ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹក​ស៊ី​ស្រវឹង​​មាន​ទំនាស់​គ្នា​​ជាមួយ​អ្នកជិតខាង​​​លោក​ស័ក្តិ​​5ដក​កាំភ្លើង​​​បាញ់គំរាម​​​​​ត្រូវ​ចាប់​ខ្លួន

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ​មន្ត្រី​យោធាថ្នាក់​វរសេនីយ៍​​ឯក​​ម្នាក់​​​ត្រូវ​ប៉ូលិស​​ប៉ុស្តិ៍​ច្រាំង​​​ចំរេះ​ទី​២​សហការ​ជាមួយ​​ប្រជាការពារ​​សង្កាត់​ចាប់​ខ្លួន​​ កាល​ពី​វេលាម៉ោង​​៨និង​៣០​នាទី​​យប់​ ថ្ងៃទី​​៦ សីហា បន្ទាប់​ពី​​​មន្ត្រី​​យោធា​រូប​នោះ​ផឹក​ស៊ី​ស្រវឹង​មាន​​ទំនាស់​ជាមួយ​​អ្នកជិត​ខាង​​ហើយ​ដក​កាំភ្លើង​​​ខ្លីម៉ាក​រ៉ូឡូបាញ់​​គំរាម​គូ​ទំនាស់​១គ្រាប់​​បង្កឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ។

មន្ត្រី​យោធា​ដែល​​​បង្ក​ការ​ផ្ទុះ​អាវុធ​ហើយ​ត្រូវ​​ប៉ូលិស​មូលដ្ឋាន​ចាប់​ខ្លួន​នេះ​ឈ្មោះ ពេជ្រ វុត្ថា ភេទ​ប្រុស​​ អាយុ​​៣៥​ឆ្នាំ មាន​ឋានន្តរ​ស័ក្តិវរ​សេនីយ៍ឯក(ស័ក្តិ៥) ជានាយ​រង​ការិយាល័យ​​បច្ចេក​ទេស​​​នៃសាកលវិទ្យាល័យ​​​ការពារ​ជាតិ​​មាន​ទីលំនៅ​​ក្នុង​សង្កាត់​ច្រាំង​​ចំរេះ​​ទី​២ ខណ្ឌ​ឫស្សីកែវ​ ។

តាមព័ត៌មាន​​ឱ្យ​ដឹងថា ​នៅ​យប់​ថ្ងៃ​​កើតហេតុ​​លោក​វរសេនីយ៍​​ឯក​ ពេជ្រ វុត្ថា បាននាំគ្នា​​ផឹក​ស៊ី​ក្នុង​ផ្ទះ​របស់​ខ្លួន​​ជាមួយ​​មិត្ត​ភក្តិ​​៣ទៅ​៤នាក់​ ។ នៅពេល​ផឹក​​ស្រវឹង​​​ក៏មាន​ទំនាស់​​ពាក្យ​សម្តី​​ជាមួយ​អ្នកជិតខាង​ឈ្មោះ​លឹម ប៊ុនលាង តែគេ​ពុំ​ដឹង​​ថា​ទាស់​គ្នា​រឿង​អីទេ​តែខ្លះថា ដោយសារ​​​​​ការ​ផឹក​ស៊ីឡូ​​ឡារំខានដល់​អ្នកជិត​ខាង​​​ ។ បន្ទាប់​ពី​មាន​ទំនាស់​គ្នា​​លោក​វរ​សេនីយ៍​​ឯកដែល​ត្រូវ​គេ​អះអាង​ថា ស្រវឹង​​ធ្លាក់​ភ្នែក​​​ផង​នោះ បានដក​កាំភ្លើង​​​ខ្លីម៉ាក​​រ៉ូឡូ​មាន​លេខ​​០០០៣៣១បាញ់​១គ្រាប់​គំរាម​គូទំនាស់តែពុំ​បង្ក​ឱ្យ​នរណាម្នាក់​រង​របួស​​ឡើយ ។

តាម​​ព័ត៌មាន​​បានឱ្យ​ដឹង​បន្ត​ថា ក្រោយ​ពេល​​ឮស្នូរ​ផ្ទុះ​អាវុធ​នៅយប់​​នោះ​ប៉ូលិស​ប៉ុស្តិ៍​​រួម​ជាមួយ​​ប្រជាការ​ពារ​​បានចុះ​ទៅ​អន្តរាគមន៍​​ឃាត់​ខ្លួន​​ជន​បង្ក​នាំ​មក​ប៉ុស្តិ៍​ដើម្បី​សួរ​នាំ​តែ​ដោយសារ​​គាត់​​ជាមន្ត្រី​យោធា​​ក៏​​​បាន​បញ្ជូន​ទៅកាន់​​បញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​​ខណ្ឌ​ឫស្សីកែវ​​ រួច​បញ្ជូន​បន្ត​ទៅ​កាន់ទី​បញ្ជាការ​​​កង​រាជអាវុធ​​ហត្ថ​រាជធានីភ្នំពេញ​ដើម្បី​ចាត់ការ​តាម​ច្បាប់ ។ តាម​ព័ត៌មាន​​ឱ្យ​ដឹងទៀត​ថា មន្ត្រី​យោធា​​រូបនោះ​ឱ្យ​តែ​ស្រវឹង​​កាច​ខ្លាំង​ណាស់​ចូល​ចិត្ត​យក​កាំភ្លើង​​មក​ភ្ជង់​គេ​ឯង​​​តែ​ទីបំផុត​​​ត្រូវ​ទឹក​ភ្នែក​ពេល​សមត្ថកិច្ច​​បញ្ជូន​ទៅ​ដាក់​ទ្រុង​​ ៕