ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​សេដ្ឋកិច្ច​​​និង​ហិរញ្ញវត្ថុ​​​ និង​មន្ទីរ​ធម្មការខេត្ត​​ផ្តល់​អំណោយ​​ដល់​និស្សិត​​ស្ម័គ្រចិត្ត​

13 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ​៖ កាល​​ពី​ព្រឹក​ថ្ងៃទី​​២ ​សីហា​ ​​កន្លងមក​​ លោក អ៊ូ ជួប​កុសល​ ប្រធាន​មន្ទីរ​សេដ្ឋ​កិច្ច​​​ និង​ហិរញ្ញវត្ថុ​ខេត្ត​ រួមជាមួយ​​​នឹង​លោក​ វ៉ាន់​ សុធី អនុប្រធាន​​​មន្ទីរ​​ធម្មការ​ និង​សាសនា​​​ខេត្ត​​​ បាន​ដឹក​នាំមន្ត្រី​​ក្រោម​ឱវាទ​​ទៅ​សួរ​សុខ​ទុក្ខ​ និង​នាំយក​អំណោយ​ជាគ្រឿង​​ឧបភោគ​​បរិភោគ ថវិកា​ទៅ​​ចែក​ជូន​​ដល់​ក្រុម​យុវជន​​ស្ម័គ្រចិត្ត​សហការ​ជាមួយ​មន្ត្រី​ជំនាញ​​ចំនួន​២ក្រុមដែលកំពុង​​​ចុះ​ធ្វើការ​​​វាស់​វែង​ដីធ្លី​​​ជូន​ប្រជាពលរដ្ឋ​​​​ក្នុងឃុំ​​ក្រាំង​លាវ​ ស្រុក​រលា​ប្អៀរ​ ដែលការ​ជួប​ជុំ​​ប្រគល់​អំណោយ​​នេះ​ធ្វើឡើង​​នៅក្នុងវត្ត​​អណ្តូង​ព្រេង​​ ក្នុង​ឃុំ​​ក្រាំង​លាវ ។

លោក​ អ៊ូ ជួប​កុសល​​ បាន​មាន​ប្រសាសន៍​ទៅកាន់​​ក្រុម​យុវជន​​​ស្ម័គ្រចិត្ត​​ និងមន្ត្រី​ជំនាញ​​​ថា ថ្ងៃនេះ​​រូប​លោក​​ និង​លោក​ វ៉ាន់ សុធី អនុប្រធាន​​មន្ទីរ​​ធម្មការ​ និង​សាសនា​​ខេត្ត​​ បានសហការ​គ្នា​នាំយក​អំណោយ​ជា​ស្បៀង និង​ថវិកា​​ផ្ទាល់​​​មក​​ចែក​ជូន​​​​ដល់​ក្រុម​យុវ​ជន​​​ស្ម័គ្រចិត្ត​​ដែល​កំពុង​​​​​ឈរ​​ជើង​​​​សហ​ការ​ជាមួយ​​មន្ត្រី​ជំនាញ​​​ វាស់​វែង​ដី​​​ធ្លី​ជូន​​ប្រជាពល​រដ្ឋ​​នៅ​ទី​នេះ​ ។ អំណោយ​​ទាំង​នេះ​គឺ​ជាការ​​​ជួយ​ផ្លាស់​​វេនគ្នា​​​ជាមួយ​អង្គភាព​​​មន្ទីរជុំ​វិញ​​​ខេត្ត​ក្នុងការ​​​យកមក​ផ្តល់​​ជូន​ដល់ក្រុម​​យុវជ​ន​ស្ម័គ្រចិត្ត​ និងមន្ត្រី​ជំនាញ​​ដែល​កំពុង​ឈរ​ជើង​នៅទីនេះ ដើម្បីកុំឱ្យ​ខ្វះខាត​​ ។ ទាំង​អស់​នេះ​គឺ​ជា​ការ​​ណែនាំ​​​​​ និងចង្អុល​​​បង្ហាញ​ពី​​លោក​ ទូច ម៉ា​រីម ​អភិបាលខេត្ត​​​​ដែល​លោក​តែង​តែ​គិត​គូរ​​ពីសុខ​ទុក្ខ​​របស់​បង​ប្អូនយុវជន​ស្ម័គ្រចិត្ត​ និងមន្ត្រី​ជំនាញ​​​របស់​យើង ។ លោក​សូម​​ផ្តាំ​ផ្ញើ​​​ដល់​ប្អូន​​​ៗ​ជា​ក្រុម​យុវ​ជន​​​ស្ម័គ្រចិត្ត​​​ទាំង​អស់​ ត្រូវ​​ថែរក្សា​​សុខ​ភាព​ឱ្យ​បានល្អ​​​ ដើម្បី​សហការ​ជាមួយ​​​​មន្ត្រី​ជំនាញ​​ក្នុង​ការ​វាស់​វែង​​​ដីធ្លី​​​ជូន​​​ប្រជាពលរដ្ឋ​​​ទៅតាម​គោល​​នយោបាយ​ចាស់​សកម្មភាព​ថ្មីឱ្យ​បាន​ល្អ​ប្រសើរ។

