រាជធានីភ្នំពេញ ៖ ចោរប្លន់២នាក់ត្រូវបានប៉ូលិសតាមប្រមាញ់ចាប់ និងជាន់.កជាប់បានចំនួន២នាក់ក្រោយពីពួកគេធ្វើសកម្មភាពវាយស្ត្រីបម្រើការងារខារ៉ាអូខេម្នាក់ប្លន់យកខ្សែ.ក ខ្សែដៃ និងកាបូបលុយ ខណៈពេលដែលស្ត្រីរងគ្រោះចេញពីធ្វើការនៅខារ៉ាអូខេ កាលពីវេលាម៉ោង២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ សីហា ២០១២ នៅចំណុចមុខខ្លោងទ្វារវត្តទឹកថ្លា តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ស្ត្រីរងគ្រោះឈ្មោះហាក់ ស្រីកា អាយុ២៥ឆ្នាំ ជាអ្នកបម្រើការងារនៅហាងខារ៉ាអូខេឌីយាម៉ង់ តាមបណ្តោយផ្លូវលេខ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវជនល្មើសវាយប្លន់រហូតរហែកអាវ និងរងរបួសថែមទៀត ។ មន្ត្រីប៉ូលិសប្រតិបត្តិការតាមប្រមាញ់ចាប់ខ្លួនចោរប្លន់ទាំង២នាក់ខាងលើបានឱ្យដឹងថា មុនពេលកើតហេតុស្ត្រីរងគ្រោះជិះម៉ូតូឌុបម៉ាកសង់កូរ៉េចេញពីកន្លែងធ្វើការ ដោយមកឈប់នៅចំណុចកើតហេតុខាងលើបម្រុងដើរចូលទៅក្នុងផ្ទះ ស្រាប់តែមានម៉ូតូចំនួន២គ្រឿងប្រភេទគុបមូល និងគុបជ្រុង ជិះគ្នា៤នាក់ ។ មន្ត្រីប៉ូលិសឱ្យដឹងទៀតថា ពេលនោះជនល្មើស២នាក់ជិះម៉ូតូគុបមូលបានចុះមកធ្វើសកម្មភាពវាយទៅលើស្ត្រីរងគ្រោះដោយទាញយកខ្សែ.ក ខ្សែដៃ និងកាបូបលុយ ខណៈនោះស្ត្រីរងគ្រោះបានប្រវាយប្រតប់ជាមួយជនល្មើស ប៉ុន្តែមិនឈ្នះ ហើយជនល្មើសក៏បានយកទ្រព្យសម្បត្តិរបស់ស្ត្រីរងគ្រោះនាំគ្នាឡើងជិះម៉ូតូចូលតាមផ្លូវលំមួយ ខាងលិចវត្តទឹកថ្លាបាត់ក្រោយមកទើបស្វែងរកចាប់ខ្លួនបាន ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕



ចែករំលែកព័តមាននេះ