រាជធានីភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងនៅក្នុងរដ្ឋសភានាព្រឹកថ្ងៃទី៩ សីហា ២០១២ នេះថា សម្តេចគឺជាឧបសគ្គនៃការរារំាងរបស់ពួកប្រឆាំងដែលចង់ឡើងកាន់អំណាច។ ជាមួយគ្នានេះដែរ សម្ដេចតេជោ ក៏បានមានប្រសាសន៍ផ្ដាំផ្ញើថា មិនចាំបាច់ឲ្យលោកសម រង្ស៊ី មេបក្សប្រឆាំងសមរង្ស៊ី សរសេរសំបុត្រមកជូនសម្ដេចទេ ក្នុងការដែលសម្ដេចចូលឆ្លើយបំភ្លឺរឿងព្រំដែនកម្ពុជា-វៀតណាម នៅរដ្ឋសភា នាពេលនេះ។
សម្ដេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «សូមប្រាប់ទៅមេបក្សលោកវិញទៅមិនចាំបាច់សរសេរសំបុត្រមកខ្ញុំទេ ។ ខែ១២ ឆ្នាំ២០១១ សរសេរសំបុត្រសរសើខ្ញុំ។ ខែមករា ជេរខ្ញុំអាក្បត់ជាតិ ដូច្នេះមិនបាច់ផ្ញើមកទេ ព្រោះខ្ញុំគ្មានពេលឆ្លើយជាមួយពួកទណ្ឌិតទេ ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងទៀតថា សន្ធិសញ្ញាព្រំដែនបន្ថែមឆ្នាំ២០០៥ កម្ពុជា-វៀតណាម ដែលកំណត់ព្រំដែន តាមរយៈការពុះទ្រូងពាក់កណ្តាលព្រែក ឬតាមខ្សែទឹកជ្រៅ ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋកម្ពុជាអាចប្រើប្រាស់ទឹក អាចនេសាទត្រី និងធ្វើចរាចរណ៍តាមផ្លូវទឹកបានយ៉ាងស្រួល ដោយមិនចាំបាច់សុំការអនុញ្ញាតពីវៀតណាម ដែលកាលសម័យបារាំង គឺបារាំងបានកំណត់ផែនទី ត្រឹមតែប្រគល់ច្រាំងឲ្យកម្ពុជា មានប្រវែង១៩១គីឡូម៉ែត្រ រីឯវៀតណាម១៩២,៥គីឡូម៉ែត្រ ដែលមានផ្ទៃទឹក។
សម្តេចបានចោទសួរថា នេះជាទង្វើក្បត់ជាតិ ឬអី ដែលពួកប្រឆាំងកំពុងចោទរដ្ឋាភិបាល ខណៈដែលកំពុងដោះស្រាយបញ្ហាព្រំដែនទឹកជូនប្រជាពលរដ្ឋ ដូច្នេះសូមជនរួមជាតិទាំងអស់ជ្រាប ៕











ចែករំលែកព័តមាននេះ