រាជធានីភ្នំពេញ ៖ ក្នុងភាពជាស្ត្រីមេម៉ាយនាង កែវ ពេជ្រពិសី បិទបេះដូងមួយរយៈ គឺមិនគិតពីរឿងស្នេហាទៀតទេ ។ ពេលនេះអ្វីដែលនាងយកចិត្តទុកដាក់ គឺការងារសិល្បៈ ដើម្បីកសាងប្រជាប្រិយភាពឡើងវិញ ។នាពេលថ្មីៗនេះ នាងកែវ ពេជ្រពិសី និយាយថា នាងមានតែស្នេហានៅក្នុងខ្សែរឿងវីដេអូភាគប៉ុណ្ណោះ ចំណែកនៅក្រៅសាច់រឿងគឺគ្មានទេ ។ ពិសីសម្តែងជាតួឯក និងជាគូស្នេហ៍ជាមួយតួអង្គលោកអូន ឧស្សាហ៍ ក្នុងខ្សែរឿងមនោសញ្ចេតនា«ពន្លកស្នេហ៍ក្បែរជាយដែន»របស់ស្ថានីយទូរទស្សន៍បាយ័ន ។
ខ្សែវីដេអូភាគរឿង«ពន្លកស្នេហ៍ក្បែរជាយដែន» ដែលនិទានពីជីវិតកងទ័ពការពារទឹកដីនៅតំបន់ព្រះវិហារ ទើបតែថតចប់កាលពីចុងខែកក្កដា កន្លងទៅ និងកំពុងចាក់ផ្សាយនៅស្ថានីយទូរទស្សន៍បាយ័ន ។នារីដែលរៀបការនៅចុងឆ្នាំ២០០៩ និងបែកបាក់គ្នាទៅវិញនៅដើមឆ្នាំ២០១០ រូបនេះ«តទៅទំព័រទី១៩»និយាយថា «ក្រៅពីស្នេហានៅក្នុងសាច់រឿងភាគ នៅខាងក្រៅមិនមានទេ ព្រោះនាងខ្ញុំជាស្ត្រីមេម៉ាយ ។ នាងខ្ញុំមិនដែលគិតរឿងស្នេហាអ្វីទៀតទេ គឺសុំបិទបេះដូងមួយរយៈសិនចុះ ។
នាងខ្ញុំខិតខំបន្តកសាងកេរ្តិ៍ឈ្មោះឡើងវិញសិន ។ លើសពីនេះនាងខ្ញុំខិតខំបង្កើនល្បឿនមុខរបររកស៊ីឱ្យកាន់តែរលូនទៅមុខតទៅទៀត។ ក្រោយពីបែកបាក់ពីស្វាមី នាងខ្ញុំគ្មានស្នេហាថ្មីទៀតទេ ដូច្នេះទុកឱ្យព្រហ្មលិខិតជាអ្នកកំណត់ចុះ គឺដល់គូព្រេងពេលណារៀបការម្តងទៀតឱ្យគគ្រឹកគគ្រេង» ។
អាពាហ៍ពិពាហ៍ដែលប្រេះបែកបាក់ទៅហើយ កែវ ពេជ្រពិសី មិនដែលនឹកគិតទេ ដោយនាងចាត់ទុកថារឿងរ៉ាវស្នេហ៍ចាស់ប្រៀបដូចសុបិន ។ នាងបានជីករណ្តៅកប់ស្នាមអតីតកាលនោះចោលហើយ ។ទន្ទឹមនឹងការខំបញ្ចេញរស្មីតាមរយៈរឿងភាគនៅស្ថានីយទូរទស្សន៍បាយ័នស្តារកេរ្តិ៍ឈ្មោះឡើងវិញ ក្រោយពីស្ងប់ស្ងាត់មួយរយៈមកនេះ កែវ ពេជ្រពិសី ក៏បង្ហាញមុខក្នុងនាមជាពិធីការិនីក្នុងនាទី«តារារយពាន់» របស់ស្ថានីយទូរទស្សន៍ដដែលនេះដែរ ។
កែវ ពេជ្រពិសី រំពឹងថា តាមរយៈការសម្តែងក្នុងរឿងភាគថ្មី និងការងារជាពិធីការិនីទូរទស្សន៍នេះនឹងរុញប្រជាប្រិយភាពនាងឱ្យខ្ពស់ត្រដែតឡើងវិញ ។ មានអាជីពចាស់ពីរផ្សេងទៀតសម្រាប់នាងកែវ ពេជ្រពិសី គឺផ្នែកបង្ហាញម៉ូដ និងសំអាងការ ។នាងកែវ ពេជ្រពិសី បានកសាងកេរ្តិ៍ឈ្មោះខ្ពស់ត្រដែតតាមរយៈទេពកោសល្យនៃការសម្តែងភាពយន្ត ។ ក្នុងវិស័យសិល្បៈភាពយន្តកន្លងមក នារីស្អាតម្នាក់នេះបានចូលរួមសម្តែងជាច្រើនរឿងទាំងរឿងភាគចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ ទាំងរឿងសម្រាប់ដាក់បញ្ចាំងនៅតាមរោងភាពយន្ត ។
តារាសម្តែងបែបមនោសញ្ចេតនាមួយដួងនេះបានគ្រងសម្លៀកបំពាក់អាពាហ៍ពិពាហ៍នៅចុងឆ្នាំ២០០៩ តែមិនបានប៉ុន្មានផង នាងលៈលាពីជីវិតគូវិញ ។ នាងទទួលយកឈ្មោះជាស្ត្រីមេម៉ាយ តែរំពឹងថានឹងបានល្អប្រសើរនៅពេលក្រោយ ។ក្រោយពេលអាប់រស្មីមួយរយៈកន្លងមក ពេលនេះកែវ ពេជ្រពិសី ប្រឹងរះក្នុងវេហាស៍សិល្បៈ ប្រាថ្នាមានរស្មីភ្លឺចិញ្ចាចឡើងវិញ៕






ចែករំលែកព័តមាននេះ