ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ជប៉ុន​នឹង​​អន្តរាគមន៍​ដើម្បី​ទម្លាក់​ថ្លៃ​ប្រាក់​យ៉េន​ឬ​ទេ​?

13 ឆ្នាំ មុន

ខណៈដែល​បណ្តាទីផ្សារ​នានានៅ​តែផ្តោត​លើ​ធនា​គារ​​កណ្តាល​អឺរ៉ុបនិង​ធនាគារ​កណ្តាល​អាមេរិក​នៅ​សប្តាហ៍​នេះ ​ធនាគារ​កណ្តាលធំ​ៗផ្សេង​ទៀតដែល​គេមិនបាន​ចាប់អារម្មណ៍​​នោះ​គឺ​ប្រហែល​ជាធនាគារ​កណ្តាលរបស់​ជប៉ុន។ ក្រុម​មន្ត្រី​របស់ជប៉ុន​បាននាំគ្នា​បង្កើនការ​ជជែក​​វែក​ញែក​លើការ​ឡើងថ្លៃ​របស់ប្រាក់​យ៉េន​ក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​នេះ ។

លោកយូស៊ី ហ៊ីសា​ម៉ូរីម៉ូតុ​ ដែលជា​សមាជិ​ក​ក្រុមប្រឹក្សា​​ធនាគារបា​ន​និយាយថា​ លោក​កំពុង​ពិនិត្យ​មើលផលប៉ះ​ពាល់នៃ​វិបត្តិ​សេដ្ឋ​កិច្ច​សាកល​យ៉ាង​ប្រុងប្រយ័ត្ន​ និងរូបិយ​វត្ថុឡើង​ថ្លៃនៅ​ក្នុង​សេដ្ឋកិច្ច​របស់ជប៉ុន ។ គំនិតយោ​បល់នេះ​ធ្វើ​ឡើង ​បន្ទាប់​ពីរដ្ឋ​មន្រ្តីហិរញ្ញ​វត្ថុជប៉ុន​លោក​ជុន អាស៊ូមី ​បានចេញការ​ព្រមាន​ដដែលៗ​ថា​ ជប៉ុន​អាច​អន្តរាគមន៍​ដើម្បីទម្លាក់​ថ្លៃប្រាក់​យ៉េន​បន្ទាប់​ពី​រូបិយ​វត្ថុនេះ​ឡើងថ្លៃ​ខ្ពស់រយៈ​ពេល២​ខែ​ធៀប​នឹ​ង​ប្រាក់ដុល្លារ​​ដល់ទៅ​៧៧,៩០​យ៉េន​ក្នុង​១​ដុល្លារ ។

លោក Mitul Kotecha ប្រធាន​យុទ្ធ​សាស្ត្រ​រូបិយ​វត្ថុសាកល​ប្រចាំស្ថាប័ន​Credit Agricole និយាយ​ថា​ ​យើងបាន​ទទួល​គំនិតយោ​បល់ជា​ច្រើនពី​សំណាក់ក្រុ​មមន្រ្តី​ជប៉ុន​ ប្រសិន​បើ ​យើង​ឃើញ​ថា​ ការផ្លាស់ប្តូ​ររវាង​ប្រាក់​ដុល្លារ​និង​ប្រាក់​យ៉េន ​ស្ថិតក្រោម​៧៨​បាននិ​ង​កំពុង​អូសបន្លាយ​រយៈ​ពេល​យូរ​នោះ ​ហានិភ័យ​នៃការ​អន្តរាគមន៍​កាន់តែ​ខ្ពស់។ ក្តីបារម្ភ​ជាច្រើន​ចំពោះ​ ​អនាគត​នៃសេដ្ឋ​កិច្ច​សាកល​និងវិបត្តិ​នៅ​អឺរ៉ុប​បាន​ជំរុញ​​ឲ្យក្រុម​វិនិ​យោ​គិនបែរ​​មករក​សញ្ញា​ប័ណ្ណរបស់​ជប៉ុន​និង​ប្រាក់​យ៉េនជំនួ​ស​វិញ​ ​ម៉្លោះហើយ​បាន​ជា​ធ្វើឲ្យ​រូបិយ​វត្ថុនេះ​ឡើង​ថ្លៃ​ ​ថែមទាំង​ធ្វើ​ឱ្យ​​ប៉ះពាល់​ដល់​ការ​នាំចេញ​របស់​ជប៉ុនទៀត​ផង។​

គួរ​បញ្ជាក់​​​​ថា ​កាលពី​ខែវិច្ឆិកា​ឆ្នាំមុន ​ជប៉ុន​បាន​​ធ្វើ​​​អន្តរា​គមន៍​​នៅ​ក្នុង​ទីផ្សារ​​រូបិយ​វត្ថុម្តង​​រួចហើយ​ ​ដោយ​ចំណាយ​​ទឹកប្រាក់​​អស់១​លានលាន​យ៉េន ស្មើនឹង​១៣ពាន់​លាន​ដុល្លារ​អាមេរិក ៕