ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​រដូ​វ​ទឹក​កំពុង​ឡើង​​​​​ឈ្មួញ​​​សម្រុក​​​ដឹក​ឈើ​​​​ប្រណីត​​​តាម​​ផ្លូវ​ទឹក​​​ទាំង​​យប់​ទាំង​​ថ្ងៃ​

13 ឆ្នាំ មុន

ខេត្ត​ស្ទឹង​ត្រែង​​ ៖ ​​ស្រប​ពេល​​​​រដូវ​ទឹក​​​​កំពុង​ឡើង​​​​នេះ សកម្ម​ភាព​ដឹក​​​ឈើ​ប្រណីត​​​តាម​ផ្លូវ​ទឹក​​​​កំពុង​តែ​​​មាន​ភាព​​​គគ្រឹកគគ្រេង​​​​ ដោយ​ឈ្មួញ​​សម្រុក​ដឹក​​ជញ្ជូន​​​ឈើ​ទាំង​នោះ​​​​តាម​គោ​យន្ត​​​​កន្ត្រៃ​​​ទាំង​​យប់​​ទាំង​​ថ្ងៃ​​ យក​ទៅ​ទម្លាក់​​​នៅ​មាត់​​​​​​ទឹក​តាម​ដង​​ទន្លេ​​ រួច​ក្រុម​​​​រក​សីុ​​​ឈើ​​ដឹក​តាម​​​​កាណូត​​​បន្ត​ទៅ​​​ខេត្ត​​ក្រចេះ​ ។

តាម​សេច​ក្តី​រាយ​ការណ៍​​របស់​ប្រជា​​ពល​រដ្ឋ​​​​នៅ​ស្រុក​​​​ថាឡាប​រិ​វ៉ាត់​​ ឱ្យ​ដឹ​ងថា ​​នាយប់​ថ្ងៃ​ទី​​​៦ សី​ហា​ ​​​​​​មាន​សកម្ម​ភាព​ក្រុ​ម​ឈ្មួញ​ល្មើ​ស​ច្បាប់​​​​​​​​ដឹក​ជញ្ជូន​​​ឈើ​ប្រណីត​​​​​​ប្រភេទ​​​​​ធ្នង់​​ មាន​មុខ​កាត់​​​​​៣០​​​ ទៅ​​៥០​​​សង្ទី​ម៉ែត្រ​​ ប្រវែង​​​ជាង​​២​ម៉ែត្រ​​ ជា​ប្រភេទ​​ត្រូ​វ​បា៉ន​់​ ដោយ​ដឹក​​តាម​​គោ​យន្ត​កន្ត្រៃ​​​ទាំង​យប់​ទាំង​ថ្ងៃ​​​​ចេញ​ពី​​​​ព្រៃ​​ធ​ម្ម​​ជាតិ​​​នានា​ ក្នុង​ភូមិ​​​សាស្ត្រ​​ស្រុក​​​ថា​ឡា​បរិ​វ៉ាត់​​ យ៉ាង​អនាធិប​តេយ្យ​​​​យក​មក​ទម្លាក់​​​​​នៅ​​​មាត​់​ច្រាំង​​​​ទន្លេ​ត្រង់​​​ចំណុច​​ភូមិ​កាំង​​តេ​ជោ​​ ស្រុក​ថាឡា​បរិ​វ៉ាត់​​ ​និង​មិន​ឃើញ​​មាន​​មន្ត្រី​​​រដ្ឋបាល​​​ព្រៃ​ឈើ​​​ក្នុង​ដែន​​​​​សមត្ថ​កិច្ច​​​​​​នៅ​​ទី​នោះ​​​អើ​ពើ​ទប​់​ស្កាត់​ឡើយ ។

​ប្រភព​​​​ពី​អ្នក​​​​ភូមិ​រស់​​​នៅ​ក្នុង​​​ស្រុក​ថាឡា​បរ​ិ​វ៉ាត​់​​​​​និយាយថា ​​នៅ​យប់​ថ្ងៃ​ទី​​​៦​ សី​ហា​ នោះ​​គេ​​ឃើញ​​​​​មាន​គោ​យន្ត​​កន្ត្រៃ​​​​​​​៥ទៅ​៦​គ្រឿង​ដឹក​ឈើ​​​​​​ធ្នង់​​​​ និង​រថយន្ត​​​​​មួយ​​គ្រឿង​​​​ បើក​កាត់​មុខ​​​​​​ស្នាក់​ការ​​រដ្ឋ​បាល​ព្រៃ​ឈើ​​​​ថាឡា​បរិវ៉ាត់​ ​​យក​ទៅ​​ចាក់​​​នៅ​មាត់​ច្រាំង​​​ទន្លេ​ត្រង់​​​​​​ចំណុច​​​ខាង​លើ​​ រួច​ទើ​ប​​​​​​ដឹក​​ជញ្ជូន​​​​​តាម​​កាណូត​​​បន្ត​ទៅ​​កាន់​ខេត្ត​ក្រចេះ​ ​​។ ​​​មាន​ការ​​​លើក​ឡើង​ថា ការ​ដឹក​​​ជញ្ជូន​​​​​​នេះ​​ ប្រហែល​​​​ជា​មាន​ការ​​​បើក​ភ្លើង​​​ខៀ​វ​​​​​​​ឱ្យ​​​ពី​មន្ត្រី​​​​ខិល​ខូច​​​ណាមួយ​ហើយ​​មើល​ទៅ​​ ទើប​បាន​ជា​​គេ​ហ៊ាន​​​បើក​រថយន្ត​​​​​​​​ដឹក​ឈើ​​​ទាំង​ថ្ងៃ​បង្អួត​មហា​ជន​​​​ដោយ​ម​ិ​​​នខ្លាច​ញញើត​​​​នឹង​ច្បាប់​​បន្តិច​​ណា​សោះ​​​​ ។ ភាព​​​​អនា​ធិប​តេយ្យ​​​​​ក្នុង​​ការ​កាប់​​និង​​ដឹក​ជញ្ជូន​​​​ឈើ​​ខុស​ច្បាប់​​​​នេះ​ គឺ​​​​កំពុង​​​​តែ​កើត​​មាន​យ៉ាង​ពេញ​បន្ទុក​​​នៅ​លើ​​​ទឹក​ដី​​ស្រុក​ថា​ឡាបរ​ិ​វ៉ាត់​​ ដោយ​​មេ​ឈ្មួញ​​​ជា​ច្រើន​នាក់​​​ដែល​រស់​នៅក្នុង​ស្រុក​​នេះ​​ ហើយ​បើ​​​មន្ត្រី​​​​​ជំនាញ​​មិន​​មាន​​​ការ​​ទប់​ស្កាត់​​ទេ​ ព្រៃ​​ឈើ​នឹង​បាត់​​​​​​បង​់​អស់​​​ជាក់​ជា​មិន​​ខាន ។

