ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​លើក​​យក​បញ្ហា​​ព្រំ​ដែន​​​មក​ញុះ​ញង់​​​ និង​បំផ្លើស​​មជ្ឈ​ដ្ឋាន​​ជាតិ-អន្តរ​ជាតិ​ គឺ​ជា​ការ​បង្ក​គ្រោះ​ថ្នាក់​ដល់​ប្រទេស​ជាតិ

13 ឆ្នាំ មុន

រាជ​​ធានី​ភ្នំពេញ​ ៖ ​នៅ​​ក្នុង​​ការ​​បក​​ស្រាយ​​​ក្នុង​​កិច្ច​​ប្រជុំ​រដ្ឋ​សភា​​ព្រឹក​ថ្ងៃទី៩ សីហា ២០១២ សម្តេច​តេជោ​ ហ៊ុន សែន បានបញ្ជាក់​បន្ថែមថា បន្ទាប់ពី​បញ្ចប់​ការ​គ្រប់​គ្រងប្រទេស​កម្ពុជា​​របស់​រដ្ឋ​បាល​​អាណាព្យា​បាល​​បារាំង នៅ​ឆ្នាំ១៩៥៣​នោះ បារាំងបានបន្សល់​ទុកខ្សែព្រំ​ដែន មិន​ច្បាស់​​លាស់ ហើយការ​បោះ​បង្គោល​ព្រំដែន មិន​តាម​លក្ខណៈច្បាប់ និង​លក្ខណៈ​បច្ចេក​ទេស ក្រៅពី​បង្គោល​ចំនួន​១២៤​រវាង​កម្ពុជា និង​កូសាំងស៊ីន​នាចុងសតវត្សរ៍​ទី១៩ និងដើម​សតវត្សរ៍ទី២០ ។

សម្តេចបាន​បញ្ជាក់​ទៀតថា បារាំងបានផ្លាស់​ប្តូរបង្គោលព្រំដែន និង​កែប្រែខ្សែព្រំដែនដោយ​គ្មានការពិគ្រោះ​ជាមួយ​ប្រទេស ដែលខ្លួន​គ្រប់​គ្រង ធ្វើឲ្យមានបញ្ហា​ជម្លោះព្រំដែន​រវាង​អាជ្ញា​ធរនៃប្រទេសទាំងពីរ ជាពិសេស​ប្រជា​ជន​កម្ពុជា-វៀតណាម ដែល​ពួក​គេពុំមានព្រំដែន​ច្បាស់​លាស់ ។  មានប្រសាសន៍នៅចំពោះមុខ​ម្ចាស់​សំណួរ ​គឺអ្នកតំណាងរាស្រ្តគណបក្ស​ប្រឆាំង ជា​ ពិសេស​​​​លោក​សុន ឆ័យ នោះ សម្តេច​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បានសង្កត​់ធ្ងន់ថា កិច្ចការការពារ​អធិប​តេយ្យ និងបូរណ​ភាព​ទឹកដី គឺជាភារកិច្ច និង​កាតព្វកិច្ចសំខាន់​ជាងគេ​បង្អស់​របស់​រាជ​រដ្ឋាភិបាល ហើយជា​សិទ្ធិ និងករណីយកិច្ច​របស់ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូបផងដែរ ។ ការ​ស្នេហា​ជាតិ និងទឹកដីនេះ គឺពុំមែនជាសិទ្ធិផ្តាច់​មុខ​របស់គណបក្ស​នយោ​បាយ ឬបុគ្គលណា​មួយ​​នោះទេ ។

សម្តេចបានបន្ថែមថា ការលើកយកបញ្ហា​ព្រំដែនមកធ្វើអាជីវកម្មកេងចំណេញខាងនយោ​បាយដោយគ្មានការទទួលខុសត្រូវ ដើម្បីបំរើ​ផល​ប្រយោជន៍បុគ្គល ក្រុម ឬគណបក្សរបស់​ខ្លួន តាមមធ្យោបាយប្រជាភិថុត ការញុះញង់ ការ​បំផ្លើស និងការបង្កើត​ឲ្យមានការភ័ន្ត​ច្រលំ​លើ​បញ្ហាព្រំដែន នៅក្នុងចំណោមសាធារណជន មតិជាតិ និងអន្តរជាតិនេះ អាចនឹងនាំមកនូវ​គ្រោះថ្នាក់ដ៏​ធំធេង​សម្រាប់ប្រទេសជាតិ និង​ប្រជា​ជនទៅវិញទេ ។