ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ភ្លោះ​3​របស់​សម្តេច​តេជោ ប្រសូត​​នៅ​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​​កំពង់​ចាម

13 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម ៖​​ ​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រ​​ីនៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា និង​លោក​ជំទាវ​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី តែង​តែ​ផ្តល់​​​ព្រហ្ម​វិហារ​ធម៌​ដល់​កូន​ភ្លោះ​​៣​នៅ​គ្រប់​ទិស​ទី​​ក្នុង​ប្រទេស​កម្ពុជា ។ ជា​ថ្មី​ទៀត​​ស្ត្រី​ឈ្មោះ​សាំង សុដានី អាយុ​២៩​ឆ្នាំ រស់​នៅ​​ភូមិ​​ត្រពាំង​រាំង ឃុំ​សូ​សែន ស្រុក​ព្រៃ​ឈរ​ ដែល​មាន​ផ្ទៃ​ពោះ​ទើប​តែ​បាន​៧​ខែ​កន្លះ​ប៉ុណ្ណោះ ក៏​ឈឺ​ពោះ​សម្រាល​បាន​កូន​ស្រី​ដល់​ទៅ​៣​នាក់​ ដែល​ជា​កូន​ដំបូង​​ កាល​ពី​វេលា​ម៉ោង​​១១ និង​៣០​នាទី​យប់​ថ្ងៃទី​៦ សីហា នៅ​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត ។

ក្រោយ​ពី​សម្រាល​កូនហើយ​​សុខ​ភាព​របស់​ម្តាយ​​មាន​សភាព​ទ្រុឌ​ទ្រោម​​ រួម​ទាំង​កូន​ទី​២ ត្រូវ​ក្រុម​គ្រូ​ពេទ្យ​​កំពុង​តែ​យក​ចិត្ត​ទុក​ដាក់​​ធ្វើ​ការ​សង្គ្រោះ ។បុរស​ឈ្មោះ​ទុន ចាន់​ថូ អាយុ​៣៣​ឆ្នាំ ជា​​ឪពុក​កូន​ភ្លោះ​ស្រី​ទាំង​៣​​នាក់​ បាន​ប្រាប់​​​កោះ​សន្តិ​ភាព​​​​ថា រូប​គាត់​បាន​រៀប​ការ​​​ជា​មួយ​ភរិយា​​តាម​ប្រពៃ​ណី​ ហើយ​​បាន​ប្រកប​​របរ​ជា​កសិករ​​និង​ពេល​ទំនេរ​ធ្វើ​ជា​កម្ម​ករ​សំណង់​ដើម្បី​យក​ប្រាក់​មក​​ដោះ​ស្រាយ​ជីវ​ភាព​​ទាំង​ត្រដាប​ត្រដួស​​នៅ​ក្រោម​​ដំបូល​ផ្ទះ​តៀម​តូច​មួយ​រហូត​ដល់​​រយៈ​ពេល​​៣​ឆ្នាំ ទើបប្រពន្ធ​​​គាត់​មាន​ផ្ទៃ​ពោះ​ ។

បុរស​​ជា​ឪពុក​កូន​ភ្លោះ​​បាន​ប្រាប់​បន្ត​ថា ពេល​ប្រពន្ធ​មាន​ផ្ទៃ​ពោះ​៤​ខែ​គាត់​ក៏​​នាំ​ទៅ​មើល​អេកូ​ក្នុង​​គ្លី​និក​មួយ​​​នៅ​ស្គន់ ស្រុក​ជើង​ព្រៃ គ្រាន់​តែ​​ដឹង​ថា​មាន​កូន​​ភ្លោះ​២​ប៉ុណ្ណោះ​ តែ​មិន​ដឹង​ថា ប្រុស​ ឬស្រី​​នោះ​ទេ ។ លុះ​បាន​៥​ខែ​ទៅ​ពិនិត្យ​មើល​ម្តង​ទៀត​នៅ​កន្លែង​ដដែល​​ទើប​​ដឹង​ថា​ជា​កូន​ស្រី និង​មួយ​ទៀត​​មើ​ល​មិន​​ដឹង​នោះ​ទេ ដោយ​​សារ​តែ​បាំង​គ្នា។ ពេល​ប្រពន្ធ​មាន​ផ្ទៃ​ពោះកូ​ន​ភ្លោះ​​នេះ​ក៏​បាន​សុបិន​ឃើញ​គេ​ឱ្យ​​ត្បូង​ពេជ្រ​មួយ​​ក្បង់​ដៃ ធ្វើ​ឱ្យ​ប្រពន្ធ​​គាត់​​ត្រេក​អរ​ណាស​់ និង​បាន​យក​ពេជ្រ​​១​គ្រាប់​​​ទៅ​ឱ្យ​ស្ត្រី​ម្នាក់​ឈ្មោះ​អូន រស់​នៅ​ភូមិ​-ឃុំ​ជា​មួយ​គ្នា​​​ដែល​មាន​ផ្ទៃ​ពោះដែរ​​ ។

នៅ​ព្រឹក​​ថ្ងៃទី​៥ សីហា ប្រពន្ធ​​គាត់​បាន​ឈឺ​ពោះ​ក៏​ប្រញាប់​​រក​រថយន្ត​ដឹក​មក​កាន់​មន្ទីរ​ពេទ្យ​​បង្អែក​ខេត្ត​​រហូត​មក​ដល់​វេលា​ម៉ោង​១១​ និង​៣០​នាទី​យប់​ថ្ងៃទី៦ សីហា ​ប្រពន្ធ​គាត់​ក៏​សម្រាល​បាន​​​​កូន​ភ្លោះ​​ស្រី​ដល់​ទៅ​៣​នាក់ និង​​បាន​ដាក់​ឈ្មោះ​​ទី​១-​ឈ្មោះ​រ៉ាវី មាន​ទម្ងន់​​១,៧​គីឡូ​ក្រាម ទី​២-​ឈ្មោះ​រស្មី មាន​ទម្ងន់​១,៨​គីឡូ​ក្រាម និង​ទី​៣-​​ឈ្មោះ​រ៉ាឌី មាន​ទម្ងន់​១,៣​គីឡូ​ក្រាម​ ។

តាម​គ្រូ​ពេទ្យ​ខេត្ត​បាន​ប្រាប់​ថា ស្ត្រី​ជា​ម្តាយ​​​​ត្រូវ​​គ្រូ​ពេទ្យ​​វះ​កាត់​ទើប​អាច​បង្កើត​​កូន​ភ្លោះ​​ទាំង​៣​​នោះ​បាន ។ ​ក្រោយ​ពី​​សម្រាល​កូន​ហើយ​​សុខ​ភាពគាត់​​មាន​សភាព​ទ្រុឌ​ទ្រោម​​ តែ​ត្រូវ​​បាន​គ្រូ​ពេទ្យ​​យក​ចិត្ត​ទុក​ដាក់​​​សង្គ្រោះ​​ហើយ ។ ឯកូន​​ភ្លោះ​ទាំង​៣​ត្រូវ​បាន​​យក​ទៅ​ដាក់​ចិញ្ចឹម​នៅ​ក្នុង​កែវ​​​​វិទ្យា​សាស្ត្រ​ក្នុង​​នោះ​កូន​ទី​២ មាន​បញ្ហា​សុខ​ភាព​ក៏​ត្រូវបាន​​ធ្វើ​ការ​សង្គ្រោះ​ដែរ ៕