រាជធានីភ្នំពេញ ៖ យោងតាមការប្រកាសរបស់សមាជិកសកម្មសិទ្ធិជនជាតិដើមភាគតិច(អាយរ៉ាម) កាលពីថ្ងៃទី៦ សីហា បានឱ្យដឹងថា ប្រជាពលរដ្ឋជនជាតិដើមភាគតិចទូទាំងពិភពលោកនឹងប្រមូលផ្តុំគ្នាប្រារព្ធទិវាជនជាតិដើមភាគតិចអន្តរជាតិពិភពលោក ៩សីហា ដើម្បីបង្ហាញគោលជំហររួមមួយលើកកម្ពស់សិទ្ធិជនជាតិដើមភាគតិច ពិសេសដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការអន្តរជាតិសម្រាប់ដំណោះស្រាយបញ្ហាប្រឈមនានារបស់ជនជាតិដើមភាគតិចក្នុងវិស័យមួយចំនួនដូចជា វប្បធម៌ អប់រំ សុខភាព សិទ្ធិមនុស្ស បរិស្ថាន និងអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច ។
សម្រាប់ឆ្នាំ២០១២ ទិវាជនជាតិដើមភាគតិចអន្តរជាតិពិភពលោក គឺជាខួបលើកទី១៨ បានប្រារព្ធនៅទូទាំងពិភពលោក និងជាលើកទី៨ សម្រាប់ប្រទេសកម្ពុជា ។ ដោយឡែក សម្រាប់ជនជាតិដើមភាគតិចនៅប្រទេសកម្ពុជា ពិសេសតំណាងសហគមន៍ជនជាតិដើមភាគតិចទាំង១៥ខេត្ត-ក្រុង ក៏ដូចជាមន្ត្រីរាជរដ្ឋាភិបាលមួយចំនួនបាននិងកំពុងយកចិត្តទុកដាក់ និងចំណាយពេលវេលាដើម្បីត្រៀមខ្លួនរៀបចំ និងអបអរទិវានេះផងដែរ ។ ជាមួយគ្នានេះដែរ សមាជិកសកម្មសិទ្ធិជនជាតិដើមភាគតិច (អាយរ៉ាម) ទាំង១៥ខេត្តក្រុង ក្រោមជំនួយឧបត្ថម្ភពីអង្គការដៃគូមួយចំនួនតាមរយៈអង្គការគាំទ្រសហគមន៍ជនជាតិដើមភាគតិច (អាយ ស៊ី អេស អូ) បានរួមគ្នាប្រារព្ធពិធីនេះក្នុងគោលបំណងដើម្បីលើកកម្ពស់សិទ្ធិជនជាតិដើមភាគតិចតាមរយៈការទទួលស្គាល់ជាសាធារណៈ ពិសេសដើម្បីលើកកម្ពស់ការយល់ដឹងដល់ប្រជាជនទូទៅអំពីវប្បធម៌ និងបញ្ហាជនជាតិដើមភាគតិចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ពិធីនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពលោកឈុន ឈន់ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងជាទីប្រឹក្សាផ្ទាល់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕
ចែករំលែកព័តមាននេះ