ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាប់​ខ្លួន​មន្ត្រី​4​នាក់​

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង៦​ល្ងាច​ថ្ងៃ​ទី​៨ សីហា អង្គ​ភាព​​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​នាំ​ខ្លួន​​មន្ត្រី​ក្រសួង​រៀប​ចំ​ដែន​ដី​ នគរូបនី​យ​កម្ម និង​សំណង់​៤​នាក់ទៅ​កាន់​សាលា​ដំបូង ។ ការ​ចាប់​ខ្លួន​មន្ត្រី​​៤​នាក់​នេះ​បាន​ធ្វើ​​ឱ្យ​មាន​ការ​​ចាប់​​អារម្មណ៍​​ជា​​​សាធារណៈ​មួយ​ថ្មី​ទៀត​ដែល​អង្គ​ភាព​​នេះ​បាន​អនុវត្ត​​ប្រឆាំង​នឹង​ក្រុម​​មន្ត្រី​​ដែល​ជាប់​​ចោទ​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​​រលួយ ។

ការ​នាំ​ខ្លួន​មន្ត្រី​មក​​កាន់​សាលា​ដំបូង​នេះ មិន​មាន​មន្ត្រី​​អង្គ​ភាព​ ឬ​ក៏​តុលាកា​រ​ណា​ម្នាក់​​ហា៊ន​​ទម្លាយ​ព័ត៌​មាន​ឱ្យ​ដឹង​នោះ​ទេ ។ ទោះ​បី​ជា​បែប​ណា​ តាម​ប្រភព​មួយ​ចំនួន​បាន​ឱ្យ​ដឹង​ថា មន្ត្រី​ទាំង​៤​នាក់​នេះ ម្នាក់​ជា​អគ្គ​នាយក​រង​ ពីរ​នាក់​ជា​អនុប្រធាន​នាយក​ដ្ឋាន និង​ម្នាក់​ជា​មន្ត្រី​​សាមញ្ញ​​ជា​អ្នក​រត់​ការ ។

តាម​ប្រភព​ផ្លូវ​ការ​និយាយ​ថា ការ​ចាប់​ខ្លួន​មន្ត្រី​ទាំង​៤​នាក់​នេះ គឺ​បន្ទាប់​ពី​មាន​ពាក្យ​បណ្តឹង​ជុំ​វិញ​ការ​សាង​សង់​លំ​​នៅ​ឋាន​ក្នុង​​គម្រោង​អភិវឌ្ឍន៍​លំ​នៅ​ឋាន​សម្តេច​តេជោ ដល់​អតីត​យុទ្ធ​ជន​នៅ​​ស្រុក​បាកាន ខេត្ត​ពោធិ៍​សាត់​ដោយ​មាន​ការ​កិប​កេង​ប្រាក់​រាប់​សិប​លាន​រៀល​​ ។

ប្រភព​បាន​ឱ្យ​ដឹង​ទៀត​ថា មន្ត្រី​ធំ​ម្នាក់​ក្នុង​ចំណោម​អ្នក​ត្រូវ​បាន​ចា​ប់​ខ្លួន​ គឺ​លោក​ផូ វុទ្ធី និង​៣​នាក់​ទៀត​​មាន​ឈ្មោះ​ទុយ ឡាយ​ឫទ្ធី, សារ៉េត បូរា៉មី និង​មាស ឥស្សរ៉ា ។ រហូត​​មក​ដល់​ម៉ោង​៨​យប់​​ថ្ងៃ​ដដែល​ព្រះរាជ​អា​ជ្ញា​រង​៣​រូប​បាន​​សាក​សួរ​រួច​បញ្ជូន​ទៅ​ឱ្យ​ចៅ​ក្រម​សាក​សួរ​បន្ត​ទាំង​យប់​ ឯ​ការ​សម្រេច​បែប​ណា​នោះ ត្រូវ​បាន​អ្ន​ក​តាម​ដាន​និយាយ​ថា មន្ត្រី​ទាំង​៤​នាក់​នេះ​ចៀស​មិន​ផុត​ពី​ការ​ឃុំ​ខ្លួន​នោះ​ទេ ។ សេចក្តី​រាយការណ៍​ខាង​​លើ​នេះ គ្រាន់​តែ​ជា​ព័ត៌​មាន​ជំហាន​ដំបូង​ប៉ុណ្ណោះ មិន​ទាន់​ចាត់​​ទុក​ជា​ផ្លូវ​ការ​នោះ​ទេ ៕