ខេត្តកំពង់ចាម ៖ ជនសង្ស័យ៣នាក់បានត្រូវសមត្ថកិច្ចប៉ូលិសចាប់ខ្លួនជាបន្តបន្ទាប់នៅព្រឹកថ្ងៃទី៦ និង៧ សីហា ពីបទព្រួតគ្នាវាយ និងកាប់ប្រហារបុរសម្នាក់ឈ្មោះ គឹម អេង អាយុ៥១ឆ្នាំ រស់នៅភូមិផ្ទះកណ្តាលក្រោម ឃុំផ្ទះកណ្តាល ស្រុកស្រីសន្ធរ ក្នុងខណៈពេលចេញទៅចាំស្រូវប្រាំងនៅខាងត្បូងភូមិចម្ងាយប្រហែល៤គីឡូមែ៉ត្រពីផ្ទះ ។
លោកវរសេនីយ៍ទោ សាន សុភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តប្រាប់ឱ្យដឹងថា ជនសង្ស័យទាំង៣នាក់នេះ រួមមាន ១-ឈ្មោះ សឿង ស៊ុយ ភេទប្រុស អាយុ៣៧ឆ្នាំ ២-ឈ្មោះ សឿង សូត ភេទប្រុស អាយុ២៧ឆ្នាំជាប្អូន និង៣-ឈ្មោះ ចក់ ចាប ភេទប្រុស អាយុ៣១ឆ្នាំ ។ អ្នកទាំងបីនាក់រស់នៅភូមិជើងដឹក ឃុំប្រាំយា៉ម ស្រុកស្រីសន្ធរ។
លោកវរសេនីយ៍ទោបានបន្តទៀតថា កាលពីព្រឹកថ្ងៃទី៥ សីហា បុរសរងគ្រោះចេញពីផ្ទះទៅដេកចាំស្រូវប្រាំង នៅចំណុចទួលសំបូរ ដើម្បីការពារកុំឱ្យគោក្របីចូលស៊ីស្រូវ ។ នៅព្រឹកនោះដែរ ជនសង្ស័យទាំង៣នាក់ខាងលើបានដឹកក្របីម្នាក់១នឹម ឱ្យស៊ីស្មៅនៅក្បែរនោះ ហើយក៏បបួលគ្នា ទិញស្រាយកមកផឹកដោយឈ្មោះស៊ុយ បានទៅបាចត្រីយកមកក្លែមស្រាអស់១លីត្រកន្លះ ។ ខណៈពេលកំពុងផឹក ស្រាប់តែក្របីដើរទៅស៊ីស្រូវរបស់បុរសរងគ្រោះ ហើយបុរសរងគ្រោះក៏ដើរមកស្តីបន្ទោសឱ្យក្នុងអាការខឹងសម្បា ។ លុះនៅវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃដដែល ជនទាំងបីនាក់ដឹកក្របីតាមភ្លឺស្រែរបស់បុរសរងគ្រោះ ក៏មានការឈ្លោះប្រកែកគ្នាតឹងសរសៃករៀងៗខ្លួន រំពេចនោះបុរសរងគ្រោះឈ្មោះអេង យកដងរែកវាយសំពង ត្រូវស្មាឈ្មោះស៊ុយ ផ្នែកខាងឆ្វេង ទើបបុរសឈ្មោះ ស៊ុយ ស្ទុះយកដំបងមែកពុទ្រាមកសំពងតបលើអ្នករងគ្រោះវិញ ចំណែកបក្សពួក២នាក់ទៀតមានកាំបិតនិងចបក៏កាប់ត្រូវផ្ទៃមុខបុរសរងគ្រោះឡើងខ្ទេចមើលមិនយល់ ស្លាប់ក្នុងថ្លុកឈាម ។
លោកវរសេនីយ៍ឯក ជឹម សេងហុង ស្នងការរងនគរបាលខេត្តបានឱ្យដឹងថា តាមរយៈវត្ថុតាងមានមួក១ ដំបងពុទ្រា៣ណាត់ ដែកកេះ១ ដែលតាមការស្រាវជ្រាវយ៉ាងល្អិតល្អន់ដឹងថា ជាមួករបស់ឈ្មោះ ស៊ុយ ទើបឈានទៅចាប់ខ្លួនបានបន្តបន្ទាប់ទាំង៣នាក់ នៅព្រឹកថ្ងៃទី៦ និង៧ សីហា រួចបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕


ចែករំលែកព័តមាននេះ