ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណាង​បំផុត​​​​​ដួល​ម៉ូតូ​​​មុខ​​រថយន្ត​​​​ធុន​ធំ​​ បើក​ទៅ​​ផុត​​មនុស្ស​​​អត់​អី​

13 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​​​ ៖ ​គ្រូ​ពេទ្យ​​​ម្នាក់​ឈ្មោះ​​ធី​ ភេទ​​ប្រុស អាយុ​​​៥៥​ឆ្នាំ​​ ​ពិត​ជា​​​សំណាង​មួយ​​ក្នុង​​មួយ​​​​ម៉ឺ​ន​​គ្រោះ​ថ្នាក់​​ ដោយសារ​​តែ​រថយន្ត​​ដឹក​​​គ្រឿង​​​ទេស​ធុន​ធំ​​​​មួយ​គ្រឿង​​​​មិ​នបា​ន​កិន​​​​ ខណៈ​​ដែល​​​​គាត់​​​​ជិះ​​​ម៉ូតូ​​​​សេ​​១២៥​​ ស៊េ​​រី​​២០០៧​ដួល​នៅ​​​លើ​​​ផ្លូវ​ជាតិ​​​​​​លេខ​​៧​​​ ពីមុខ​រថយន្ត​​​​​នៅ​​​​ចំណុច​​​​ភូមិ​​​​សេន​​​​សុន​ជើង​​ ឃុំ​​​ស្រងែ​​ ស្រុក​​​​ព្រៃ​ឈរ​​​ ​កាល​ពី​វេលា​ម៉ោង​​​៧​និង​​​៤៥​​​​​​នាទី​​​យប់​​​ថ្ងៃ​​​​ទី៣១ កក្កដា ​កន្លង​​​​មក​​នេះ​​​​​​ ​​​ដែល​រថយន្ត​បើក​​​ពី​លើ​ តែ​បែរ​ជា​មិន​បាន​​​​​​​​កិន​​ស្លាប់​ ។

​​​អ្វី​ដែល​​​​គួរ​​ឱ្យ​កត់​សម្គាល់​​​​​ទៀត​នោះ​ គឺ​​​ខុស​​គ្នា​​តែ​​​​រយៈ​ពេល​​​​​​១០​នាទី​​​​​ប៉ុណ្ណោះ​ ​ចម្ងាយ​​​ពី​​​​គ្នា​​​ប្រហែល​ជា​៥០​​ម៉ែត្រ​​​ យុវ​ជន​​​២​​នាក់​​ជិះ​​​ម៉ូតូ​​​សេ​១២៥​​ ពណ៌​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្មៅ​​​​ ស៊េរី​​២០១១ ​ដួល​បោក​​ក្បាល​ទៅ​នឹង​​​​​ថ្នល់​​​ បណ្តាល​ឱ្យ​​​​​​រង​របួស​​​​ធ្ងន់​​​​សន្លប់​ម្នាក់​​​ ត្រូវ​​បាន​ដឹក​​​ទៅ​សង្គ្រោះ​​​​នៅ​រាជ​ធានីភ្នំពេញ​​​​ទាំង​យប់ ។​

​​លោក​អនុ​សេនីយ៍​ឯក​ ​​សេង​ ណា​ ​ប្រធាន​​​​ការិយា​ល័យ​​​ចរាចរណ៍​នៃ​អធិការ​ដ្ឋាន​​​នគ​របាល​​​ស្រុក​​ព្រៃ​ឈរ​​ ប្រាប់​កោះ​សន្តិ​ភាព​​​ឱ្យ​ដឹង​ថា ​​គ្រោះ​​​ថ្នាក់​​​ទី​​១​ គឺ​លោក​​​គ្រូ​ពេទ្យ​​​​​​​​​​​​​​​​​​ម្នាក់​រស់​នៅ​​​​ស្រុក​ជើង​ព្រៃ​​​ បាន​ជិះ​ម៉ូតូ​​ម្នាក់​ឯង​​​​​​ពាក់​មួក​សុវ​ត្ថិ​ភាព​​​ ក្នុង​ទិស​ដៅ​​​​ពី​កើត​​ទៅ​លិច​​ ស្រប​​ពេល​​​ដែល​​​​​មេឃ​​កំពុង​​​​ភ្លៀង​​​​ផង​​​ លុះ​​​​​ជិះ​​​​​ដល់​​ត្រង់​​​ភូមិ​សេន​​​សុន​ជើង​​ ក៏​រអិល​​​​​​ល្បាក់​​​​ថ្នល់​​​កៅ​ស៊ូ​​​​​ដែល​​​​​អ៊ុត​​​​រួច​​មួយ​
ចំហៀង​​​​ទៀត​នៅ​សល់​​​មួយ​ចំហៀង​​​ទៀត​បណ្តាល​ឱ្យ​ដួល​​​​ផ្លោង​​​ចេញ​ពី​​​ម៉ូតូ​ ។​ ​ស្រប​ពេល​​នោះ​​ក៏​មាន​​​​​​រថយន្ត​​ដឹក​គ្រឿង​ទេស​​មួយ​គ្រឿង​​​​បើក​ស្រប​ទិស​គ្នា​​​​មក​ពី​ក្រោយ​​​​ដែ​ល​បើក​បរ​​ដោយ​ឈ្មោះ​​​យ៉ាន​ ហេង​ ភេទ​ប្រុស​​ ​អាយុ​​​២៥​ឆ្នាំ​​ រស់់​នៅ​​ភូមិ​​​​តា​ឡាច​​ ឃុំ​​តា​ឡាច​ ស្រុក​ព្រៃ​​​កប្បាស​ ខេត្ត​​តា​កែវ​​ ដែល​​មាន​​​ស្មា​រតី​​​រឹង​មាំ​​​បាន​ព្យា​យាម​​​​បួង​ចង្កូត​​​រថយន្ត​​​​​ឱ្យអ្នក​​​​​​​ខ្ទាត​ពី​ម៉ូតូ​​នៅចំ​​ពី​ក្រោម​កណ្តាល​​​​​​​រថយន្ត​ ដើម្បី​​​បញ្ជៀស​​គ្រោះ​ថ្នាក់​ ។​

