ខេត្តព្រះសីហនុ ៖ មនុស្សប្រុស-ស្រីចំនួន ៣នាក់បានត្រូវនគរបាលខេត្តឃាត់ខ្លួនជាបន្តបន្ទាប់នៅកន្លែង២ផ្សេងគ្នា ពាក់ព័ន្ធទៅនឹងការសម្រួលក្នុងបទល្មើសគ្រឿងញៀននិងការជួញដូរគ្រឿងញៀន ។ ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង០និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៧ សីហា នៅក្រោយសណ្ឋាគារខ្សាច់មាស និងនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។
លោក សាន់ ប៊ុនថន នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តបានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ដែលកម្លាំង សមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសគ្រឿងញៀននេះ មាន១-ឈ្មោះ ហាំ សុខ ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកកុយ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ បច្ចុប្បន្ននៅម្តុំអូរ២ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ជាអ្នករត់ម៉ូតូឌុប ជាប់ពាក់ព័ន្ធក្នុងបទល្មើសសម្រួលការជួញដូរគ្រឿងញៀន ២-ឈ្មោះ សុខ ធារី ភេទស្រី អាយុ៣២ឆ្នាំ មានស្រុកកំណើត នៅខេត្តពោធិ៍សាត់ បច្ចុប្បន្នស្នាក់នៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ជាប់ពាក់ព័ន្ធពីបទជួញដូរគ្រឿងញៀន និង៣-ឈ្មោះ ហែម សុភារឹទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅរាជធានីភ្នំពេញ បច្ចុប្បន្នស្នាក់នៅក្នុងសង្កាត់លេខ៣ ជាជាងកាត់សក់ ។ ចំពោះវត្ថុតាងដែលរឹបអូសបានរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក)ចំនួន៧កញ្ចប់តូច ទូរស័ព្ទដៃ១គ្រឿង ដបសម្រាប់ជក់គ្រឿងញៀនចំនួន១ ម៉ូតូម៉ាកវ៉េវ ពណ៌ខៀវ ផលិតនៅប្រទេសវៀតណាម គ្មានស្លាកលេខចំនួនមួយគ្រឿង ។
លោកនាយការិយាល័យបានឱ្យដឹងទៀតថា ចំពោះករណីនេះ គឺមានការពាក់ព័ន្ធគ្នារវាងជនសង្ស័យទាំង៣នាក់ ព្រោះមុនពេលឈានទៅឃាត់ខ្លួនឈ្មោះ សុខ ធារី និងឈ្មោះ ហែម សុភារឹទ្ធ គឺកម្លាំងរបស់លោកបានឃាត់ខ្លួនជនសង្ស័យឈ្មោះហាំ សុខ រួចទើបបន្តទៅឃាត់ខ្លួនពួកគេទាំង២នាក់ ខណៈជនសង្ស័យទី១ បានឆ្លើយថា ម៉ាទឹកកក របស់ខ្លួននេះ គឺបានមកពីឈ្មោះ សុខ ធារី ឯឈ្មោះ សុខ ធារី ក៏បានឆ្លើយថា ខ្លួនបានពីឈ្មោះ ហែម សុភារឹទ្ធ ។ ប៉ុន្តែបើទោះបីជាជនសង្ស័យទាំងបីនាក់ឆ្លើយដាក់គ្នាយ៉ាងណាក៏ដោយ ក៏សមត្ថកិច្ចជំនាញរបស់លោកបានកំណត់យ៉ាងច្បាស់ថា អ្នកណាជាមេខ្លោងក្នុងការជួញដូរគ្រឿងញៀននេះ គឺឈ្មោះ សុខ ធារី ជាមេខ្លោងក្នុងការចែកចាយគ្រឿងញៀន ។ ជនសង្ស័យទាំង៣នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕



ចែករំលែកព័តមាននេះ