ខេត្តកំពត ៖ ខ្យល់ព្យុះដៃដំរីបានកួចលំនៅឋានពលរដ្ឋចំនួន៧ខ្នង នៅក្នុងឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី៧ សីហា ដោយកួចប៉ើងដំបូលធ្លាក់ទៅក្នុងវាលស្រែ ។ ម្ចាស់ផ្ទះមួយឈ្មោះ ប៉ែន យ៉ឺន អាយុ៤៦ឆ្នាំ ប្រពន្ធឈ្មោះ មៀន នី អាយុ៤៥ឆ្នាំ មានកូន៤នាក់ រស់នៅភូមិភ្នំស្រងាប ឃុំស្វាយទង ខាងជើងនិយាយថា មុនពេលកើតហេតុ មានធ្លាក់ភ្លៀង និងមានខ្យល់បក់បោកខ្លាំង ។
ពេលនោះក៏បានឃើញខ្យល់ដែលអ្នកភូមិស្គាល់ថា ជាខ្យល់ព្យុះដៃដំរីបក់់ចំផ្ទះគាត់ ទើបប្រាប់ប្រពន្ធនិងកូនៗឱ្យរត់ចេញពីផ្ទះចៀសវាងគ្រោះថ្នាក់ ។គ្រាន់តែចេញផុតពីផ្ទះភ្លាម ស្រាប់តែដំបូលផ្ទះគាត់ដែលប្រក់ស័ង្កសីបណ្តោយប្រវែង៩ម៉ែត្រ និងទទឹង៥ម៉ែត្រ ហោះចេញទៅបាត់ទាំងឈើទៅធ្លាក់នៅវាលស្រែខាងកើតផ្ទះចម្ងាយប្រមាណ៦០ម៉ែត្រ ។ បុរសជាម្ចាស់ផ្ទះនិយាយទៀតថា ជាហេតុការណ៍គួរឱ្យខ្លាច ខណៈខ្យល់ព្យុះកួចយកដំបូលផ្ទះនេះ ហើយសម្ភារក្នុងផ្ទះត្រូវនៅហាលភ្លៀងទាំងអស់ ។
ទាក់ទងនឹងគ្រោះមហន្តរាយនេះ លោក ថៃ ជីវ មេឃុំស្វាយទងខាងជើង បានប្រាប់ឱ្យដឹងថា ខ្យល់ព្យុះនោះបានបំផ្លាញផ្ទះពលរដ្ឋនៅក្នុងឃុំអស់៧ខ្នង ក្នុងនោះនៅភូមិស្រងាប ១ខ្នង និង ភូមិឈើទាលរាំ ៦ខ្នង ហើយក្នុងចំនួននេះផ្ទះ៣ខ្នងត្រូវខូចខាតទាំងស្រុង ។ ក្រោយពីកើតមានគ្រោះមហន្តរាយនេះ អាជ្ញាធរឃុំ និងសមាជិកក្រុមប្រឹក្សាឃុំបានចុះទៅពិនិត្យបន្ថែមដើម្បីស្រង់ការខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ប៉ុន្តែយ៉ាងណាក៏ដោយ មិនមានពលរដ្ឋណាម្នាក់រងរបួសធ្ងន់ទេ គ្រាន់តែសត្វពាហនៈផ្អើលបោលជាន់ពលរដ្ឋរបួសតិចតួចប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