រាជធានីភ្នំពេញ ៖នៅទីស្តីការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនាព្រឹកថ្ងៃទី៨ សីហា មានរៀបចំពិធីប្រារព្ធទិវាអាស៊ាននិងខួបលើកទី៤៥នៃការបង្កើតអាស៊ាន ក្រោមអធិបតីភាពលោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដោយមានការចូលរួមពីលោក-លោកជំទាវជាឯកអគ្គរដ្ឋទូត-រាជទូតនៃបណ្តាប្រទេសអាស៊ានប្រចាំនៅកម្ពុជា ។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក្នុងនាមប្រធានអាស៊ាន បានសម្តែងនូវក្តីសប្បាយរីករាយនិងអបអរសាទរចំពោះវត្តមានអង្គទូត ដែលបានចូលរួមក្នុងពិធីប្រារព្ធទិវាអាស៊ាននិងខួបលើកទី៤៥នៃការបង្កើតអាស៊ាននេះ។ លោកឧបនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ចាប់តាំងពីបានកកើតឡើង កាលពី៤៥ឆ្នាំកន្លងទៅ អាស៊ានទទួលបានជោគជ័យដ៏ត្រចះត្រចង់។ ក្នុងឋានៈជាអង្គការតំបន់អាស៊ានបានឆ្លងកាត់ដំណាក់កាលដ៏លំបាកនិងបញ្ហាប្រឈមជាច្រើន ។ ក្នុងការឆ្លើយតបទៅរាល់បញ្ហានីមួយៗ អាស៊ានតែងតែបោះជំហានទៅមុខជានិច្ចជាមួយនឹងស្មារតីសម្រុះសម្រួល។ ដោយមានព្រឹត្តការណ៍សំខាន់ៗជាច្រើននិងមូលដ្ឋានសាមគ្គីដ៏រឹងមាំ ក្នុងប្រវត្តិ៤៥ឆ្នាំនេះ ខ្ញុំយល់ថាអាស៊ាននឹងមានជោគជ័យហើយអាចជម្នះបាននូវរាល់ស្ថានការណ៍អាក្រក់ទាំងឡាយ ។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានរំលឹកថា ក្នុងពេលដូចគ្នានេះកាលពីឆ្នាំទៅ ការបង្ហូតទង់អាស៊ានត្រូវបានប្រារព្ធឡើងនៅគ្រប់រាជធានី-រដ្ឋធានីនៃរដ្ឋជាសមាជិកអាស៊ាននិងនៅតាមស្ថានទូតអាស៊ានទូទាំងពិភពលោក ។ ប៉ុន្តែនៅពេលនេះយើងទាំងអស់គ្នាអាចសម្លឹងឃើញទង់អាស៊ានបក់រវិចគួរជាទីមោទនភាពនៅទន្ទឹមនឹងទង់ជាតិរបស់រដ្ឋសមាជិកអាស៊ាន ។ ទាំងអស់នេះគឺជាសក្ខីភាពនៃការបោះជំហានទៅមុខដ៏ធំមួយទៀតឆ្ពោះទៅកាន់សហគមន៍អាស៊ាន ក៏ដូចជាការលើកកម្ពស់មុខមាត់អាស៊ានផងដែរ បើទោះបីជាមានបញ្ហាកើតឡើងដោយមិនបាននឹកស្មានដល់ក៏ដោយ ។
លោកឧបនាយករដ្ឋមន្រ្តីក្នុងនាមប្រទេសកម្ពុជា បានសម្តែងនូវការជឿជាក់ថា អាស៊ាននឹងបន្តឈានទៅមុខទៀតជាមួយនឹងស្មារតីឯកភាពនិងសាមគ្គីភាព ដោយដកទុកមួយឡែកសិននូវរាល់បញ្ហាទាំងឡាយដែលយើងពុំអាចសម្រេចបាននូវមតិឯកភាពរួម(Consensus)ស្របទៅតាមស្មារតីនិងទម្លាប់អនុវត្តរបស់អាស៊ាន។ លោកបញ្ជាក់ថា ការធ្វើដូច្នេះយើងនឹងអាចរក្សាបាននូវតួនាទីស្នូលរបស់អាស៊ាននៅចំពោះមុខដំណើរវិវត្តន៍និងនិម្មាបនកម្មតំបន់នាពេលបច្ចុប្បន្ន។
លោកមានជំនឿយ៉ាងមុតមាំថា អាស៊ាននឹងបន្តដើរលើមាគ៌ាត្រឹមត្រូវឆ្ពោះទៅសម្រេចសហគមន៍អាស៊ាននៅឆ្នាំ២០១៥ តាមទិសដៅជា«សហគមន៍តែមួយ ជោគវាសនាតែមួយ»ដែលមានភាពស្អិតរមួតផ្នែកនយោបាយ មានសមាហរណកម្មសេដ្ឋកិច្ច និងរួបរួមគ្នាក្នុងសហគមន៍ដែលយល់សុខទុក្ខគ្នា ។សូមបញ្ជាក់ថា នៅក្នុងពិធីនោះក៏មានការស្មឹងស្មាធិ៍គោរពវិញ្ញាណក្ខន្ធនិងបង្ហូតទង់ជាតិតំណាងអាស៊ានផងដែរ ៕



ចែករំលែកព័តមាននេះ