ខេត្តកំពង់ចាម ៖ ក្រុមអ្នកញៀននឹងល្បែងបញ្ជល់មាន់ដែលមានគ្នាប្រមាណ៦០នាក់ បានរត់បែកខ្ញែកពីសង្វៀនបញ្ជល់មាន់មួយកន្លែងនៅភូមិលេខ៦ ឃុំអំពិលតាពុក ស្រុកអូររាំងឪ កាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី១៤ មីនា។ ប៉ុន្តែត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលដេញតាមប្រមាញ់ចាប់បាន៤នាក់ ក្នុងនោះរួមទាំងម្ចាស់សង្វៀនផងដែរ ។
តាមប្រភពពីលោកវរសេនីយ៍ត្រី ចាន់ ហោ នាយរងការិយាល័យកណ្តាលយុត្តិធម៌នៃស្នងការនគរបាលខេត្តបានប្រាប់ថា ដោយទទួលបញ្ជាពីលោកឧត្តមសេនីយ៍ត្រី នួន សាមិន ស្នងការនគរបាលខេត្ត និងលោកវរសេនីយ៍ឯក ជឹម សេងហុង ស្នងការរងនគរបាលខេត្ត ទទួលផែនកណ្តាលយុត្តិធម៌ បានចាត់ឱ្យរូបលោក (ចាន់ ហោ) និងលោកវរសេនីយ៍ត្រី មិន សុគន្ធវិបុល នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ចុះទៅ បង្ក្រាបសង្វៀនបញ្ជល់មាន់នៅស្រុកអូររាំងឪ ។ លោកវរសេនីយ៍ត្រី ចាន់ហោ បន្តថាក្នុងប្រតិបត្តិការចុះបង្ក្រាបនេះបានចូលរួមដោយលោកផាន់ សុភក្រ្ត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តផងដែរ ។ គ្រាន់តែឃើញរថយន្តរបស់កម្លាំងនគរបាលទៅដល់ពីចម្ងាយក្រុមអ្នកញៀននឹងល្បែងបញ្ជល់មាន់បាននាំគ្នារត់ប្រសាចចូលទៅក្នុងព្រៃគេចខ្លួន ។ ទោះជាបែបណា ក៏សមត្ថកិច្ចដេញចាប់បាន៤នាក់ដែរ រួមមាន ១-ឈ្មោះប៉ា អ៊ិ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិលេខ៤ ឃុំអំពិលតាពក ស្រុកអូររាំងឪ ២-ឈ្មោះផេង ទ្រី ភេទប្រុស អាយុ៤៤ឆ្នាំ ៣-ឈ្មោះប៊ុន ប៉ាល់ ភេទប្រុស អាយុ៦៥ឆ្នាំ ជាម្ចាស់សង្វៀន និង៤-ឈ្មោះថេង សុខខេង ភេទប្រុសអាយុ២៥ឆ្នាំ ទាំងបីនាក់នេះ រស់នៅភូមិលេខ៥ ឃុំអំពិលតាពក។ សមត្ថកិច្ចដកហូតបានរួមមានមាន់គកចំនួន៥ក្បាល ម៉ូតូ៩គ្រឿង និងជញ្ជីងថ្លឹងមាន់១ ។
ម្ចាស់សង្វៀនបញ្ជល់មាន់ឈ្មោះប៊ុន ប៉ាល់ បាននិយាយថា គាត់បានចាប់ផ្តើមបើកលេងរយៈពេល១ខែមកហើយ ក្នុង១សប្តាហ៍លេងបញ្ជល់មាន់១ថ្ងៃទៅ២ថ្ងៃ ហើយ១គូភ្នាល់ដាក់លុយមិនតិចជាង១០ម៉ឺនរៀលនោះទេ តាមការកត់សំគាល់អ្នកមកលេងភាគច្រើនគឺរស់នៅស្រុកអូររាំងឪនេះតែម្តង ។ លោកវរសេនីយ៍ឯក ជឹម សេងហុង ស្នងការរងនគរបាលខេត្តបានបញ្ជាក់ថា បុរស៤នាក់ដែលឃាត់ខ្លួនបាននេះត្រូវបញ្ជូនទៅកាន់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