រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ជិះម៉ូតូជាមួយប្តីត្រូវចោរឆក់ខ្សែ.កនៅម្តុំរង្វង់មូលវត្តភ្នំក្នុងខណ្ឌដូនពេញ ហើយត្រូវសាច់ញាតិ និងប្តីស្ត្រីរងគ្រោះជិះម៉ូតូដេញតាមរហូតធ្វើឱ្យចោរអស់លក្ខណ៍ផ្តួលម៉ូតូចោលនៅកណ្តាលផ្លូវរត់គេចខ្លួនបាត់ស្រមោល តាមបណ្តោយផ្លូវលេខ១៣២ ក្នុងក្រុម១០៩ ភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក កាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី៨ សីហា ។
ប្រភពព័ត៌មានពីជនរងគ្រោះឱ្យដឹងថា មុនពេលកើតហេតុពីរនាក់ប្តីប្រពន្ធជិះម៉ូតូស្គូពី ពណ៌ផ្កាឈូក ដើរលេងម្តុំរង្វង់មូលវត្តភ្នំ ដោយមានបងប្អូនជិះម៉ូតូ២ទៅ៣គ្រឿងទៀត ខណៈពេលកំពុងជិះស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូស្មាស ពណ៌ខ្មៅ ធ្វើសកម្មភាពឆក់ខ្សែ.កប្លាទីនទម្ងន់២ជីកន្លះ តែឆក់បានមួយកំណាត់ប៉ុណ្ណោះ ដោយសារស្ត្រីរងគ្រោះយកដៃខ្ទប់បានមួយកំណាត់មកវិញ ។ ភ្លាមៗបុរសជាប្តីបានជិះម៉ូតូដេញតាមធ្វើឱ្យជនសង្ស័យភ័យផ្តួលម៉ូតូចោលនៅកណ្តាលផ្លូវ ហើយរត់គេចចូលតាមផ្លូវបេតុងងងឹតមួយបាត់ស្រមោល ។ បន្ទាប់ពីជនសង្ស័យផ្តួលម៉ូតូចោលនៅកណ្តាលផ្លូវជនរងគ្រោះបានរត់ប្តឹងទៅប៉ូលិសមូលដ្ឋានយកម៉ូតូជនសង្ស័យទៅរក្សាទុកនៅប៉ុស្តិ៍បឹងកក់២ ខណ្ឌទួលគោក តាមស្រាវជ្រាវរកមុខជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