ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​ប្រាក់​បង់​ថ្លៃ​ផ្ទះ​5​ម៉ឺន​រៀល​ផឹក​ស្រា​ទំពារ​ធូប​មូស​អស់​1​បន្ទះ​ប៉ង​បំពុល​ខ្លួន​ឯងធ្វើ​អត្ត​ឃាត​

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ស្ត្រីម្នាក់​​ដែល​​អត់​មានលុយ​​បង់​ថ្លៃ​​ផ្ទះ​ជួល​​​ចំនួន​៥ម៉ឺន​រៀល​​​បាន​ដាច់​​ចិត្ត​​​ធ្វើ​អត្ត​ឃាត​ដោយ​ហូប​ធូប​​មូស​អស់​មួយ​បន្ទះ​​លាយ​ជាមួយ​ស្រា​ បណ្តាលឱ្យ​​ពុល​បែក​ពពុះ​​​មាត់​​​ប្រកាច់​ប្រកិន ។ ហេតុការណ៍​​នេះ​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​​៣​រសៀល​ ថ្ងៃទី​​​​៧ សីហា ​នៅផ្ទះ​ជួល​​​​ក្នុង​ភូមិ​ឫស្សី សង្កាត់​ស្ទឹង​មាន​ជ័យ​​ ខណ្ឌ​មានជ័យ ។

ស្ត្រី​ដែល​ហូប​ធូប​​មូស​ប៉ុនប៉ង​​សម្លាប់​ខ្លួន​នេះ​ឈ្មោះ ប៉ូ សុខារី អាយុ​៤៥​ឆ្នាំ មុខ​របរដើរ​​​រើស​​អេត​ចាយ​ ស្នាក់នៅផ្ទះ​ជួល​កន្លែង​កើតហេតុ​​ខាង​លើ។ បើ​តាម​​កូន​​ស្រី​ឈ្មោះ រ៉ា រីណា​ ​អាយុ​១៧​ឆ្នាំ បានឱ្យ​ដឹងថា ​នាង​កំព្រា​​ឪពុក​តាំង​ពី​ទើប​នឹង​កើត​មក​ម៉្លេះ ដោយរស់នៅ​​​ជាមួយ​ម្តាយ​​​ប្រកប​របរ​រើស​អេត​ចាយ​ ដើរ​ដេក​តាម​សំយាប​ផ្ទះ​គេ​មិនពិត​ប្រាកដ​​ថាកន្លែង​​ណាមួយ​ទេ រហូត​​ដល់​នាង​ធំ​​​ពេញ​វ័យ​បានគ្នា​ជាប្តីប្រពន្ធ​​ជាមួយ​បុរស​​ឈ្មោះ អន​ សំអឿន​ អាយុ​​២៥​ឆ្នាំ  មុខរបរ​កម្មករ​​​​លីដែក ហើយមានកូន​ម្នាក់​​​ទើប​នឹង​កើត​​បាន​មួយ​ខែ ។

