ខេត្តកោះកុង ៖ នាព្រឹកថ្ងៃទី៨ សីហា នៅខេត្តកោះកុង មានរៀបចំកម្មវិធីជិះកង់ចងសម្ព័ន្ធភាពរវាងខេត្តកោះកុង កម្ពុជា និងខេត្តត្រាត ប្រទេសថៃ ដើម្បីពង្រឹងចំណងមិត្តភាពដែលធ្លាប់មានជាយូរលង់ណាស់មកហើយ និងជាពិសេស គឺលើកស្ទួយផ្នែកសុខភាពកីឡាដែលសមាគមអាសា៊នកំពុងផ្តោតការយកចិត្តទុកដាក់ និងជាកត្តាចម្បងក្នុងទំនាក់ទំនងលើវិស័យទេសចរណ៍ និងវិស័យផ្សេងៗទៀត ។
ការជិះកង់ចងសម្ព័ន្ធភាពនេះ មានអ្នកចូលរួមប្រមាណជាង៥០០នាក់ ដោយខាងភាគីកម្ពុជាចូលរួមជាអធិបតីដោយលោក ប៊ុន លើត អភិបាលខេត្តកោះកុង ព្រមទាំងអភិបាលរង ខេត្ត ប្រធាន-អនុប្រធានមន្ទីរ ស្ថាប័ននានា កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងសិស្សានុសិស្សចូលរួមប្រមាណជាង២០០នាក់ ។ចំណែកខាងភាគីថៃចូលរួមជាអធិបតីដោយលោកស្រី ពេន ចាវ៉ាន់អាន់ព្រឿង អភិបាលខេត្តត្រាត ដោយមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ មកពីខេត្តត្រាត និងខេត្តច័ន្ទបុរី ប្រមាណជាង៣០០នាក់ ។ ការជិះកង់ចងសម្ព័ន្ធភាពនេះ បានចេញដំណើរពីសាលាស្រុកមណ្ឌលសីមា មកកាន់ទីរួមខេត្តកោះកុង មានចម្ងាយប្រមាណជាង៨គីឡូម៉ែត្រ ។ បន្ទាប់ពីការប្រណាំងកង់មិត្តភាពនេះរួច នៅរសៀលថ្ងៃដដែលក៏មានការប្រកួតកីឡាបាល់ទាត់មិត្តភាពរវាងមន្ត្រីរាជការនៃខេត្តទាំងពីរ នៅទីលានកីឡាបាល់ទាត់ខេត្តកោះកុង ព្រមទាំងមានកម្មវិធីហូបបាយសាមគ្គី និងប្រគំតន្ត្រីរួមគ្នានៅពេលរាត្រីផងដែរ ។
លោក ប៊ុន លើត បានថ្លែងនៅក្នុងកម្មវិធីបើកការជិះកង់ចងសម្ព័ន្ធភាពរវាងខេត្តទាំងពីរកោះកុង-ត្រាត ថា ថ្ងៃនេះគឺជាលើកដំបូងហើយ ដែលខេត្តទាំងពីរបានរៀបចំកម្មវិធីនេះឡើង ក្នុងន័យរឹតចំណងមិត្តភាពឱ្យកាន់តែល្អប្រសើរឡើងថែមទៀត និងជាពិសេស គឺការលើកកម្ពស់លើវិស័យសុខភាពកីឡា និងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ សេដ្ឋកិច្ច ក៏ដូចជាវិស័យផ្សេងៗជាច្រើនទៀត ។
លោកស្រី ពេន ចាវ៉ាន់អាន់ព្រឿង អភិបាលខេត្តត្រាត បានលើកឡើងដែរថា ការបើកកម្មវិធីជិះកង់នេះឡើង គឺជាការរឹតចំណងសាមគ្គីភាពថែមមួយកម្រិតទៀត និងជាទិសដៅពង្រឹងផ្នែកសុខភាពកីឡា ដើម្បីចូលរួមអនុវត្តទិសដៅផែនការទំនាក់ទំនងសេដ្ឋកិច្ចរបស់សមាគមអាស៊ាន ដែលនឹងចាប់ផ្តើមពីពេលនេះតទៅ ៕



ចែករំលែកព័តមាននេះ