ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គម​ស៊ីវិល​ជំរុញ​ដល់​អាជ្ញាធរ​ចាត់វិធាន​ការ​បង្ក្រាប​ការ​ឈូស​ឆាយ​ព្រៃ​លិច​ទឹក​

13 ឆ្នាំ មុន

ខេត្តសៀម​រាប​ ៖ ក្រុម​មន្ដ្រី​សង្គម​ស៊ី​វិល​បាន​ទ​ទូ​ច​ដល់​អា​ជ្ញា​ធរ​ខេត្ត ​​​ឱ្យ​ចាត់​វិធាន​ការ​​ទៅ​លើ​ក្រុម​ជនល្មើស ដែល​​​ឃុបឃិត​គ្នា​រំលោភ​ឈូស​​​ឆាយ​​​ដី​ព្រៃ​លិច​ទឹក ​។ ​​ការស្នើ​ឡើង​​នេះ​ ​គឺ​​បន្ទាប់​ពី​​​មាន​​ការ​បង្ក្រាប​​មួយ​ឈុត​​កាលពី​ខែ​មុខ​​​​​ទៅលើ​ក្រុម​មន្ត្រី​​៦​នាក់​ ដែល​ឃុបឃិត​គ្នា​ឈូស​ឆាយ​ដីព្រៃ​លិចទឹក​ក្នុងបឹង​ទន្លេ​សាប​​ ដោយ​អាជ្ញាធរ​​ជាតិ​ដោះ​ស្រាយ​​ជម្លោះ​ដី​ធ្លី​​បាន​សហ​ការ​​​​ជាមួយ​​បញ្ជាការ​ដ្ឋាន​​កងរាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​​ ​។

ក្រុ​ម​មន្ត្រី​​អង្គ​ការ​សង្គម​ស៊ី​វិល​​បាន​ស្នើ​​​បែប​នេះ​​​កា​លពី​រសៀល​ថ្ងៃ​ទី​០២ ​សីហា ​គឺ​ក្រោយ​ពេល​លោក​ស៊ូ ​ភិ​រិ​ន្ទ ​អភិបាលខេត្ដ​​ ​​ដឹកនាំ​មន្ដ្រី​ក្រោម​​ឱវាទ​មួយ​ក្រុម​ចុះ​ទៅ​ត្រួតពិនិត្យ​ជាក់​ស្ដែង​​ពី​ស្ថានភាព​រំលោភ​ឈូ​ស​ឆាយដី​ព្រៃ​លិច​ទឹក​ទំហំ​ជាង​៥០​ហិ​ក​តា​ ​នៅ​តំបន់​អក.​ស ​ក្នុងភូមិ​ត្រ​ពាំង​​ទឹម ​ឃុំ​​ក​ណ្ដែ​ក ​ស្រុក​ប្រាសាទ បាគង ​ប៉ុន្ដែ​​ជា​លទ្ធផល​បាន​ត្រឹមតែ​​បញ្ជា​ផ្ទាល់មាត់​ឱ្យ​មន្ដ្រី​ថ្នាក់​ក្រោម​រក្សា​ស្ថានភាព​ដី​ដែល​ត្រូវ​ឈូស​​ឆាយ​បាត់​ទៅ​​ហើយ​នោះ​ឱ្យ​នៅ​ដដែល​តែ​ប៉ុណ្ណោះ​ ។

មន្ត្រី​​ស៊ើប​អង្កេត​សមាគម​ការពារ​សិទ្ធ​ិ​មនុស្ស​អា​ដ​ហុ​ក​ប្រចាំ​ខេត្ដសៀមរាប​ ​ដែល​បាន​ចុះ​ ទៅ​ធ្វើ​ការ​ស៊ើបអង្កេត​ដល់​តំបន់​ដី​ព្រៃ​លិច​ទឹក​ដែល​ត្រូវ​ជន​មួយ​ក្រុម​រំលោភ​ឈូ​ស​ឆាយ​នោះ​បាន​ថ្លែង​កាលពី​រសៀល​ថ្ងៃ​ទី​២ សីហា ​​​ថា ​ករណី​រំលោភ​ឈូស​ឆាយ​​​ដី​ព្រៃ​លិច​ទឹក​ថ្មី​ៗ​នេះ​នៅ​ខេត្ដ​សៀមរាប ​វា​ប្រហាក់ប្រហែល​ទៅ​នឹង​​ការ​​រំលោភ​​នៅ​ខេត្ដកំពង់​ធំ​ដែរ ​ហើយ​​ករណី​​នៅ​​​ខេត្ដកំពង់ធំមាន ការ​​​ចាត់​វិ​ធាន​ការ​តាម​ផ្លូវច្បាប់​បាន​ប្រសើ​រជាង​ ​រហូត​ដល់​មានការ​ចាប់​អ្នក​ប្រព្រឹត្ត ​និង​អ្នក​ពាក់​ព​ន្ធ័​ចំនួន៦​នាក់​យក​មក​ផ្ដន្ទា​ទោស​​ថែម​ទៀត ​។ ​​

