រាជធានីភ្នំពេញ ៖ «អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ឬសាលាក្តីខ្មែរក្រហមបានអបអរសាទរចំពោះសាធារណជនទី៥០.០០០ ដែលបានចូលរួមទស្សនាដោយផ្ទាល់ដំណើការសវនាការសំណុំរឿង០០២»។ លិខិតបញ្ជាក់នេះ ត្រូវបានផ្តល់ជូនដល់លោក កឹម សាម៉ាញ អាយុ២៤ឆ្នាំ ជាគ្រូបង្រៀនថ្នាក់ទី៥ សាលាបឋមសិក្សាក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី៨ សីហា ឆ្នាំ២០១២ ដោយមន្ត្រីផ្នែកកិច្ចការសាធារណៈនៃ អ.វ.ត.ក ក្នុងឱកាសលោកអញ្ជើញចូលរួមទស្សនាដោយផ្ទាល់សវនាការជំនុំជម្រះក្តីក្នុងសំណុំរឿង០០២ ជាមួយប្រជាពលរដ្ឋជាង៣០០នាក់ផ្សេងទៀតមកពីស្រុកជាមួយលោក ។ វត្ថុអនុស្សាវរីយ៍រួមមាន មួក អាវយឺត សៀវភៅសាលដីកាស្ថាពរសំណុំរឿង០០១ ប្រឆាំងកាំង ហ្កេកអ៊ាវ ហៅឌុច ត្រូវបានផ្តល់ជូនដល់សាធារណជនទី៥០.០០០ ដើម្បីជាការលើកទឹកចិត្ត ។
លោកនេត្រ ភក្ត្រា មន្ត្រីនាំពាក្យនៃអ.វ.ត.ក បានថ្លែងថា ការផ្តល់វត្ថុអនុស្សាវរីយ៍លើកទឹកចិត្តដល់សាធារណជននេះ ធ្វើឡើងនៅពេលដែលចំនួនអ្នកទស្សនាការជំនុំជម្រះក្តីក្នុងសំណុំរឿង០០២ ប្រឆាំងនឹងអតីតមេដឹកនាំខ្មែរក្រហមបីរូប គឺនួន ជា, អៀង សារី និងខៀវ សំផន ពី ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ បានឈានដល់៥០.០០០នាក់ នៅថ្ងៃទី៨ សីហា ឆ្នាំ ២០១២ បន្ទាប់ពីការបើកសវនាការលើអង្គសេចក្តីក្នុងសំណុំរឿង០០២ នៅថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០១១ ។ នេះគឺជាការចូលរួម និងគាំទ្ររបស់សាធារណជនដ៏ច្រើនលើសលប់ចំពោះដំណើរការរបស់អ.វ.ត.ក ក្នុងការស្វែងរកការពិតសម្រាប់ប្រវត្តិសាស្ត្រកម្ពុជា និងយុត្តិធម៌សម្រាប់ពលរដ្ឋខ្មែរទាំងអស់ ។
លោក កឹម សាម៉ាញ ដែលទទួលបានរង្វាន់លើកទឹកចិត្តក្នុងនាមជាសាធារណជនទី៥០.០០០ នេះបានថ្លែងថា លោកមានសេចក្តីរីករាយឥតឧបមា និងបានលើកឡើងថា លោកគឺជាមនុស្សមានសំណាងជាងគេនៅក្នុងចំណោមប្រជាពលរដ្ឋជាង៣០០នាក់ មកពីឃុំក្រពុំឈូក ដែលទទួលបាននូវរង្វាន់លើកទឹកចិត្តពីសាលាក្តីខ្មែរក្រហម ។ គ្រូបង្រៀនរូបនេះបានគូសបញ្ជាក់ថា «នេះជាលើកទី១ដែលខ្ញុំបានមកចូលរួមទស្សនាសវនាការជំនុំជម្រះក្តីនៅសាលាក្តីខ្មែរក្រហមនេះ ហើយក៏មានសំណាង ដែលត្រូវបានសាលាក្តីកំណត់ថាជាសាធារណជនទី៥០.០០០ ដែលបានមកទស្សនាដោយផ្ទាល់នូវដំណើរការកាត់ក្តីលើអតីតមេដឹកនាំខ្មែរក្រហមនេះ»។