លោក​ វ៉ាន់​ សុធី​​ បានមាន​​​ប្រសាសន៍​​​សាក​សួរ​​សុខទុក្ខ​​​​​ក្រុម​យុវជន​​​ស្ម័គ្រចិត្ត​​​ និងមន្ត្រី​​​ជំនាញ​ទាំង​អស់​​ដែល​កំពុង​​​បំពេញភារកិច្ច​​ជាមួយ​គ្នា​ក្នុងការ​វាស់​​វែង​ដីធ្លី​​​​ជូនប្រជា​ពលរដ្ឋ​​ក្នុង​ឃុំ​ក្រាំង​​លាវ ក្នុង​ស្រុក​រលា​ប្អៀរ​នេះ​ និងសូម​ឱ្យ​បង​ប្អូន​​​យើង​ទាំង​អស់​​​ថែរក្សា​អនាម័យ​​​ឱ្យ​បាន​ខ្ពស់​​ជៀស​វាង​ជំងឺ​​តម្កាត់ផ្សេង​​ៗ​ព្រោះ​ថា​​រដូវ​នេះ​​ជារដូវ​ភ្លៀង​​ធ្លាក់ ។ ជាមួយ​នេះ​សូម​ឱ្យ​​បង​ប្អូន​​​រួម​សហការ​​ជាមួយ​​​មន្ត្រី​ជំនាញ​​ក្នុងការ​បំពេញ​ភារកិច្ច​​វាស់​​វែង​​ដីធ្លី​ជូន​ប្រជា​ពល​រដ្ឋ​ឱ្យ​ទទួល​បាន​​ជោគ​ជ័យ​ ​​សម្រាប់​ជា​ប្រយោជន៍​​ដល់​ពួកគាត់​ និងងាយ​ស្រួល​ដល់​រាជ​រដ្ឋា​ភិ​បាល​​​ទៅ​ថ្ងៃក្រោយ ។

អំណោយ​​ដែល​នាំ​យក​ទៅប្រគល់​ជូនក្នុង​ថ្ងៃ​​នោះ​មាន​​ សាច់គោ​​៣គីឡូក្រាម​ ត្រី​ឆ្តោ៥​គីឡូ​ក្រាម​ បន្លែ​ ទឹក​បរិសុទ្ធ​ និង​ថវិកា​​មួយ​ចំនួន​​ ។ ជាមួយ​គ្នា​​នេះ​​មន្ត្រី​រាជការ​​​ទាំង​​២​មន្ទីរ​​ក៏​បាន​​ប្រគេន​​បច្ច័យ​ដល់​ព្រះសង្ឃ​ដែលគង់ក្នុង​វត្ត​​អណ្តូង​​ព្រេង​ចំនួន​៨មឺុនរៀល​ផងដែរ ៕