លោក​បាន​បន្ថែម​ថា តាម​ការ​ចុះ​អង្កេត ​និង​សាក​សួរ​​​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​តំបន់​អក.ស ​ជា​​​កន្លែង​កើត​មាន​អំពើ​រំលោភ​ដី​ព្រៃ​លិច​ទឹក​ គឺសកម្មភាព​រំលោភ​​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ណា​ស់ ​ដែល​គួរ​​តែ​សមត្ថកិច្ច​ពាក់​ព័ន្ធ​​ ​រួម​មាន​​ក្រសួង​ធនធាន​ទឹក ​និង​រដ្ឋបាល​ជលផល ក៏​​ដូច​ជា​អាជ្ញា​ធរ​ខេត្ដ ​សហការ​ចុះ​ទៅ​ពិនិត្យ​ឱ្យ​បាន​ជាក់ស្ដែង ​និង​​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ទៅ​លើ​ក្រុម​អ្នក​ប្រព្រឹត្ត​​កំហុស​ទាំងអស់​​​​​​​ឱ្យ​បាន​ឆាប់​ចៀស​វាង​ពួក​គេ​បន្ដ​ធ្វើ​សកម្មភាព​បន្ថែម​ទៀត។ លោក​បាន​បន្ដ​ថា ព្រៃ​លិច​ទឹកជា​ជម្រក​មច្ឆជាតិ​គ្រប់​ប្រភេទ​ពង​-​កូន ​ស្ថិត​នៅ​ក្រោម​ការ​​គ្រ​ប់​​​គ្រង​របស់​រដ្ឋ​មិន​អាច​ឱ្យ​បុគ្គល​ណា​ម្នាក់​ ឬ​​ក្រុម​ណា​មួយ​​​ទៅ​រំលោភ​ទន្ទ្រាន​កាន់កាប់​បាន​ទេ ​ជា​ពិសេស​​​កា​ល​ពី​ពេល​កន្លង​ទៅ​សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​ ហ៊ុន ​សែន ​នាយក​រដ្ឋមន្ដ្រី​ក៏​បាន​ចេញ​​បទបញ្ជា​យ៉ាង​ម៉ឺង​​មាត់​បំផុត​​ដែរ ​ហើយ​​ការ​រំលោភ​ខាងលើ​គឺជា​ករណី​​ថ្មី​ ​។

ទាក់ទិន​ទៅ​នឹ​ង​បញ្ហា​ខាងលើ​ ​កាលពី​ថ្ងៃ​ទី​​១ សីហា ​ឆ្នាំ​២០១២ ​អភិបាលខេត្ដ​សៀមរាប លោក​ស៊ូ ​ភិ​រិ​ន្ទ ​បាន​ដឹកនាំ​មន្ដ្រី​ក្រោម​ឱវាទ​​​​ ​រួម​មាន​មន្ដ្រី​មន្ទីរ​ធនធាន​ទឹក មន្ត្រី​​រដ្ឋបាល​ជលផល ​និង​មន្ដ្រី​អាជា្ញ​ធរ​ស្រុក​ប្រាសាទបាគង ព្រម​ទាំង​មន្ដ្រី​កងកម្លាំង​​ពាក់​ព​ន្ធ័​ជា​ច្រើន​នាក់​ទៀត​ ​ចុះ​ទៅ​ដល់​តំបន់​អក.​ស ​ក្រោម​ទំ​នប់​​​៧៨​​ ក្នុង​ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង ​ដែល​​​បាន​​រង​នូវ​ការ​ឈូស​ឆាយ​យ៉ាង​រង្គាល ​​។ ​នៅ​ក្នុង​ឱកាស​នោះ​ ​លោក​ស៊ូ ភិ​រិ​ន្ទ ​បាន​មាន​ប្រសាសន៍​ថា ការ​ឈូស​ឆាយ​ដី​​ព្រៃ​លិច​ទឹក​នោះ​​​ធ្វើ​ឡើង​​នៅ​អំឡុង​ដើមខែ​មិថុនា ឆ្នាំ​២០១២ ​គឺ​ថ្ងៃ​ទី​២ ទី​៣ ខណៈ​អាជ្ញាធរ​និង​មន្ដ្រី​ជំនាញពាក់​ព័ន្ធ​​បាន​​ស្វះ​ស្វែងរក​វិធានការ​ខ្លាំង​បំផុត​ក្នុង​ការ​គោរព​​តាម​បទបញ្ជា​ដ៏​ខ្ព​ង់​ខ្ពស់​របស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ​ ហ៊ុន សែន ​ដែល​បាន​ដាក់​ចេញ​នូវ​បទបញ្ជា​ឱ្យ​មានការ​ការ​ពារ​ដែន​ព្រៃ​លិច​​ទឹកជា​ជម្រ​ក​ត្រី​ពង​-​កូន។ ​កន្លង​មក​ ប្រជាពលរដ្ឋ​បាន​ផ្ដិត​មេដៃ​ក្នុង​ការ​បញ្ឈប់​សកម្ម​ភាព​​រុករាន​ព្រៃ​លិច​ទឹក​​នេះ​​ ​និង​ចូល​​រួម​ការពារ​ផង​​ដែរ​ ​។

