រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈជិះម៉ូតូលឿនពេក ហើយចាប់ហ្វ្រាំងទាំងប្រថុចញុ៉ចក៏ដួលបោកនឹងរបងសំណាញ់លួសបណ្តាលឱ្យដួលបោកក្បាលនឹងថ្នល់បែកហូរឈាមស្លាប់ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៧ សីហា នៅតាមផ្លូវបេតុង ក្នុងភូមិជ្រោយអំពិល សង្កាត់ព្រែកឯង ខណ្ឌមានជ័យ ។
យុវជនដែលស្លាប់នោះឈ្មោះហួង ដានី អាយុ១៩ឆ្នាំ មានទីលំនៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ ជិះម៉ូតូម៉ាកស្មាស ពណ៌កាប់ស្តាំង ជិះតាមផ្លូវបេតុង ត្រឡប់មកផ្ទះក្នុងទិសដៅពីលិចទៅកើត ដោយបើកយ៉ាងលឿន ។ លុះមកដល់ចំណុចកើតហេតុ មិនដឹងជាគេចនឹងអ្វីក៏ចាប់ហ្វ្រាំង ស្រាប់តែដួលបោកនឹងរបងសំណាញ់លួស បណ្តាលឱ្យបោកក្បាលនឹងថ្នល់ហូរឈាមស្លាប់បាត់បង់ជីវិតភ្លាមៗគួរឱ្យអាណោចអាធ័មបំផុត ។ សូមបញ្ជាក់ថា ជនរងគ្រោះមិនពាក់មួកសុវត្ថិភាពទេ ។ ក្រោយពេលកើតហេតុ ចាស់ព្រឹទ្ធាចារ្យក្នុងភូមិបានធ្វើពិធីនៅកន្លែងកើតហេតុ រួចទើបសាច់ញាតិដឹកសពតាមរ៉ឺម៉កម៉ូតូយកទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះជិតកន្លែងកើតហេតុ ។
សាក្សីនិយាយថា យុវជនរងគ្រោះខាងលើជិះម៉ូតូលឿន ហើយចាប់ហ្វ្រាំងទាំងបង្ខំគេចពីម៉ូតូមួយគ្រឿងទៀតដែលជិះបញ្ច្រាសទិសគ្នា ទើបបណ្តាលឱ្យជួបហេតុការណ៍គ្រោះថ្នាក់ដល់អាយុជីវិតគួរឱ្យសោកស្តាយបំផុត ។ ឯប្រភពផ្សេងទៀតបាននិយាយថា ឈ្មោះហួង ដានី ស្រវឹង ទើបជិះម៉ូតូបុករបងសំណាញ់លួសដួលបោកក្បាលស្លាប់តែម្នាក់ឯងបែបនេះ ៕


ចែករំលែកព័តមាននេះ