រាជធានីភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែន បានលើកឡើងក្នុងកិច្ចប្រជុំរដ្ឋសភានាព្រឹកថ្ងៃទី៩ សីហា ២០១២ មុខអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង និងគណបក្សផ្សេងៗថា បក្សប្រឆាំង និងជនអគតិបាននិយាយថា មួយថ្ងៃៗកម្ពុជាបាត់ដីរហូតថ្ងៃខ្លះមួយម៉ែត្រ ថ្ងៃខ្លះរាប់សិបម៉ែត្រ និងថ្ងៃខ្លះទៀត រាប់គីឡូម៉ែត្រ បើដូច្នោះមែនតាំងពីឆ្នាំ១៩៧៩មក ច្បាស់ជាទឹកដីវៀតណាមវាតទីដល់សេរីសោភ័ណបាត់ទៅហើយ រីឯភ្នំពេញប្រាកដជា ស្ថិតនៅក្នុងទឹកដីវៀតណាមពេកណាស់ទៅហើយ ដូច្នេះនេះ គឺជាការប្រមាថដល់រាជរដ្ឋាភិបាលដល់ក្រុមបច្ចេកទេសវាស់វែងព្រំដែន និងប្រមាថដល់អ្នកដែលចែកឋាន។
សម្តេចនាយករដ្ឋមន្រ្តី ក៏បានស្តីបន្ទោសរដ្ឋាភិបាលបារាំង ពេលធ្វើអាណានិគមមកលើកម្ពុជា ហើយបានបន្សល់ទុកនូវភាពមិនច្បាស់លាស់ចំពោះបង្គោល និងខ្សែបន្ទាត់ព្រំដែន ពោលគឺការគូសបង្គោលព្រំដែននៅក្នុងផែនទី ប៉ុន្តែមិនបានបោះបង្គោល ហើយកំណត់នៅក្នុងផែនទីធ្វើដំណើរទៅផ្លូវមួយផ្សេង ប៉ុន្តែធាតុពិតគឺគូសទៅតាមផ្លូវផ្សេង។ ដូច្នេះចំពោះការទំនួលខុសត្រូវរបស់រាជរដ្ឋាភិបាលក្នុងការចរចាបោះបង្គោលព្រំដែនជាមួយវៀតណាម នាពេលបច្ចុប្បន្ននេះ គឺជាចរិតក្បត់ជាតិ និងអាយ៉ងឬទេ? ហើយពាក្យអាយ៉ង និងភាសាក្បត់ជាតិ វាល្មមគ្រប់គ្រាន់ហើយ ក្នុងនាមយើងជាខ្មែរដូចគ្នា៕











ចែករំលែកព័តមាននេះ