ថ្វីបើ​យ៉ាងនេះ​ក្ដី​ ​លោក​​​មិន​បានឱ្យ​មាន​ចំណាត់ការ​ភ្លាម​ៗ​ទៅ​លើ​ក្រុម​អ្នក​ប្រព្រឹត្ត​​​ល្មើស​​​ច្បាប់ ​និង​បទបញ្ជា​របស់​​សម្តេច​តេជោ​នាយក​រដ្ឋមន្ដ្រី​នោះ​​ទេ ​គ្រាន់តែ​ចេញ​បញ្ជា​ផ្ទាល់មាត់​រក្សា​តំបន់​នោះ​​ឱ្យ​នៅ​ស្ថាន​ភាព​ដដែល ​ចំពោះ​ការ​ធ្វើ​​​យ៉ាង​ណា​​ៗ​ នឹង​មាន​ការ​​ពិភាក្សា​ជាមួយ​ស្ថា​ប​ន័ពាក់​ព័​ន្ធ​​​ទៀត​។យោង​​តាម​ពាក្យបណ្ដឹង​​របស់​តំណាង​អ្នក​ភូមិ​ទាំង​បួន​រួម​មាន​ភូមិ​ត្រ​ពាំង​ទឹម ​ភូមិ​ល្អក់ ​ភូមិ​ឃុន​មោក និង​ភូមិ​ធ្លក ​ក្នុង​ឃុំ​ក​ណ្ដែ​ក ​ស្រុក​ប្រាសាទ​បា​គង​ គឺ​លោក​គុំ សា​រ៉​ន ​អាយុ​៧០​ឆ្នាំ ​បាន​​ភ្ជាប់​​​មក​​ជាមួយ​នូវ​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ចំនួន​​១៦៩​​នាក់ ដែល​បាន​ប្ដឹង​មក​សមា​គម​​​អា​ដ​ហុ​ក​​ប្រចាំ​ខេត្ដសៀមរាប ​ឱ្យ​ជួយ​អន្ដរាគមន៍​​បង្ហាញ​ថា​ ​មាន​មនុស្ស​ចំនួន​១៤​នាក់​ ​មានការ​ពាក់​ព័ន្ធ​នៅ​ក្នុង​សកម្មភាព​រំលោភ​កាន់កាប់​ដី​ព្រៃ​លិច​ទឹកដ៏​​​មាន​ទំហំ​ធំធេង​នោះ ប៉ុន្ដែ​គេ​បាន​បញ្ចេញ​​ឈ្មោះ​តែ​ពីរ​នាក់​ប៉ុណ្ណោះ ​គឺ​ឈ្មោះ​ពុ​យ ​ហើយ ​ជា​​ជំនួយការ​មេឃុំ​ក​ណ្ដែ​ក​ ​​និង​ឈ្មោះ​​ខាំ លួស ​​មេ​ភូមិ​ត្រ​ពាំង​​​ទឹម​ ​និង​​ត្រូ​វ​ជា​ប្អូន​ប្រុស​បង្កើត​លោក​មេឃុំ​​កណ្តែក​។

បន្ថែ​ម​​ពីលើ​នោះ​ ​កាលពី​ថ្ងៃ​ទី​១៨ ​​ក​ក្កដា ឆ្នាំ​២០១២ ប្រជា​ពល​រដ្ឋ​​ចំនួន​៧​នាក់​ ជា​​តំណាង​ឱ្យ​ប្រជាពលរដ្ឋ​ចំនួន៥​ភូមិ ដោយ​មាន​​​ស្នា​មមេដៃ​ប្រជាពលរដ្ឋ​រហូត​ដល់​២៥៨​នាក់ ​នៅ​ភូមិ​ទាំង​៥​ខាងលើ​ដូច​គ្នា ​ក៏បាន​ដាក់​ពាក្យ​បណ្ដឹង​មក​លោក​ស៊ូ ​ភិ​រិ​ន្ទ ​អភិ​បាល​ខេត្ដ​សៀម​រាប​ ​ឱ្យជួយ​អន្ដរាគមន៍​ទាមទា​រ​​ដី​ព្រៃ​លិ​ច​ទឹក​ ដែល​​​ត្រូវ​បាន​​​​បក្សពួក​ខាង​លើ​​រំលោភ​ឈូស​ឆាយ ​យក​មក​ទុក​ធ្វើ​សម្បត្ដិ​រដ្ឋ​វិញ​ដែរ​។​ ពួក​គាត់​​បាន​អះអាង​​​ថា ​​ដី​ទាំងនោះ​គឺជា​ដី​ព្រៃ​លិច​ទឹកជា​រៀង​រហូត​មក​​ ​ពុំ​​​ដែល​ឃើញ​មានការ​ធ្វើស្រែ​ប្រដេញទឹក​​ទេ​ ​ពី​មុន​មក​​​​​ ។​ រហូតមកដល់ថ្ងៃនេះមិនទាន់មានចំណាត់​ការបែបណានៅឡើយទេ ៕