លោក កឹម សាម៉ាញ បានបញ្ជាក់ពីមូលហេតុដែលលោកមកចូលរួមទស្សនាដោយផ្ទាល់សវនាការនៅសាលាក្តីខ្មែរក្រហមថា ដោយសារលោកចង់ដឹងពីដំណើរការជំនុំជម្រះក្តី នីតិវិធីច្បាប់ ព័ត៌មានទាក់ទងនឹងជនជាប់ចោទថា តើជនជាប់ចោទមានតួនាទី និងបានធ្វើអ្វីខ្លះនៅក្នុងអំឡុងពេលពួកគេដឹកនាំប្រទេសចន្លោះពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ១៩៧៩ ។ លោកបានមានប្រសាសន៍ថា «ព័ត៌មានដែលខ្ញុំទទួលបានពីការចូលរួមក្នុងដំណើរការសវនាការនៅថ្ងៃនេះ រួមនឹងឯកសារដែលខ្ញុំទទួលបានពីសាលាក្តីខ្មែរក្រហម ខ្ញុំនឹងយកទៅផ្សព្វផ្សាយបន្តដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិឃុំរបស់ខ្ញុំ និងសិស្សានុសិស្សដែលខ្ញុំបង្រៀន ដើម្បីឲ្យពួកគាត់បានយល់ដឹងពីដំណើរការរបស់សាលាក្តីខ្មែរក្រហម និងពីរបបខ្មែរក្រហម និងមិនប្រព្រឹត្តអ្វីដូចដែលក្រុមខ្មែរក្រហមបានធ្វើមកលើប្រជាជនកម្ពុជា»។
ដោយរាប់បញ្ចូលសាធារណជនចំនួន ៥០.០០០នាក់ដែលបានមកទស្សនាសវនាការក្នុងសំណុំរឿង០០២ ចាប់តាំងពីការចាប់ផ្តើមបើកសវនាការលើអង្គសេចក្តីមក គឺមានសាធារណជនជាង១៥ម៉ឺននាក់ ដែលបានធ្វើទស្សនកិច្ចសិក្សា និងចូលរួមទស្សនាសវនាការដោយផ្ទាល់នៅអ.វ.ត.ក ចាប់តាំងពីឆ្នាំ២០០៩មក ។ លោក នេត្រ ភក្ត្រា បានថ្លែងថា «ចំនួនអ្នកមកទស្សនាសរុបនេះរួមទាំងអ្នកមកទស្សនាក្នុងពេលសវនាការសាធារណៈ និងអ្នកចូលរួមក្នុងកម្មវិធីទស្សនកិច្ចសិក្សានៅអ.វ.ត.ក ។ នេះជាកម្មវិធីសិក្សាអប់រំរយៈពេលមួយថ្ងៃដែលនៅក្នុងកម្មវិធីនេះអ.វ.ត.ក បានស្វាគមន៍ប្រជាជនពីគ្រប់ទិសទីនៃប្រទេសកម្ពុជា មកទស្សនាសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និងតំបន់វាលពិឃាតជើងឯក និងមកអ.វ.ត.ក ។ អ.វ.ត.ក បានផ្តល់នូវសេវាដឹកជញ្ជូនដោយឥតគិតថ្លៃ ដើម្បីជួយសម្រួលដល់សាធារណជនក្នុងការធ្វើដំណើរទស្សនកិច្ចសិក្សា និងចូលរួមសវនាការនៅ អ.វ.ត.ក»៕





ចែករំលែកព័តមាននេះ