ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះម៉ូតូ​​​ទៅប្រលង​​​ថ្ងៃចុង​ក្រោយ​​ជួប​ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​​ចរាចរណ៍​ស្លាប់

13 ឆ្នាំ មុន

​ខេត្តបន្ទាយ​មានជ័យ​​​ ៖ ​យុវសិស្ស​ម្នាក់​ជិះ​ម៉ូតូ​ចេញ​ពី​​​ផ្ទះ​ទៅ​ប្រលង​​​សញ្ញាបត្រ​​​បាក់​ឌុប​ថ្ងៃ​ចុង​ក្រោយ​​នៅមណ្ឌល​​វិទ្យាល័យ​​អូរ​អំបិល ស្ថិត​ក្នុង​សង្កាត់​​អូរ​អំបិល ក្រុង​សិរី​សោភ័ណ​​​ បាន​ជួប​គ្រោះ​ថ្នាក់​​​ចរាចរណ៍​​បើក​ម៉ូតូ​​ទៅ​បុក​​​គោ​​១ក្បាល​​​កំពុង​ដើរ​​លើ​ថ្នល់​​ពីក្រោយ​ពេញ​ទំហឹង​​បណ្តាលឱ្យ​ស្លាប់​​មួយ​រំពេច​​នៅនឹង​កន្លែង​​កើត​ហេតុ ។ ហេតុការណ៍​នេះ​កើតឡើង​កាល​ពី​វេលា​ម៉ោង​​​៥និង​៣០​នាទី​​ទៀប​ភ្លឺ​ ថ្ងៃទី៨ ​សីហា ​​​នៅ​លើ​​កំណាត់​ផ្លូវ​​​​ជាតិ​លេខ​​៦ ខាង​លិច​​ភូមិ​សាលា​ក្រៅ ប្រមាណ​​​៧០០​ម៉ែត្រ ​ក្នុង​សង្កាត់​​​ភ្នៀត​ ក្រុង​​សិរី​សោភ័ណ ខេត្ត​បន្ទាយ​មានជ័យ ។

លោក​​វរសេនីយ៍​ត្រី​ ឈឿម សុផុន នាយ​ការិយា​ល័យ​នគរបាល​​​ចរាចរ​ខេត្ត​បាន​​ឱ្យ​ដឹង​ថា យុវសិស្ស​រងគ្រោះ​ឈ្មោះ រុំ ថាណា អាយុ​២១​ឆ្នាំ ​ជាសិស្ស​​​រៀន​នៅ​វិទ្យាល័យ​​ជប់ វ៉ារី រស់​នៅ​ភូមិ​​​បុសស្បូវ ឃុំ​បុសស្បូវ​​​ ស្រុក​​ព្រះ​នេត្រ​ព្រះ ខេត្ត​​បន្ទាយមានជ័យ​ ជិះ​ម៉ូតូ​​​ម៉ាក​ហុង​ដា​​​សេ​១២៥ សេ៊រីឆ្នាំ​២០១០​ ពណ៌​ខ្មៅ​​​ ពាក់​ស្លាកលេខ​​​បន្ទាយមានជ័យ​1A-0285 ដោយ​គ្មាន​​ពាក់​មួក​ការពារ​សុវត្ថិភាព​ ។

លោក​​នាយ​ការិយាល័យ​​បាន​បន្តឱ្យ​ដឹងថា បើ​តាម​សាក្សី​​ឃើញ​ហេតុការណ៍​​ប្រាប់​សមត្ថកិច្ច​​​ថា មុន​ពេល​កើតហេតុ​​គេ​ឃើញ​យុវសិស្ស​​រង​គ្រោះ​​ជិះម៉ូតូ​​​តែម្នាក់​ឯង​ក្នុងសម្លៀក​បំពាក់​សិស្ស​​​​ដើម្បី​ទៅ​ប្រលង​​យក​សញ្ញា​បត្រ​​​​​បាក់​ឌុប​នា​ថ្ងៃ​បញ្ចប់​​​ក្នុង​ទិសដៅ​​ពីកើតទៅលិច​ ។ លុះមក​ដល់​​​ចំណុច​កើតហេតុ​ខាងលើ​បាន​ជិះ​ម៉ូតូ​ជ្រុល​ទៅបុក​​​សត្វ​គោ​ពីក្រោយពេញ​ទំហឹង​​ ខណៈ​ម្ចាស់​​​ដើរ​ដឹក​ពីមុខ​​​បណ្តាលឱ្យ​​​យុវសិស្ស​​រងគ្រោះ​ដួល​​បោក​ក្បាល​​​ទៅនឹង​ថ្នល់​​ជាតិ​ស្លាប់​​​មួយ​រំពេច​​នៅ​នឹង​កន្លែង​​កើតហេតុ​ ចំណែក​​​សត្វ​គោ​វិញ​​រង​របួស​បាក់​ជើង​​​ឆ្វេង​​​ខាង​ក្រោយ​ និង​ម៉ូតូ​​ខូចខាត​ធ្ងន់ ។

លោក​​វរសេនីយ៍​ត្រី​ ឈឿម សុផុន បាន​បន្ត​ទៀត​ថា មូលហេតុ​​បណ្តាល​ឱ្យ​កើត​​ឡើង​​គ្រោះ​ថ្នាក់​​​ចរាចរណ៍​​នេះ​ដោយ​សារ​យុវ​សិស្ស​​រងគ្រោះ​​បើក​ម៉ូតូ​ក្នុង​ល្បឿន​​លឿន​មើល​​ឧបសគ្គ​​នៅ​ខាង​មុខ​​​មិនឃើញ​​​ ។ បន្ទាប់​ពីសមត្ថកិច្ច​​វាស់​វែង​​រួច​ក៏​បាន​​​​ប្រគល់​សព​ឱ្យ​​ក្រុម​គ្រួសារ​យក​ទៅចាត់​ចែង​ធ្វើបុណ្យ​​តាម​ប្រពៃណី​ ។ សមត្ថកិច្ច​​បានអញ្ជើញ​​​ម្ចាស់​​គោ​មក​ការិយាល័យ​​ចរាចរណ៍​ខេត្ត​ ដើម្បី​ធ្វើ​កំណត់​​ហេតុ​ និងម៉ូតូ​​​យក​ទៅ​រក្សា​ទុក​នៅ​ស្នង​ការ​​ដ្ឋាន​នគរបាល​​​ខេត្ត​ដើម្បី​ទុក​ដោះស្រាយ​​តាម​ផ្លូវ​​ច្បាប់ រីឯសត្វ​​​គោ​​ត្រូវ​បាន​រក្សា​ទុក​ឱ្យ​ម្ចាស់​ចូល​​ខ្លួន​មក​ទទួល​ខុស​ត្រូវ ៕