ខេត្តប៉ៃលិន ៖ បុរសម្នាក់បានផឹកថ្នាំកណ្តុរអស់១កំប៉ុងប៉ងសម្លាប់ខ្លួន ដោយសារតូចចិត្តនឹងបងស្រីបង្កើតស្តីបន្ទោសថា ខ្លួនពុតធ្វើជាឈឺមិនចង់ទៅជួយបាញ់ថ្នាំស្មៅនៅឯចម្ការ ។ បុរសរូបនេះឈ្មោះ យឹម រឿន អាយុ៣៦ឆ្នាំ ជាកសិករ មានស្រុកកំណើតនៅសង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ សព្វថ្ងៃមករស់នៅជាមួយបងស្រី នៅភូមិបតាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ។
ហេតុការណ៍ផឹកថ្នាំកណ្តុរនេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី៥ សីហា ២០១២ លុះដល់ម៉ោង៧និង៣០នាទីយប់ថ្ងៃដដែលទើបដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត តែគ្រូពេទ្យប្រាប់ថា ហួសពេលលាងក្រពះទៅហើយព្រោះថ្នាំនេះបានជ្រាបចូលទៅក្នុងខ្លួនអស់ដែលជនរងគ្រោះសង្ឃឹមរស់តិចតួចណាស់ ។
ប្រភពព័ត៌មានបានឱ្យដឹងថា បុរសរូបនេះមានបងប្អូនចំនួន៦នាក់់ (ស្រី៥នាក់) ហើយរូបគេជាប្អូនពៅនិងបានមករស់នៅក្រុងប៉ៃលិនជាង១០ឆ្នាំមកហើយ ជាមួយបងស្រីឈ្មោះ យឹម គឹមសៀ អាយុ៤៩ឆ្នាំ ។ នៅក្រុងប៉ៃលិននេះបុរសយឹម រឿន រស់នៅផ្ទះមួយផ្សេង តែពេលហូបបាយគឺមកហូបបាយនៅផ្ទះបងស្រី ហើយជារៀងរាល់ថ្ងៃតែងតែទៅជួយធ្វើការ នៅឯចម្ការពោត និងដំឡូតរបស់បងស្រីខ្លួន ។ នៅមុនថ្ងៃកើតហេតុប្រហែលជា៣ទៅ៤ថ្ងៃរូបគេមានអាការឈឺក្បាលវិលមុខ មិនសូវស្រួលក្នុងខ្លួនក៏សុំបងស្រីសម្រាកនៅផ្ទះមួយថ្ងៃពីរ ស្រាប់តែគាត់ស្តីបន្ទោសខ្លាំងៗថា ខ្ជិលច្រអូសនឹងការងារធ្វើពុតជាឈឺ ។
ប្រភពដដែលបន្តទៀតថា ដោយសារសម្តីបែបនេះធ្វើឱ្យរូបគេតូចចិត្តដេកគិតអង្គុយគិត រហូតដល់ថ្ងៃខាងលើក៏ទាញយកថ្នាំកណ្តុរ១កញ្ចប់នៅក្នុងផ្ទះដែលខ្លួនស្នាក់នៅយកទៅចាក់ដាក់កំប៉ុង សម្ងំផឹកម្នាក់ឯងតាំងពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺរហូតដល់ម៉ោង៧និង៣០នាទីយប់ បណ្តាលឱ្យក្អួតចង្អោរនិងរាករូសជាច្រើនដងនៅក្នុងផ្ទះ ។ ពេលនោះគ្មាននរណាម្នាក់ចាប់អារម្មណ៍នឹងទៅមើលទេ លុះដល់ដើរទាំងទ្រេតទ្រោតទៅផ្ទះបងស្រីខ្លួន ពេលគាត់ធុំក្លិនថ្នាំកណ្តុរនៅជាប់នឹងខ្លួនក៏មានការសួរនាំទើបរូបគេប្រាប់ពីហេតុការណ៍ក៏ដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។
បុរសជាប្អូនរូបនេះបានប្រាប់ឱ្យដឹងថា រូបគេនៅកម្លោះមិនទាន់មានគ្រួសារនៅឡើយទេ ជារៀងរាល់ថ្ងៃគេស្នាក់នៅផ្ទះដោយឡែកពីបងស្រីរបស់ខ្លួន តែរូបគេបានខិតខំធ្វើការងារជារៀងរាល់ថ្ងៃ ដោយជួយគាត់បាញ់ថ្នាំស្មៅពោត និងដំឡូងមីផង តែដោយធ្វើមួយថ្ងៃបន្តិចៗប៉ុណ្ណោះ ព្រោះបងស្រីរបស់ខ្លួនបានជួលគេឱ្យទៅបាញ់ថ្នាំស្មៅនៅទីនោះដែរ ។ បុរសរូបនេះបន្តទៀតថា នៅថ្ងៃក្រោយបើគេមានសំណាងអាចរស់នៅបន្តទៀតបានរូបគេមិនធ្វើអំពើដ៏កំសាកបែបនេះទេ និងខិតខំធ្វើការងារ ។
ចំណែកគ្រូពេទ្យបានប្រាប់ឱ្យដឹងថា ឥឡូវថ្នាំកណ្តុរបានជ្រាបចូលទៅក្នុងពោះវៀន និងរាងកាយសព្វគ្រប់អស់ទៅហើយ មើលទៅសង្ឃឹមរស់តិចតួចបំផុត តែបើសិនជាសំណាងនៅមាន ជនរងគ្រោះអាចរស់រានមានជីវិតទៅថ្ងៃខាងមុខបន្តទៀតបាន តែក៏មានផលវិបាកកើតមានបញ្ហាក្រពះទៅថ្ងៃខាងមុខដែរ ៕
ចែករំលែកព័តមាននេះ