រាជធានីភ្នំពេញ ៖ ក្នុងរយៈពេលប្រមាណ២០នាទីមានគ្រោះថ្នាក់ចរាចរណ៍២ករណី ដោយសារបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នដែលករណីទី១-បុរស២នាក់ជិះម៉ូតូស្តេបក្នុងល្បឿនលឿនទៅបុកគ្នាជាមួយរ៉ឺម៉កម៉ូតូ បណ្តាលឱ្យអ្នកបើករ៉ឺម៉ករងរបួសបែកក្បាល ហើយបុរស២នាក់ដែលជិះម៉ូតូស្តេបភ័យពេករត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង១២និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ សីហា នៅចំណុចស្តុបផ្សារដើមគ ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុបុរសទាំង២នាក់ខាងលើជិះម៉ូតូស្តេប តាមបណ្តោយវិថីម៉ៅសេទុង ពីត្បូងទៅជើង ក្នុងល្បឿនលឿន ពេលមកដល់ចំណុចស្តុបផ្សារដើមគ បានចាប់ហ្វ្រាំងដៃ បណ្តាលឱ្យដួលអូសទៅបុកចំពាក់កណ្តាលរ៉ឺម៉កម៉ូតូដែលបើកដោយបុរសម្នាក់តាមបណ្តោយវិថីព្រះមុនីរ៉េត ពីកើតទៅលិច បណ្តាលឱ្យរ៉ឺម៉កម៉ូតូក្រឡាប់ ឯអ្នកបើកបររងរបួសបែកក្បាល ។
ភ្លាមៗភាគីអ្នកបើកម៉ូតូស្តេបភ័យពេកបានរត់គេចខ្លួនទាំង២នាក់ដោយទុកម៉ូតូចោលនៅកន្លែងកើតហេតុ ចំណែកម្ចាស់រ៉ឺម៉កម៉ូតូត្រូវបានមិត្តភក្តិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។ រីឯម៉ូតូទាំង២គ្រឿងត្រូវបានប៉ូលិសចរាចរយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំដោះស្រាយ ។
ដោយឡែកករណីទី២ យុវជនម្នាក់បានសន្លប់ប្រមាណ១៥នាទីដោយសារជិះម៉ូតូឃ្លីក គេចរថយន្តឡង់គ្រីស្ស័រក៏ជ្រុលចង្កូតទៅបុកខឿនផ្លូវនៅមុខធនាគារកាណាឌីយា(សាខាអូឡាំពិក)ពេញទំហឹង បណ្តាលឱ្យខ្ទាតចេញពីម៉ូតូប្រមាណ២០ម៉ែត្រសន្លប់បាត់ស្មារតី កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ សីហា តាមបណ្តោយមហាវិថីព្រះសីហនុ ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន ។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុបុរសរងគ្រោះបានជិះម៉ូតូឃ្លីក តាមបណ្តោយមហាវិថីព្រះសីហនុ ពីកើតទៅលិច ស្រាប់តែមកដល់ចំណុចកើតហេតុក៏មានរថយន្តឡង់គ្រីស្ស័រមួយគ្រឿង បើកបរដោយបុរសម្នាក់ក្នុងទិសដៅស្របគ្នា បើកមកពីក្រោយក្នុងល្បឿនលឿន ឃើញសភាពមិនស្រួលម្ចាស់ម៉ូតូឃ្លីកក៏ជិះគេច រួចជ្រុលទៅបុកខឿនផ្លូវមុខធនាគារកាណាឌីយា បណ្តាលឱ្យដួល ឯអ្នកបើកម៉ូតូខ្ទាតពីម៉ូតូប្រមាណ២០ម៉ែត្រ សន្លប់ជាង១០នាទីត្រូវបានមិត្តភក្តិយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ចំណកឯម៉ូតូត្រូវបងប្អូនយកទៅរក្សាទុក ៕
ចែករំលែកព័តមាននេះ