ខេត្តកំពង់ធំ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានរិះគន់យ៉ាងខ្លាំងចំពោះគណបក្សប្រឆាំងដែលគេប្រមាថសម្តេចនៅឆ្នាំ២០១៣ ថា bye bye ហើយ… មិនអីទេ បើលោកឯងឈ្នះលោកឯងយកចុះ ប៉ុន្តែកុំលេងផ្លូវកាត់… តាមរយៈការបោះឆ្នោត បើប្រជាពលរដ្ឋឈប់គាំទ្រហើយ ខ្ញុំនឹងដើរចេញ… ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍រិះគន់បែបនេះ នាព្រឹកថ្ងៃទី៨ សីហា ២០១២ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៦២ ផ្នែកខាងត្បូងពីកំពង់ធំ ទៅក្រុងព្រះវិហារ ខេត្តព្រះវិហារ ដែលមានប្រវែង១២៨គីឡូម៉ែត្រ ដោយមានការអញ្ជើញចូលរួមផងដែរ ពីលោក ផាន គ័ងស៊ា ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ។ សមិទ្ធផលកំណាត់ផ្លូវជាតិលេខ៦២នេះ ផ្នែកខាងត្បូងចាប់ពីផ្លូវជាតិលេខ៦ ត្រង់ភូមិថ្មល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយចំណាយថវិកាសរុបប្រមាណ៥២លានដុល្លារអាមេរិក និងថវិកាបដិភាគមួយចំនួនរបស់រាជរដ្ឋាភិបាល ។
ទាក់ទិននឹងបញ្ហាខាងលើ សម្តេចតេជោនាយករដ្ឋមន្ត្រីបានរំលឹកថា កាលពីឆ្នាំ២០០៨ បើសិនយកខ្សែអាត់មកចាក់ឡើងវិញ យើងអាចដឹងនូវកម្មវិធីរបស់វិទ្យុមួយដែលបានផ្សាយ ។ ចំណែករូបថតរបស់ខ្ញុំកាលគេយកទៅដាក់តាំងកាលពីហែយុទ្ធនាការបោះឆ្នោតគណបក្ស ខ្ញុំដើរលើកដៃ ស្រាប់តែវិទ្យុមួយគេធ្វើអត្ថាធិប្បាយថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកដៃជាសញ្ញាថា លាហើយ…។ វិទ្យុនោះគេឧស្សាហ៍ចាក់នៅម៉ោង៩យប់ រួចគេបន្តទៀតថា ឯលោកប្រធានរបស់យើងបានលើកដៃគ្រវីថា នឹងចូលកាន់អំណាច ។
សម្តេចតេជោ នាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ឆ្នាំ២០០៨ កន្លងផុត ដល់ឆ្នាំ២០១២ ហ៊ុន សែន នៅតែ ហ៊ុន សែន ដដែល គ្រាន់តែខុសអាយុតែតើ… ។ វិទ្យុរបស់គេធ្វើអត្ថាធិប្បាយមុនការបោះឆ្នោតនៅឆ្នាំ២០០៨ ស្រាប់តែអាសនៈសភាកើនពី៧៣អាសនៈ ដល់៩០អាសនៈ ។ នោះហើយជួនកាលសម្តីខុស ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានផ្តាំថា អាហ្នឹងហើយសម្តីខ្លះរបស់អ្នកឯងធ្វើឱ្យប្រជាជនបោះឆ្នោតឱ្យ ហ៊ុន សែន កាន់តែច្រើន ។ ឥឡូវ គេប្តូរផ្តាច់ហើយសម្ព័ន្ធភាព គេថា ហ៊ុន សែន ខ្លាចណាស់សម្ព័ន្ធភាព… ។ សម្តេចបានប្រដូចថា ឆ្កែ បើដាក់ឱ្យវាស៊ី វាអត់ចេះខាំគ្នាទេ ប៉ុន្តែបើចាប់ពី២ក្បាលឡើងទៅខាំគ្នាបែកចានបាយឯណោះ ។ សូម្បីតែគោក៏វាចេះជល់គ្នាដែរ ។ គ្រាន់តែបក្សមួយចេះចុះហត្ថលេខាពាក់កណ្តាលអាណត្តិឈរឈ្មោះតំណាងរាស្ត្រ២ឆ្នាំកន្លះម្នាក់ អ្នកខ្លះអនុវត្ត ខ្លះមិនអនុវត្ត តើអ្នកណាឈរ អ្នកណាអត់ ចាំមើលចុះ សូមស្វាគមន៍ ព្រោះបក្សទាំងនេះខ្ញុំមិននិយាយក្នុងសភានោះទេ ។ ប៉ុន្តែកុំឱ្យគេថា និយាយឡើងឯងភ័យ។ ចាំទេតើ មនុស្សឆ្លងកាត់គ្រាប់ផ្លោងសូម្បីបេ៤០ ៤គ្រាប់នៅសៀមរាបផ្ទុះមួយគ្រាប់កាត់មុខឡានប៉ុណ្ណឹងហើយ នៅធ្វើអត់ដឹងចូលប្រជុំសភាក្នុងសភាធ្វើព្រងើយ ។