​​ពាក់​ព័ន្ធ​​​នឹង​ករណី​នេះ​​ លោក​វ៉ា​ សុខា ​នាយ​រង​​​ផ្នែក​រដ្ឋ​បា​ល​ព្រៃ​ឈើ​​​​ថាឡាបរិវ៉ាត់​​​បាន​បញ្ជាក់​​​តាម​ទូរ​ស័ព្ទ​​​កាល​ពី​រសៀល​​​ថ្ងៃទី​​៧ ​សីហា ​ថា ​លោក​មិន​​​​បាន​ដឹង​ទេ​​ ព្រោះ​​លោក​កំពុង​​​​ស្ថិត​នៅ​​​​ឯភ្នំពេញ​​​ និង​​​​ប្រាប់​ឱ្យ​​​​ទៅ​សួរ​​​​លោក​ សុភិត​ ​ជា​មេ​របស់​​​លោក​វិញ ។ ​នាថ្ងៃដដែល​​​នោះ​ដែរ​​ អ្នក​​យក​ព័ត៌​មាន​​​បាន​សួរ​​លោក​​ សុភិត​ ​តាម​ទូរ​ស័ព្ទ​​​ ​​ហើយ​លោក​ឆ្លើយ​ថា ​នាពេល​នេះ​​​​លោ​ក​ស្ថិត​នៅ​​​ស្រុ​ក​សៀម​បូក​ ​ហើយ​ក៏​បិទ​​​ទូរ​ស័ព្ទ​​​​ទៅ ​ធ្វើ​ឱ្យ​ការ​​សុំ​បំភ្លឺ​​ពី​ព័ត៌​មាន​​​​​​​នេះ​មិ​ន​អាច​ទទួល​អ្វី​បាន​​​​​ក្រៅ​ពី​​ប្រភព​​​ពល​រដ្ឋ​​​រាយ​ការ​ណ៍​ឡើយ​ ។
​តាម​​​ប្រជា​ព​ល​រដ្ឋ​​​រស់​នៅ​​​តាម​ដង​ទន្លេ​​​នានា​ ដូច​ជា​​ទន្លេ​​សេសាន ​សេកុង ​មេគង្គ​​ជា​ដើម ​និយាយ​ថា ​​​មាន​ករណី​​​​ដឹក​ជញ្ជូន​​​​ឈើ​​តាម​​​​ផ្លូវ​ទឹក​​​ជា​ហូរ​ហែ​​ ប្រៀប​ដូច​​​​​ជា​​ការ​ដឹក​​​ទំនិញ​​​​ស្រប​ច្បាប់​​​​ដូច្នោះ​ ដោយ​​​​​ពុំ​មាន​ខ្លាច​សមត្ថ​កិច្ច​​​​ជំនាញ​​​​ឡើយ​ ។ ​

ចំណែក​​​​​​ប្រជា​ពល​រដ្ឋ​​នៅ​ភូមិ​ស្រែ​​សាមី​ ​​ឃុំ​តា​​ឡាត​​ ​​និយាយ​ថា ​ឥ​ឡូវ​​នេះ​កា​រ​ដឹក​​​​​​​ជញ្ជូន​ឈើ​ប្រណីត​​​របស់​ក្រុម​​​ឈ្មួញ​​​​កំពុង​ធ្វើ​​​សកម្ម​ភាព​​​​​យ៉ាង​​គ​​គ្រឹក​គគ្រេង​​ ដែល​ភាគ​ច្រើន​​​នា​ពេល​​​នេះ​​គេ​មិន​​សូវ​​ដឹ​ក​តាម​​​ផ្លូវ​គោក​​ទេ​ គឺ​​​គេ​ដឹក​​តាម​​ផ្លូវ​ទឹក​​​វិញ​ ​ពី​ព្រោះ​​​ក្រុម​ឈ្មួញ​​អាច​ដឹក​​​បាន​​​​​ជា​ច្រើន​​ម៉ែត្រ​គូប ៕