ខេត្តស្វាយរៀង ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី៧ សីហា នៅចំណុចមុខហាងខារ៉ាអូខេតាថុន ស្ថិតក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង រវាងរថយន្តហ៊ីយ៉ាន់ដាយដឹកក្រួសចំណុះ១តោនកន្លះបុកគ្នាជាមួយម៉ូតូវ៉េវអាល់ហ្វា បណ្តាលឱ្យអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែង ។ ជនរងគ្រោះនៅក្នុងហេតុការណ៍នេះឈ្មោះព្រាប វិបុល អាយុ៤១ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុ ជាមន្ត្រីបម្រើការងារនៅពន្ធនាគារខេត្តស្វាយរៀង។
ហេតុការណ៍នេះពុំមានសាក្សីណាម្នាក់អាចបញ្ជាក់ឱ្យបានច្បាស់នោះទេ ដោយសារពុំមានអ្នកបានឃើញជាក់ស្តែង ដូច្នេះគេនៅមិនទាន់ដឹងថា ភាគីខាងណាជាអ្នកខុសនោះឡើយ ប៉ុន្តែក្រោយពីឮសំឡេងបុកគ្នាភ្លាមអ្នកស្រុកក៏ភ្ញាក់ផ្អើលនាំគ្នារត់ចេញទៅមើលឃើញរថយន្តម៉ាកហុីយ៉ាន់ដាយចំណុះ១តោនកន្លះដឹកក្រួសពេញ ព្រៀបឈប់នៅមួយកន្លែង ឯអ្នកបើកបររត់គេចខ្លួនបាត់ស្រមោល រីឯបុរសរងគ្រោះបានដេកស្លាប់នៅក្បែរម៉ូតូជិតរថយន្តនោះដែរ ។ តាមសម្តីអ្នកស្រុករស់នៅកន្លែងកើតហេតុនិយាយថា រថយន្តខាងលើដឹកក្រួសចេញមកពីទិសខាងលិច ចំណែកបុរសរងគ្រោះជិះម៉ូតូមកពីទិសខាងកើតបញ្រ្ចាសគ្នា ពេលមកដល់កន្លែងកើេតហេតុ ស្រាប់តែកើតមានគ្រោះថ្នាក់ចរាចរណ៍បែបនេះតែម្តង ។ ដោយឡែកប្រភពពីមិត្តភក្តិជនរងគ្រោះបាននិយាយថា បុរសនោះទើបតែចេញពីស៊ីផឹក មិត្តភក្តិបានឃាត់មិនឱ្យជិះម៉ូតូចេញមកដែរ ព្រោះឃើញស្រវឹងខ្លាំង តែជនរងគ្រោះមិនស្តាប់ ទើបកើតមានហេតុការណ៍បែបនេះទៅ ។
ដោយសារមនុស្សម្នាផ្អើលចោមរោមមើលកកកុញបណ្តាលឱ្យមានការកកស្ទះចរាចរណ៍មួយសន្ទុះ ពេលប៉ូលិសក្រុងស្វាយរៀងទៅដល់ក៏សម្រួលចរាចរណ៍បានធម្មតាឡើងវិញ ហើយយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីដោះស្រាយ ។ រីឯសពត្រូវសាច់ញាតិយកទៅលំនៅឋានរៀបចំធ្វើបុណ្យតាមប្រពៃណី ។ ក្នុងហេតុការណ៍នោះដែរ បន្ទាប់ពីសាច់ញាតិយកសពចេញពីកន្លែងកើេតហេតុភ្លាម គេឃើញម្ចាស់ផ្ទះនៅទល់មុខកន្លែងកើតហេតុ បានយកអង្ករ អំបិល និងទឹកមកបាចប្រោះព្រំសុំសុខចម្រើនចាប់ពីកន្លែងកើតហេតុ រហូតទៅដល់ផ្ទះសពដែលមានចម្ងាយប្រមាណ១០០ម៉ែត្រ ។ ការធ្វើបែបនេះគេមានជំនឿថា ដើម្បីជូនវិញ្ញាណក្ខន្ធសពឱ្យទៅចាប់កំណើតថ្មីកុំឱ្យនៅចាំកន្លែងស្លាប់ ដែលគេហៅថា ជើងកបនោះ ៕



ចែករំលែកព័តមាននេះ