ចាំមើល ឥឡូវចាប់ផ្តើមហើយក្រុមមួយនោះចុះម៉េចក៏អត់មានឈ្មោះលោកពូ ក្រុមមួយទៀតចុះម៉េចក៏អត់មានឈ្មោះលោកមីង ចុះម៉េចអត់មានឈ្មោះបងឯង…។
សម្តេចតេជោមានប្រសាសន៍ថា អាណត្តិទី៥ នឹងមកដល់គឺបោះឆ្នោតនៅថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣ អីុចឹងពេលនោះខ្ញុំបន្តដូចលោកត្រាំ អីុវតឹក គាត់ថាបន្ត ឥឡូវអត់អីទេ អត់មានបញ្ហាទេ បើសិនជាបន្តគម្រោងទាំងឡាយសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ ដូចខ្ញុំបានបញ្ជាក់កំពង់ធំទៅក្រចេះគម្រោងនៅបន្ត តែបើសិនជាខ្ញុំមិននៅទេ ខ្ញុំមិនទទួលខុសត្រូវទេ ។ ព្រោះអ្នកក្រោយគេមក គេអាចលុបចោលគម្រោងនេះ ហើយម្យ៉ាងគេក៏មិនត្រូវការចិនទេ គេដកចិនចេញ គេឃើញចិនមកជួយខ្មែរ គេមិនសប្បាយចិត្តទេ គេថា ចិនមកគាបសង្កត់ខ្មែរ… ចាំតែគាបទេ តើ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ទាក់ទងទៅនឹងការតភ្ជាប់ផ្លូវដឹកជញ្ជូនជាប្រព័ន្ធ ធ្វើយ៉ាងម៉េចឱ្យផ្លូវទាំងនោះស្ថិតកៀកចូលជិតគ្នា ។ នេះក៏ជានយោបាយកាត់បន្ថយគម្លាតរវាងទីក្រុងនិងជនបទ រវាងអ្នកមាននិងអ្នកក្រ ហើយនេះជាគោលនយោបាយបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌របស់រាជរដ្ឋាភិបាលផងដែរ ។ នៅពេលដែលយើងធ្វើបានផ្លូវមួយខ្សែ មិនមែនដើរបានតែអ្នកមានទេ អ្នកក្រត្រូវប្រើប្រាស់ដូចគ្នា ប្រើប្រាស់នូវធនធានបានមកពីប្រាក់កម្ចីក្តី ពីជំនួយក្តី វាមានគុណសម្បត្តិរបស់វានៅត្រង់ជំរុញកំណើនសេដ្ឋកិច្ច ។ ដូច្នេះ រាជរដ្ឋាភិបាលនឹងបន្តការខិតខំទៅលើការអនុវត្តទិសដៅរបស់ខ្លួនគឺទឹក ភ្លើង ផ្លូវ មនុស្ស ។
លោកត្រាំ អីុវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនមានប្រសាសន៍ថា សមិទ្ធផលដែលត្រូវធ្វើពិធីសម្ពោធបើកឱ្យប្រើប្រាស់នាថ្ងៃនេះ គឺការកសាងឡើងវិញកំណាត់ផ្លូវជាតិលេខ៦២ ផ្នែកខាងត្បូងចាប់ពីផ្លូវបំបែក ផ្លូវជាតិលេខ៦ ត្រង់ភូមិថ្នល់បំបែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ គម្រោងនេះចំណាយថវិកាសរុបប្រមាណ៥២លានដុល្លារអាមេរិក និងថវិកាបដិភាគមួយចំនួនរបស់រាជរដ្ឋាភិបាល សម្រាប់ការដោះមីនយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ។ តាមការគ្រោងទុក គឺត្រូវបញ្ចប់រយៈពេល៤០ខែ រហូតដល់ដើមឆ្នាំ២០១៤ ប៉ុន្តែត្រូវបានបញ្ចប់មុនផែនការកំណត់ ។
