រាជធានីភ្នំពេញ ៖ ស្ត្រីជនជាតិវៀតណាមម្នាក់កំពុងអង្គុយលើរទេះម៉ូតូលក់បបរចតនៅចិញ្ចើមផ្លូវ ស្រាប់តែមានរថយន្តកូរ៉េចំណុះ២តោនមួយគ្រឿងអ្នកបើកបរវិលមុខក៏ជ្រុលទៅបុករទេះម៉ូតូលក់បបរ បណ្តាលឱ្យបែកកញ្ចក់ទូ និងធ្លាក់ស្ត្រីនោះពីលើម៉ូតូដួលថ្លោះចង្កេះ កាលពីវេលាម៉ោង២រសៀលថ្ងៃទី៦ សីហា លើកំណាត់ផ្លូវលេខ២៧១ មុខភោជនីដ្ឋានសួនកុលាបភ័ក្រ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
តាមអ្នកបើកបររថយន្តកូរ៉េចំណុះ២តោន ពណ៌ខៀវ បានឱ្យដឹងថា មុនពេលកើតហេតុរថយន្តរបស់គាត់ដឹកទ្វារដែកពីផ្សារតូចយកទៅឱ្យម៉ូយនៅម្តុំវត្តដំបូកខ្ពស់ បើករថយន្តតាមផ្លូវលេខ២៧១ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចខាងលើគាត់វិលមុខទើបរេចង្កូតទៅបុករទេះម៉ូតូលក់បបរ ។ ចំណែកបុរសឈ្មោះហ្វុង អាយុ៤៣ឆ្នាំ ជនជាតិវៀតណាម ជាអ្នកលក់បបរតាមរទេះ ស្នាក់នៅផ្ទះជួលម្តុំលូទឹកស្អុយ ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន បានឱ្យដឹងថា ជារៀងរាល់ថ្ងៃគាត់តែងតែជិះម៉ូតូអូសរទេះលក់បបរពីរនាក់ប្រពន្ធឈ្មោះវ័ង ពិតលាង អាយុ៥៤ឆ្នាំ ។
មុនពេលកើតហេតុគាត់បានឈប់រទេះម៉ូតូបបរនៅលើចិញ្ចើមផ្លូវជាប់ភោជនីយដ្ឋានសួនកុលាបភ័ក្រចំណែករូបគាត់ដើរទៅទិញប៊ីចេង ស្ករ នៅជិតកន្លែងកើតហេតុនោះ ហើយប្រពន្ធ នៅអង្គុយលើម៉ូតូរង់ចាំលក់បបរ ស្របពេលនោះស្រាប់តែមានរថយន្តកូរ៉េ ពណ៌ខៀវ បើកទៅបុករទេះម៉ូតូបបរឮសូរផាំងធ្វើឱ្យប្រពន្ធរបស់គាត់ធ្លាក់ពីលើរទេះថ្លោះចង្កេះ និងរបួសជង្គង់ខាងស្តាំ ព្រមទាំងធ្វើឱ្យបែកកញ្ចក់ទូ និងកំពប់បបរខ្ចាយពេញថ្នល់ ។
ក្រោយពេលកើតហេតុ ស្ត្រីរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅគ្លីនិកឯកជន ចំណែករថយន្តមិនបានបើករត់គេចទេ បានចុះទៅចរចាគ្នាជាមួយម្ចាស់រទេះបបរនោះ បុរសជាប្តីបានទាមទារសំណង២៥០ដុល្លារ យកមកព្យាបាលរបួស និងជួសជុលរទេះ តែខាងរថយន្តសុំសង២១០ដុល្លារ ៕




ចែករំលែកព័តមាននេះ