ខេត្តឧត្តរមានជ័យ៖ ច្រកទ្វារអន្តរជាតិចំនួន២គឺច្រកទ្វារអន្តរជាតិអូរស្មាច់ដែលស្ថិតនៅក្នុងភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង និងច្រកទ្វារអន្តរជាតិជាំស្រងាំ ស្ថិតនៅក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង នៅអំឡុងខែកក្កដា និងខែសីហា ឆ្នាំ២០១២នេះគឺភ្ញៀវអន្តរជាតិមានការថយចុះ ។
លោកវរសេនីយ៍ត្រី ង៉ុយ ជៀង អនុប្រធានប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍មាត់ច្រកទ្វារអន្តរជាតិអូរស្មាច់ឱ្យកោះសន្តិភាពដឹងថា នៅមាត់ច្រកទ្វារនេះក្នុងអំឡុងខែកក្កដា និងខែសីហា ឆ្នាំ២០១២ គឺភ្ញៀវអន្តរជាតិដែលធ្លាប់តែធ្វើដំណើរចេញចូលមានការថយចុះ ។ប៉ូលិសអន្តោប្រវេសន៍ និងក្រុមហ៊ុននានាដែលទទួលភ្ញៀវចូលមកធ្វើទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាបានខិតខំយកចិត្តទុកដាក់ផ្សព្វផ្សាយដល់ភ្ញៀវទាំងអស់ ។
ជុំវិញការថយចុះនេះមន្ត្រីនានានិយាយថា ភ្ញៀវខ្លាចឆ្លងជំងឺEV-71 តែតាមការអះអាងនេះមិនទំនងទេ ព្រោះជំងឺនេះមិនមានស្ថានភាពធ្ងន់ ហើយក៏មិនបានចម្លងដល់អ្នកទេសចរដែលមិនមែនជាកុមារទេ ហើយម្យ៉ាងទៀតជំងឺដែលយាយីលើកុមារនោះក៏អាស្រ័យដោយកង្វះអនាម័យតែប៉ុណ្ណោះ ។ ទោះជាយ៉ាងណាក្តីនៅក្នុងអំឡុងខែកញ្ញា ២០១២ ត្រូវបានរំពឹងថា ភ្ញៀវអាចនឹងកើនឡើងវិញ ។
លោកវរសេនីយ៍ត្រីបញ្ជាក់ថា នៅមាត់ច្រកទ្វារអន្តរជាតិអូរស្មាច់គឺសមត្ថកិច្ចកិច្ចកម្ពុជាបានយកចិត្តទុកដាក់ក្នុងការសម្របសម្រួលដល់ភ្ញៀវ និងការពារឱ្យមានសុវត្ថិភាពក្នុងការធ្វើដំណើរ ហើយប៉ូលិសអន្តោប្រវេសន៍បានរៀបចំក្នុងការឈប់សម្រាកមានទីតាំង និងមានបន្ទប់ទឹក មានបង្គន់អនាម័យត្រឹមត្រូវទៅតាមតម្រូវការរបស់ភ្ញៀវ ។លោកបន្តទៀតថា ប្រជាពលរដ្ឋទាំង២ប្រទេសកម្ពុជា និងថៃក្នុងការរកស៊ីដោះដូរមុខទំនិញទៅវិញទៅមកនៅមាត់ច្រកនេះគឺប្រជាពលរដ្ឋខ្មែរបាននាំចូលទំនិញពីប្រទេសថៃមានគ្រឿងសំណង់បន្តិចបន្តួចសម្រាប់តម្រូវការនៅក្នុងខេត្តសាងសង់លំនៅឋាន ព្រមទាំងទំនិញគ្រឿងទេសមួយចំនួនផងដែរ ។ ចំណែកមុខទំនិញនាំចេញទៅប្រទេសថៃវិញនោះគឺបានមកពីអនុផលព្រៃឈីដូចជាផ្សិត បន្លែ ស្លឹកឈើព្រៃ ចុងផ្តៅ និងផ្តៅ ជ័រទឹកចន្លុះ ។
ចំណែកប៉ូលិសអន្តោប្រវេសន៍បានសម្របសម្រួលជាមួយសមត្ថកិច្ចថៃលើបញ្ហាមធ្យោបាយក្នុងការធ្វើដំណើរចូលទៅផ្សារថៃ និងចូលមកផ្សារកម្ពុជាគឺប្រជាពលរដ្ឋទាំង២ប្រទេសអាចជិះរថយន្ត ម៉ូតូ កង់ចូលបានឱ្យតែមានស្លាកលេខត្រឹមត្រូវដើម្បីជួយកាត់បន្ថយថវិកាក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។ បើគិតពីប្រជាពលរដ្ឋខ្មែរចូលទៅផ្សារថៃក្នុង១នាក់ ជិះម៉ូតូឌុបតម្លៃ២០បាត ។
លោកនេត្យ ដារ៉ា ប្រធានច្រកទ្វារអន្តរជាតិជាំ ស្រងាំបានឱ្យកោះសន្តិភាពដឹងថា ការនាំមុខទំនិញចេញចូល និងភ្ញៀវអន្តរជាតិចេញចូលដូចជាមិនខុសប្លែកពីគ្នាប៉ុន្មានទេ ។ ដោយឡែកបញ្ហាសម្រាប់ទីតាំងមន្ត្រីបម្រើការងារនៅមាត់ច្រកទ្វារអន្តរជាតិនេះកំពុងជួបការលំបាកព្រោះខាងភាគីសៀមនៅតាមទីតាំងស្ថាប័នរបស់សមត្ថកិច្ចនីមួយៗពួកគេបានដាក់អូស្កូ សម្រាប់ធ្វើការងារ តែសម្រាប់ខាងកម្ពុជាវិញចង់សាងសង់ទីកន្លែងសម្រាប់បម្រើការងារឱ្យបានសមរម្យត្រូវខាងភាគីសៀមជំទាស់មិនឱ្យកសាងក្បែរបារ៉ាស់នោះទេ បើចង់សាងសង់គឺត្រូវថយចម្ងាយ១០០ទៅ១៥០ម៉ែត្រ ទើបគេឯកភាពឱ្យកសាងបាន ។ រឿងនេះយើងមិនយល់ព្រមទេគឺលោកបានកសាងជារោងតូចមួយសម្រាប់អង្គុយបម្រើការងារទាំង៤ស្ថាប័នរួមគ្នា ។
លោកបានអំពាវនាវដល់គណៈកម្មាធិការព្រំដែនជួយដោះស្រាយចំណុចច្រកទ្វារអន្តរជាតិជាំស្រងាំនេះ ក្នុងការកំណត់ព្រំសីមាឱ្យបានត្រឹមត្រូវងាយស្រួលក្នុងការរៀបចំទីតាំងឱ្យបានសមរម្យជាច្រកទ្វារអន្តរជាតិ ។ កាលពីខែមុននេះលោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាក៏បានចុះទៅពិនិត្យបង្គោលព្រំដែនលេខ១ដល់លេខ៣នៅតំបន់នោះដែរ ៕



ចែករំលែកព័តមាននេះ