លោករដ្ឋមន្ត្រីបន្តថា កំណាត់ផ្លូវជាតិលេខ៦២ ពីកំពង់ធំដល់ក្រុងព្រះវិហារ គឺជាផ្លូវមេ និងជាផ្លូវយុទ្ធសាស្ត្រតភ្ជាប់កំពង់ធំទៅក្រុងព្រះវិហារ និងតភ្ជាប់ទៅកំណាត់ខាងជើងឆ្ពោះទៅតំបន់ព្រំដែន ។ ពិសេសកំណាត់ផ្លូវនេះក៏នឹងតភ្ជាប់ប្រាសាទព្រះវិហារទៅនឹងក្រុងសៀមរាបអង្គរ ដែលរួមគ្នាក្លាយទៅជាប៉ូលសេដ្ឋកិច្ចមួយដ៏សំខាន់ និងជាមជ្ឈមណ្ឌលទេសចរណ៍ដ៏មានសក្តានុពលរបស់ព្រះរាជាណាចក្រកម្ពុជាដែលសំបូរទៅដោយប្រាង្គប្រាសាទបុរាណជាកេរមរតកសម្បត្តិវប្បធម៌ និងបូជនីយដ្ឋានប្រវត្តិសាស្ត្រដ៏ល្បីល្បាញរុងរឿងរបស់អាណាចក្រខ្មែរបុរាណ និងជាសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់មនុស្សជាតិនិងបេតិកភណ្ឌពិភពលោក ។
ម្យ៉ាងទៀត ទៅដល់ទីក្រុងព្រះវិហារ ផ្លូវជាតិលេខ៦២នេះក៏បានបំបែកនិងតភ្ជាប់ទៅផ្លូវលេខ២១០ ឆ្ពោះទៅកាន់ខេត្តសៀមរាបកាត់តាមបេងមាលា ដំដែក និងមួយខ្សែទៀត បំបែកនិងតភ្ជាប់ទៅផ្លូវជាតិលេខ៩ ឆ្ពោះទៅថាឡាបរិវ៉ាត់ និងទីក្រុងស្ទឹងត្រែងជារបៀងសម្រាប់តភ្ជាប់តំបន់ភូមិភាគឦសានទៅភូមិភាគពាយ័ព្យរបស់កម្ពុជា និងដែលជាផ្នែកមួយនៃរបៀងសេដ្ឋកិច្ចខាងត្បូងខ្សែទី២នៃមហាអនុតំបន់មេគង្គ ។
លោក ផាន គ័ងស៊ា ឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា រដ្ឋាភិបាលចិនបានរួមចំណែកយ៉ាងសកម្មនិងជួយប្រទេសកម្ពុជាក្នុងការកសាងបណ្តាញផ្លូវថ្នល់ ។ មិត្តភាពរវាងប្រទេសយើងទាំង២ក៏បានរីកចម្រើន និងបោះជំហានយ៉ាងវែងក្នុងដំណើរនៃកិច្ចសហប្រតិបត្តិការយ៉ាងស្និទ្ធស្នាល ។ មិត្តភាពរវាងប្រជាជនប្រទេសទាំង២ចិន និងកម្ពុជា បានមូលផ្តុំនៅលើ ផ្លូវថ្នល់ជាង២ពាន់គីឡូម៉ែត្រ គឺស្ថិតនៅក្នុងបេះដូងរបស់យើងទាំងអស់គ្នា ។
លោកឯកអគ្គរដ្ឋទូតចិនបន្តថា ចាប់ពីចុងទសវត្សរ៍ឆ្នាំ៧០នៃសតវត្សរ៍មុន ប្រទេសចិនបានចាប់ផ្តើមអនុវត្តគោលនយោបាយកែទម្រង់និងបើកទ្វារចំហ។ ចាប់ពីពេលនោះមក ប្រទេសចិនចាប់មានការប្រែប្រួល ក៏ប៉ុន្តែប្រទេសចិននៅតែជាប្រទេសកំពុងអភិវឌ្ឍមិនមានការប្រែប្រួលឡើយ ។ នយោបាយការទូតរបស់ប្រទេសចិន ពង្រឹងសមត្ថភាព និងសហប្រតិបត្តិការជាមួយប្រទេសកំពុងអភិវឌ្ឍន៍មិនមានកែប្រែ ។ មនោសញ្ចេតនាយ៉ាងថ្លៃថ្លារវាងប្រជាជនចិជាមួយប្រជាជនកម្ពុជាក៏មិនមានការប្រែប្រួលដែរ ។
ប្រទេសចិនរឹតតែអភិវឌ្ឍកាន់តែស្និទ្ធស្នាលជាមួយពិភពលោក ហើយកាន់តែត្រូវការបរិការណ៍ខាងក្រៅដោយសន្តិភាពនិងមិត្តភាព ៕




ចែករំលែកព័តមាននេះ