេចតែចិត្ដពីមន្ដ្រីជំនាញ ។
លោកង៉ូវ សេងកាក់ បានបន្ថែមថា ថ្ងៃនេះយើងកុំឱ្យអាជីវករទាំងអស់មានមន្ទិលសង្ស័យអំពីកម្រៃត្រូវបង់ពន្ធជូនរដ្ឋទៅលើអាជីវកម្មនីមួយៗ យើងបានធ្វើការផ្សព្វផ្សាយយ៉ាងទូលាយរួចហើយ ទាំងតាំងក្រដាសទាំងវេបសាយ ។ ដូច្នេះដើម្បីចូលរួមក្នុងការទប់ស្កាត់អ្វីដែលមិនប្រក្រតី ឬអាចហៅថាអំពើពុករលួយ ដែលធ្វើឡើងដោយមន្ដ្រីជំនាញណាម្នាក់ សូមឱ្យអាជីវករទាំងអស់រាយការណ៍ជាបន្ទាន់មកខាងមន្ទីរ ដើម្បីមានវិធានការតាមផ្លូវច្បាប់ ជាពិសេសច្បាប់ប្រឆាំងនឹងអំពើពុករលួយតែម្ដង ។
ថ្វីបើយ៉ាងនេះក្ដី ជាយូរឆ្នាំមកហើយតែងតែមានការលេចឮនូវភាពមិនប្រក្រតីមួយចំនួនចេញពីអង្គភាពមន្ទីរទេសចរណ៍ខេត្ដមួយនេះ ជាពិសេសការរិៈគន់ទៅលើការអនុញ្ញាតឱ្យជនបរទេសមានសិទ្ធិដើរធ្វើអធិប្បាយអំពីប្រវត្ដិសាស្ដ្រខ្មែរនៅតាមប្រាសាទប្រាប់ដល់ភ្ញៀវទេសចរ ។ ក្រុមអ្នកប្រវត្ដិសាស្ដ្រខ្មែរបានលើកឡើងថា «មគ្គុទ្ទេសក៍ទេសចរណ៍»គួរតែជាជនជាតិខ្មែរ និងមានកម្រិតសិក្សាខ្ពស់ជៀសវាងកំហុសឆ្គងទាំងភាសា ទាំងប្រវត្ដិសាស្ដ្រ ដែលនាំឱ្យភ្ញៀវទេសចរភាន់ច្រឡំ ។
ជុំវិញការរិៈគន់នោះ អនុប្រធានរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌឹតសភាចារ្យ រស់ ចាន់ត្រាបុត្រ ធ្លាប់បានមានប្រសាសន៍ថា មានតែ
មគ្គុទ្ទេសក៍ជាកូនខ្មែរប៉ុណ្ណោះដែលអាចបកស្រាយប្រវត្ដិសាស្ដ្រទាំងអស់បានល្អជាងមគ្គុទ្ទេសក៍បរទេស ព្រោះយើងបានសិក្សាផ្ទាល់ពីឯកសារបារាំងដែលជាអ្នកចងក្រងនូវរឿងរ៉ាវប្រវត្ដិសាស្ដ្រខ្មែរ ហើយបើជនបរទេសអាចនាំឱ្យមានការយល់ច្រឡំច្រើន ដោយសារតែបកប្រែច្រើនលើកច្រើនសា ពីភាសាមួយ ទៅភាសាមួយទៀត បូករួមទាំងការគ្រប់គ្រងមិនបានល្អផង ពួកគេអាចខុសកាន់តែខ្លាំង ។
យោងតាមវេបសាយរបស់វិទ្យុផ្សាយជាភាសាខ្មែរក្រៅស្រុកមួយបានបង្ហាញថា មានលិខិតអនាមិក១ច្បាប់ ដែលគេបានដាក់ជូនទៅអង្គភាពប្រឆាំងអំពើពុករលួយ ដែលក្រុមអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលទើបតែទទួលបានថ្មីៗបានរិៈគន់មន្ដ្រីមន្ទីរទេសចរណ៍ខេត្ដសៀមរាប ថា បានបណោ្ដយឱ្យជនបរទេសមួយចំនួន ដែលក្នុងនោះមានជនជាតិកូរ៉េ រុស្ស៊ី វៀតណាម បារាំង អីុតាលី និងអាល្លីម៉ង់ ដែលមានចំនួនប្រមាណពី២០០ទៅ៣០០នាក់ ដើរតួជាមគ្គុទ្ទេសក៍ទេសចរណ៍នាំភ្ញៀវដើរកម្សាន្តក្នុងរមណីយដ្ឋានអង្គរស្ទើរតែរៀងរាល់ថ្ងៃ ដោយអ្នកទាំងនោះអធិប្បាយប្រវត្ដិសាស្ដ្រខ្មែរក្រោមលេសថា ជាអ្នកបកប្រែភាសា ។ ក្នុងលិខិតនោះបានបន្ដរិៈគន់ថា តាមការអង្កេត គឺជនបរទេសទាំងនោះបានបង់ប្រាក់សំណូកទៅឱ្យមន្ដ្រីមន្ទីរទេសចរណ៍ប្រមាណ១២០ដុល្លារអាមេរិកក្នុងរយៈពេល៦ខែ ហើយប្រាក់ទាំងនោះគឺមិនបានចូលទៅក្នុងថវិការដ្ឋឡើយ ។
ក្រសួងទេសចរណ៍កម្ពុជាបានចេញរបាយការណ៍ថា នៅក្នុងរយៈពេល៦ខែដើមឆ្នាំ២០១២នោះ កម្ពុជាបានទទួលភ្ញៀវទេសចរបរទេសប្រមាណជាង២ លាន១សែននាក់ ហើយចំនួននេះកើនឡើង៣៥% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១១ ដែលមានចំនួនតែជាង១ លាន៥សែននាក់ប៉ុណ្ណោះ ៕


ចែករំលែកព័តមាននេះ