ខេត្តកំពង់ស្ពឺ ៖ យ៉ាងហោចណាស់មានជនជាតិចិនតៃវ៉ាន់១៥នាក់ ក្នុងនោះមានស្ត្រី៤នាក់ផង ត្រូវបានសមត្ថកិច្ចចម្រុះឃាត់ខ្លួននៅក្នុងផ្ទះសំណាក់អប្សរា នាព្រឹកថ្ងៃទី៨ សីហា ក្នុងប្រតិបត្តិការរួមគ្នាមួយ មានកងរាជអាវុធហត្ថខេត្ត ប៉ូលិសផ្នែកសន្តិសុខផ្ទៃក្នុង និងអន្តោប្រវេសន៍ខេត្ត និងប៉ូលិសព្រហ្មទណ្ឌខេត្ត ដែលដឹកនាំដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកសឿ ឡងឌី ។
លោកវរសេនីយ៍ឯក ចាន់ ដា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តមានប្រសាសន៍ថា ជនជាតិចិនតៃវ៉ាន់ចំនួន១៥នាក់នេះបានមកស្នាក់នៅក្នុងផ្ទះសំណាក់អប្សរាជាងកន្លះខែមកហើយ ។ ពួកគេទាំងនេះពុំដឹងជាមានភារកិច្ចអ្វីទេ ហើយបើជាអ្នកទេសចរក៏ពុំមែន ទើបបង្កឱ្យមានការសង្ស័យ ហើយការមានមន្ទិលនេះ គឺសង្ស័យលើការប្រើប្រាស់គ្រឿងញៀន និងសេពគ្រឿងញៀន ចំណែកមួយចំណុចទៀតសង្ស័យលើការទិញដូរក្មេងស្រីអនីតិជនបម្រើតណ្ហា និងមានមន្ទិលជាច្រើនទៀត ។
ចំណែកលោកវរសេនីយ៍ឯកសម សាមួន ស្នងការរងនគរបាលខេត្តទទួលបន្ទុកសន្តិសុខផ្ទៃក្នុង និងគ្រប់គ្រងជនអន្តោប្រវេសន៍ មានប្រសាសន៍ថា ក្រោយពីការឡោមព័ទ្ធនិងឃាត់ខ្លួនជនបរទេសទាំង១៥នាក់នោះ យើងសង្កេតឃើញថា ពួកគេមានការភ័យស្លន់ស្លោ ដោយខ្លះបានដកស៊ីមទូរស័ព្ទចេញ ខ្លះកាច់ស៊ីមចោល និងគ្រវាត់ចោលដើម្បីបិទបាំងពីសមត្ថកិច្ច ។ នៅក្នុងការស្រាវជ្រាវជំហានដំបូងយើងពុំអាចកំណត់បានពីបញ្ហាអ្វីច្បាស់លាស់នៅឡើយទេ ទាក់ទិននឹងក្រុមជនជាតិចិនតៃវ៉ាន់នេះ ។ លោកបន្តថា ក្នុងការឆែកឆេរ សមត្ថកិច្ចរកឃើញមានលិខិតឆ្លងដែនតែម្នាក់ប៉ុណ្ណោះ ក្នុងចំណោម១៥នាក់នេះ ដែលចូលមកស្នាក់នៅក្នុងខេត្តកំពង់ស្ពឺ ។
ដោយឡែក លោកព្រះរាជអាជ្ញាដែលដឹកនាំការឆែកឆេរនេះ ពុំអាចទាក់ទងសុំការបំភ្លឺបានទេ ដោយលោកប្រាប់ថា ពុំទាន់អាចកំណត់លើករណីណាមួយច្បាស់នៅឡើយ ។ ពេញមួយព្រឹក ថ្ងៃទី៨ សីហា នោះបរិវេណផ្ទះសំណាក់អប្សរានេះ ត្រូវបានឡោមព័ទ្ធដោយកម្លាំងសមត្ថកិច្ច និងបន្តធ្វើការឆែកឆេរដោយសមត្ថកិច្ច ។ ក្រៅពីមន្ត្រីសមត្ថកិច្ចដែលមានភារកិច្ចក្នុងការឆែកឆេរនេះ ក្រុមអ្នកយកព័ត៌មានត្រូវបានហាមឃាត់មិនឱ្យចូលឡើយ ។
តាមប្រភពព័ត៌មានខ្លះថា ការឆែកឆេរមិនមែនធ្វើឡើងតែក្នុងផ្ទះសំណាក់ទេ នៅផ្នែកខាងក្រោយផ្ទះសំណាក់ក្នុងបង្គន់អនាម័យក៏សមត្ថកិច្ចធ្វើការឆែកឆេរដែរ និងបានរកឃើញទូរស័ព្ទលើតុចំនួន៤៨គ្រឿង ថ្មសាកភ្លើងចំនួន៤៨ដុំ ហាប់ដាក់ភ្ជាប់កុំព្យូទ័រចំនួន៤៨ មានពណ៌ស និងខ្មៅ និងមានខ្សែឌុយទូរស័ព្ទរាប់រយម៉ែត្រនៅក្នុងផ្ទះសំណាក់ ។ អ្វីដែលរឹតតែធ្វើឱ្យសមត្ថកិច្ចកាន់តែសង្ស័យនោះ គឺសម្ភារទាំងនេះត្រូវបានពួកចិនទាំងនោះបោះចោលក្រៅរបងផ្ទះសំណាក់ក្បែរត្រពាំងទឹកដែលមានដើមកំប្លោកនិងសុទ្ធតែជារបស់ថ្មី ពុំទាន់ដែលប្រើប្រាស់នៅឡើយ ។ មន្ត្រីសមត្ថកិច្ចនិយាយថា នឹងមានការឆែកឆេរតាមបន្ទប់ស្នាក់នៅទាំង១៥នាក់នេះបន្តទៀត ៕




ចែករំលែកព័តមាននេះ