រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋចំនួន៣ភូមិដែលរស់នៅជាប់របងចំណតយន្តហោះអន្តរជាតិភ្នំពេញ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានធ្វើការតវ៉ាសុំឱ្យសាលារាជធានី និងសង្កាត់ចោមចៅដោះស្រាយផលប៉ះពាល់ ពេលដែលអាជ្ញាធរចាប់ផ្តើមវាស់វែងដីពង្រីករបងចំណតយន្តហោះប៉ះដីលំនៅឋានរបស់ពួកគាត់ ។
នៅព្រឹកថ្ងៃទី៧ សីហា ប្រជាពលរដ្ឋជាង៤០នាក់តំណាងប្រជាពលរដ្ឋ៣ភូមិខាងលើ បាននាំគ្នាទៅកាន់សាលាសង្កាត់ចោមចៅធ្វើការតវ៉ាដោយសន្តិវិធីនៅទីនោះ ដោយពួកគាត់បានស្នើសុំឱ្យអាជ្ញាធរជួយដោះស្រាយនូវផលប៉ះពាល់នានាខាងលើ ។ ប្រជាពលរដ្ឋម្នាក់ឈ្មោះ ភួង សុភាព ភេទស្រី អាយុ៣៨ឆ្នាំ និយាយថា ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការពង្រីករបងចំណតយន្តហោះនោះមានចំនួន៣ភូមិ ហើយកន្លងមកសាលារាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងឱ្យប្រជាពលរដ្ឋទាំងអស់ដែលមានទីលំនៅជាប់របងចំណតយន្តហោះអន្តរជាតិរុះរើចេញពីរបងចម្ងាយ១០ម៉ែត្រ ដើម្បីយកកន្លែងពង្រីកចំណត ។
ដោយសារតែផែនការនេះហើយ ទើបពួកគាត់ទាំងអស់គ្នានាំគ្នាមកធ្វើការតវ៉ាយ៉ាងស្វិតស្វាញហើយក្រោយមកមានការបន្ធូរបន្ថយនៅត្រឹមចម្ងាយ៥ម៉ែត្រវិញ ប៉ុន្តែទោះបីជាបែបនេះក្តីក៏វានៅតែមានការប៉ះពាល់ដល់លំនៅឋានរបស់ពួកគាត់ស្ទើរតែទាំងស្រុងដែរ ។ បន្ទាប់ពីចេញសេចក្តីជូនដំណឹងរួចមក នៅព្រឹកថ្ងៃទី៧ សីហា អាជ្ញាធរមិនបាននិយាយពីការចេញសំណងនៃផលប៉ះពាល់សម្រាប់ឱ្យពួកគាត់ទៅទិញផ្ទះនៅកន្លែងផ្សេងទៀតដើម្បីស្នាក់នៅនោះទេ ដែលប្រការនេះធ្វើឱ្យពួកគាត់យល់ថា អាជ្ញាធរបានចាត់ទុកប្រជាពលរដ្ឋទាំងអស់គឺជាអ្នករស់នៅអនាធិបតេយ្យ។
ប្រភពដដែលបានបន្តថា ពួកគាត់ភាគច្រើនគឺជាអតីតអ្នករស់នៅបុរីកីឡា ហើយការរស់នៅជាប់របងចំណតយន្តហោះនោះពុំមែនពួកគាត់ទៅចាប់ដីបានទទេៗឡើយគឺក្រោយពេលដែលទទួលបានគោលនយោបាយពីបុរីកីឡានោះហើយក៏បានយកលុយទៅទិញដី និងផ្ទះនៅជាប់ចំណតយន្តហោះនេះដើម្បីរស់នៅដោយមានអាជ្ញាធរទទួលស្គាល់ត្រឹមត្រូវផងដែរ ។ ពួកគាត់មិនមែនជាអ្នករស់នៅកន្លែងសំណង់អនាធិបតេយ្យនោះទេ ដូច្នេះអាជ្ញាធរគួរតែមានគោលនយោបាយចេញរាល់សំណងផលប៉ះពាល់ដល់ពួកគាត់ផង ហើយមុននឹងឱ្យពួកគាត់រុះរើលំនៅឋានចេញអាជ្ញាធរគួរតែគិតគូរពីបញ្ហានេះសិន ។ ដោយសារតែអត់ឮមានការនិយាយពីសំណងនោះហើយ ទើបពួកគាត់នាំគ្នាទៅតវ៉ាសុំឱ្យមានដំណោះស្រាយដ៏សមរម្យមួយ ដើម្បីឱ្យពួកគាត់បានទៅរកកន្លែងរស់នៅថ្មី ប្រសិនបើមិនដូច្នេះទេមិនដឹងថាពួកគាត់ត្រូវទៅរស់នៅទីណានោះឡើយ ។
ដោយឡែកអាជ្ញាធរសង្កាត់ចោមចៅបានឱ្យដឹងថា ប្រជាពលរដ្ឋដែលត្រូវជូនដំណឹងឱ្យរុះរើលំនៅឋានចេញពីរបងចំណតយន្តហោះចម្ងាយ៥ម៉ែត្រនោះមានចំនួន៣ភូមិគឺភូមិថ្មគោល ចំនួន៩៩គ្រួសារ ភូមិព្រៃជីសាក់ចំនួន៣២គ្រួសារ និងភូមិគោកចំបក់ចំនួន៤គ្រួសារ ។ នៅព្រឹកថ្ងៃទី៧ ខែសីហា មានប្រជាពលរដ្ឋជាង៤០នាក់បាននាំគ្នាទៅធ្វើការតវ៉ានៅសាលាសង្កាត់ ប៉ុន្តែអាជ្ញាធរសង្កាត់មិនមានលទ្ធភាពក្នុងការដោះស្រាយទេ បានត្រឹមតែធ្វើរបាយការណ៍រួចរាយការណ៍ជូនថ្នាក់លើប៉ុណ្ណោះ ៕



ចែករំលែកព័តមាននេះ