ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ដែលធ្វើសកម្មភាពលួចកង់ ត្រូវម្ចាស់ដេញតាមចាប់បាននិងនាំមកប្រគល់ឲ្យនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត រៀបចំសំណុំរឿងតាមនីតិវិធីច្បាប់បញ្ជូនទៅសាលាដំបូងខេត្ត។ ការចាប់ឃាត់ខ្លួននេះធ្វើឡើងកាលពីព្រឹកថ្ងៃទី៧ សីហា ឆ្នាំ២០១២ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិសាលាដែង ឃុំប្ញស្សីក្រោក ស្រុកមង្គលបុរី ។
លោកវរសេនីយ៍ទោជូ ផារិន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តបានឲ្យដឹងថា ជនសង្ស័យឈ្មោះឡុង កុសល ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិចំការសំរោង សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ជននេះបានលួចយកកង់មួយគ្រឿងម៉ាកមីគីតួស្រី ពណ៌ក្រហម របស់ឈ្មោះធុក លឹមយី ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិព្រៃប្ញស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។
តាមបុរសជាម្ចាស់កង់បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៧ សីហា នោះគាត់បានឲ្យកូនជិះកង់មកទិញម្ហូបនៅផ្សារសិរីសោភ័ណ និងចតកង់ទុកនៅទីនោះ លុះពេលដើរចេញពីផ្សារមករកកង់វិញ ស្រាប់តែបាត់កង់ពីកន្លែងទុក ទើបមានការផ្អើលឆោឡោឡើង ។ ពេលគាត់ទទួលព័ត៌មាននេះពីកូនក៏ជិះម៉ូតូដើររកតាមផ្លូវរហូតដល់ភូមិសាលាដែង ឃុំប្ញស្សីក្រោក ស្រុកមង្គលបុរី ក៏ឃើញជននេះកំពុងជិះកង់គាត់។ ចំណែកជននេះដោយដឹងថាមានរូបគាត់តាម ក៏ជិះកង់ចូលភូមិបម្រុងគេចខ្លួន តែត្រូវគាត់រួមជាមួយកូនចាប់ឃាត់ខ្លួនរួចនាំមកប្រគល់ឲ្យសមត្ថកិច្ចរួមទាំងកង់ជាវត្ថុតាងផងដែរ ។
លោកនាយការិយាល័យបញ្ជាក់ថា ចំពោះកង់ត្រូវបានប្រគល់ឲ្យទៅម្ចាស់ដើមវិញ នាព្រឹកថ្ងៃដដែលនោះ ចំណែកជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕
ចែករំលែកព័តមាននេះ