នាង​រីណា​រៀប​រាប់​​ទៀត​ថា  ដោយសារ​​​តែ​ជីវ​​ភាព​​​ក្រីក្រ​រក​ព្រឹក​ខ្វះ​​ល្ងាច​នោះរូប​នាង​មិន​ដែល​មាន​​​កន្លែង​ស្នាក់​នៅ​​ពិត​ប្រាកដ​ទេ ទើប​តែ​នាង​​ធំ​ពេញ​វ័យ​មាន​ប្តី​ក៏​​បានទៅជួល​ផ្ទះ​គេ​​ស្នាក់​នៅ​​ក្នុង​មួយ​​ខែ​​៥ម៉ឺន​រៀល​​ ហើយ​កន្លង​​​មក​ថ្មីៗ​នេះប្តី​របស់​នាង​​មិនសូវ​​មកផ្ទះទេ​​គឺ​ស្នាក់​នៅ​កន្លែង​​​​ធ្វើការ​តែម្តង ។ លុះ​នៅ​ថ្ងៃ​កើត​ហេតុ​​ដែលដល់​ថ្ងៃបង់​​លុយ​​ថ្លៃ​​ផ្ទះ​ តែ​អត់​​មានលុយ​បង់​​ ម្តាយ​របស់​នាង​​បានប្រើនាង​​ឱ្យទៅ​ខ្ចី​លុយ​​ម្តាយ​ធំ តែនាង​មិនហ៊ាន​​​​​ទៅ​ខ្ចី​ទេ ធ្វើឱ្យ​មានការ​​​ឈ្លោះ​ប្រកែក​គ្នា​បន្តិចបន្តួច​​ជាមួយ​ម្តាយ​​ ។ បន្ទាប់មក​​ នាង​បានដើរ​​​ចេញមកក្រៅ​​​ផ្ទះបាត់​ក្នុង​គោលបំណង​​ទៅរកខ្ចី​លុយគេ​​ រហូត​​ដល់​ម៉ោង​​៤​រសៀលទើបនាង​​​ចូលមកផ្ទះ​​​វិញ ស្រាប់​តែ​​​​ឃើញម្តាយ​​សម្រាក​នៅក្នុង​អង្រឹង ហើយ​​អ្នកជិត​ខាង​​ប្រាប់ថា ម្តាយ​របស់នាង​ហូប​ធូប​មូស​អស់​មួយ​បន្ទះ​​លាយ​ជាមួយ​ស្រា​​ តែ​អ្នក​ជិត​​ខាង​​នាំគ្នា​​ជួយ​ខ្វេះធូប​មូស​ចេញបាន​តិច​​តួច​ និង​លេប​ចូល​ពោះ​អស់​ច្រើន ។

​ប្រភព​ដដេល​បន្តទៀត​​​ថា រហូត​ដល់​​​វេលា​ព្រលប់​​​ស្រាប់តែ​​​​ម្តាយ​របស់នាង​​​ក្អួត​ចង្អោរ​ម្តង ហើយ​មកដល់​​ម៉ោង​៨យប់​ ​ទើបថ្នាំ​មូស​​ចាប់​ផ្តើម​​​ធ្វើ​ទុក្ខ​​ក្អួត​ចង្អោរ​​បែកពពុះ​មាត់​​​រហូត​​សន្លប់​ តែ​ដោយសារ​​​អត់​មានប្រាក់ មិនបាន​បញ្ជូន​ទៅមន្ទីរពេទ្យ​​ភ្លាម​ទេ ​រហូត​ដល់​​​ប្រជា​ការពារ​​​ភូមិដឹង​​ហើយ​​រាយការណ៍​​ទៅ​លោក​​​​ សេង សាញ់ ​ចៅសង្កាត់​​ស្ទឹង​មាន​ជ័យ​​ ទើប​លោកប្រាប់​ឱ្យ​​ដឹក​យក​ទៅព្យាបាល​នៅ​មន្ទីរ​ពេទ្យ​​មិត្ត​ភាព​ខ្មែរ​-​សូវៀត​ដោយ​លោក​ជាអ្នក​ចេញ​ថ្លៃ​ព្យាបាល​ ។ ស្ត្រី​រង​គ្រោះ​​​ត្រូវ​បាន​ដឹក​តាម​​រ៉ឺម៉ក​​ម៉ូតូ​យក​ទៅ​សង្គ្រោះ​​​នៅមន្ទីរពេទ្យ​​មិត្ត​ភាព​ខ្មែរ​-សូវៀ​ត​ ដោយកូន​​ស្រី​ឈ្មោះ រ៉ា រីណា បី​កូន​ទើប​នឹង​កើត​បាន​​មួយ​ខែ​​​យក​ទៅមន្ទីរពេទ្យ​​ជាមួយ​ដែរ ដោយ​​សារ​មិនមាន​អ្នកជួយ​មើលថែ ។ ប៉ុន្តែ​អ្វី​ដែល​​គួរ​ឱ្យ​សង្វេគ​នោះ​គឺ​ស្ត្រី​រងគ្រោះ​​​មាន​​ម្តាយ​​ចាស់​ពិការ​​អាយុ​៨០​ឆ្នាំរស់នៅជាមួយ​ទៀត​ផង​ ។ លុះ​ពេល​​ដឹក​ស្ត្រី​រង​គ្រោះ​​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ ម្តាយ​ចាស់​ពិការ​​​គ្មាន​អ្នកជួយ​មើលថែ​ទាំ​ឡើយ ៕