ពេល​បើក​​​​ផុត​បន្តិច​​​​ក៏​បា​ន​ចាប់​​​​ហ្វ្រាំង​​ធ្វើ​ឱ្យ​រថយន្ត​​​​រអិល​​​​កង់​ម្ខាង​​ធ្លាក់​​​ទៅ​ចិញ្ចើម​​​ថ្នល់​​ ហើយ​អ្នក​បើក​បរ​​​រថយន្ត​​​បាន​ពន្លត់​​​ម៉ាស៊ីន​​​​រួច​​ប្រញាប់​បើក​​​​ទ្វា​រ​រថយន្ត​​​​​រត់​គេច​​ តែ​បាន​មួយ​​​សន្ទុះ​​​​ក្រោយ​ម​ក​ពេល​​​​​សួ​រ​នាំ​​អ្នក​​ភូមិ​នៅ​​ក្បែរ​នោះ​​​ថា​ រថយន្ត​​​​របស់​ខ្លួន​​​មិន​បាន​កិន​​​មនុស្ស​​​​ទេ​​ ​​ក៏​ត្រឡប់​​មក​​រក​រថយន្ត​​​វិញ ។​​លោក​​​អនុ​សេនីយ៍​​​ឯក សេង​ ណា​ ​បញ្ជាក់​ថា ​ពេល​គ្រូ​ពេទ្យ​​​​​ដែល​​​រ​ង​គ្រោះ​​​​​មិន​ទាន់​​​ត្រូវ​បាន​​រថយន្ត​សា​មុយ​​​​ដឹក​ចេញ​​ទៅ​​កាន់​មន្ទីរ​ពេទ្យ​​​​ផង​ បែ​រ​​ជា​មាន​យុវជន​​​​ពីរ​នាក់​​ជិះ​ម៉ូតូមួយ​​គ្រឿង​​​​ម៉ា​ក​សេ​១២៥​​​ ស៊េរី​​២០១១​ ពណ៌​ខ្មៅ​​ ជិះ​​​​ពី​លិច​ទៅ​កើត​​​​ផុត​ពី​កន្លែង​​​​​​​គ្រូ​​ពេទ្យ​​​​ជួបគ្រោះ​​ថ្នាក់​​​​​ប្រហែល​​៥០​​​ម៉ែត្រ​​​​ ក៏​រអិល​​នឹង​​ថ្នល់​​កៅ​ស៊ូ​​ដែល​គេ​អ៊ុត​​​​បាន​​មួយ​​​ចំហៀង​​​ដួល ​បណ្តាល​​ឱ្យ​​​យុវ​ជន​​​​ឈ្មោះ​សេង​ ប៊ុ​ន​ហេង​ អាយុ​​​​២៤​​ឆ្នាំ ​​​រស់​នៅ​​​​ភូមិ​​​តា​កុច​ ឃុំ​​​ស្រងែ​ ស្រុ​ក​ព្រៃ​ឈ​រ​​ ជា​អ្នក​ឌុប​​ បោក​ក្បាល​​​​នៅ​នឹង​ថ្នល់​​របួស​​​ធ្ងន់​​​សន្លប់​​​​​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​​​​នៅ​រាជ​ធានី​​ភ្នំពេញ​​​ទាំង​យប់​ ។​ ​

​​ជា​រឿយ​ៗ​​​​គ្រោះ​​ថ្នាក់​​កើត​ឡើង​​​ជា​ញឹក​ញាប់​ ភាគ​ច្រើន​​​​អ្នក​ជិះ​ម៉ូតូ​​​​តែង​​​តែ​ដួល​​​ដោយ​សារ​តែ​​​រអិល​​​នឹង​គែម​​​​ថ្នល់​​​កៅ​ស៊ូ​​​ដែល​គេ​​អ៊ុត​​ខ្ពស់​ទាប​​ ​បណ្តាល​ឱ្យ​​​មាន​គ្រោះ​ថ្នាក់​​​​​​​​​​​​​​​​​​​ដូច​ករណី​ខាង​លើ​​នេះ។ ជា​មួយ​​​នោះ​ដែរ​​​ ​​​​​​​​​​​​​ក្នុង​នា​ម​​​សមត្ថ​កិច្ច​​​​​លោកសេង ណា បាន​សំណូម​ពរ​​​ឱ្យ​ក្រសួង​​​​​សាធារ​ណៈ​ការ​​ និង​ដឹក​ជញ្ជូន​​​ ដែ​ល​ទទួល​​​​រ៉ាប់​រង​​ការ​អ៊ុត​​​កៅ​ស៊ូ​​​ក្រាល​​​ថ្នល់​​​មេត្តាជួយ​សម្រួល​​​​ ធ្វើ​យ៉ាង​ណា​​​បញ្ជៀស​​​គ្រោះ​ថ្នាក់​​​កុំ​ឱ្យ​​​អ្នក​ធ្វើ​ដំណើរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយ​​ម៉ូតូ​ដួល ដោយសារ​​គែម​ថ្នល់​​បែប​នេះ​​ ៕