រាជធានីភ្នំពេញ ៖ ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជាបានចេញរបាយការណ៍ស្ថិតិទេសចរណ៍បង្ហាញថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១២នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ១.៧៥៦.៦៥២នាក់ កើនឡើង២៦,៨% ប្រៀបធៀបរយៈពេលដូចគ្នានៃឆ្នាំ២០១១ ។ ដោយឡែក ក្នុងអំឡុងខែមិថុនា ឆ្នាំ២០១២ ភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជាមានចំនួន២៥០.៩១៨នាក់ កើនឡើង២៩,៨% ប្រៀបធៀបនឹងខែមិថុនា ឆ្នាំ២០១១ ។
តាមរបាយការណ៍ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិមកទស្សនារយៈពេល៦ខែដើមឆ្នាំ២០១២នេះ គឺបានបែងចែកភ្ញៀវទេសចរចូលតាមផ្លូវអាកាសមានចំនួន៨៥០.៨៧៩នាក់ ស្មើនឹង៤៨,៤% ក្នុងនោះតាមច្រករាជធានីភ្នំពេញ៣៤៣.២៨៦នាក់ ស្មើនឹង១៩,៥% និងតាមច្រកសៀមរាប៥០៧.៥៩៣នាក់ ស្មើនឹង២៨,៩% ។
មន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា ភ្ញៀវទេសចរអន្តរជាតិភាគច្រើនដែលចូលមកទស្សនាកម្ពុជាក្នុងរយៈពេល៦ខែនេះរួមមានភ្ញៀវមកពីប្រទេសវៀតណាម កូរ៉េ ចិន ឡាវ ថៃ អាមេរិក ជប៉ុន បារាំង អូស្ត្រាលី និងអង់គ្លេស ។ ប៉ុន្តែតាមតួលេខ គឺភ្ញៀវមកពីប្រទេសវៀតណាមស្ថិតនៅក្នុងលំដាប់ថ្នាក់លេខ១ បន្ទាប់មក គឺភ្ញៀវមកពីប្រទេសកូរ៉េ ។ យ៉ាងណាក៏ដោយ មន្ត្រីរូបនោះបានអះអាងថា ភ្ញៀវទេសចរមកពីបណ្តាប្រទេសទាំង១០ខាងលើនេះ គឹសុទ្ធតែមានចំនួនកើនឡើងជាបន្តបន្ទាប់ បើប្រៀបធៀបរយៈពេលដូចគ្នានៃឆ្នាំ២០១១ ។
ចំណែកភ្ញៀវទេសចរអន្តរជាតិដែលបានទៅ ទស្សនាតំបន់អាទិភាពទាំង៤ សម្រាប់រយៈពេល៦ខែ ដើមឆ្នាំ២០១២ គឺរួមមានតំបន់សៀមរាបអង្គរ ទទួលបានភ្ញៀវទេសចរ១.០៥៨.៦៥៧នាក់ កើនឡើង៣៤,៩% ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១១ ។ តំបន់រាជធានីភ្នំពេញទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន៦៩៧.៩៩៥នាក់ កើនឡើង១៦,២% ។ តំបន់ឆ្នេរសមុទ្រទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន១៥០.១២៩នាក់ កើនឡើង៥០,៧% និងតំបន់អេកូទេសចរណ៍ភូមិភាគឦសាន ទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន៣០.៨០២នាក់ កើនឡើង៩,១%ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១១ ។ទន្ទឹមនោះភ្ញៀវទេសចរកម្ពុជាដែលបានចេញទៅក្រៅប្រទេសសម្រាប់រយៈពេល៦ខែដើមឆ្នាំ២០១២នេះ មានចំនួន៣៨៨.៩៤៧នាក់ កើនឡើង៣២,៧% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១១ផងដែរ ៕
ចែករំលែកព័តមាននេះ