ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោង​​ម៉ាស៊ី​​ន​​អារ​​ឈើ​ខុស​ច្បាប់​​​នៅស្រុក​ជុំ​គិរី​​​​​កំពុង​​​រី​កដូច​​ផ្សិត​

13 ឆ្នាំ មុន

ខេត្ត​កំពត​ ៖ ​ឈ្មួញ​​រក​​ស៊ី​ឈើ​ខុស​ច្បាប់​​​នៅ​ក្នុង​ទឹក​ដី​​​​ស្រុក​ជុំ​គិ​រី​​​ កំពុង​​​ដំឡើង​​​ម៉ាស៊ីន​​​អារ​ឈើ​​ជា​ច្រើន​​កន្លែង​​​​ដែល​តាម​​​​​ប្រភព​​​ខ្លះ​ថា ​​មាន​ដល់​ទៅ​​​៩​កន្លែង​​ ។​ តាម​​​សេចក្តី​​រាយ​ការណ៍​​​ពី​​ស្រុក​​ជុំ​​គិរី​​​ឱ្យ​ដឹង​ថា ​រោង​ម៉ាស៊ីន​​​អារ​​និង​ច្រៀក​​​ឈើ​ទាំង​​​៩កន្លែង​​​នោះ​ ត្រូវ​​​បាន​ឈ្មួញ​​រកស៊ី​ឈើ​ខុស​ច្បាប់​​​​ដំឡើង​​​​ក្នុង​ឃុំ​​​ពី​រ​​ គឺ​ឃុំ​​ត្រពាំ​ង​​រាំង​​ និង​ឃុំ​​​ស្រែ​ចែង​​ ​ហើយ​ក្នុង​ឃុំ​​​​​ទាំង​ពីរ​​នេះ រោង​​ម៉ាស៊ីនច្រើ​ន​ជា​ង​​គេ​​ គឺ​​នៅ​ក្នុង​ឃុំ​ត្រពាំង​​រាំង​ ។​

ប្រភព​ព័ត៌មានបាន​រាយ​កាណ៍​​​ឱ្យ​ដឹង​​ទៀត​ថា​ ឈើ​ដែល​​​​ដឹក​ចូល​​​យក​មក​អារ​​​នៅ​ក្នុ​ង​រោង​​​​ម៉ាស៊ីន​​​​ទាំង​​៩​កន្លែង​​ក្នុង​​​​ស្រុក​ជុំ​គិ​រី​​​នេះ​ គឺ​​​គេ​ដឹក​​ចេញ​ពី​​​តំបន់​​​តា​កែន​​​កោះ​ស្លា​ ហើយ​​​​ការ​ដឹក​ជញ្ជូន​​​​​​ឈើ​តាម​​​រទេះ​​គោ​​-ក្របី​នេះ​​ ក្នុង​មួយ​​​ថ្ងៃ​ៗ​មាន​​​រាប់​​សិប​​រទេះ​​ ។ ​ថៅ​កែ​ដែល​ជា​​ម្ចាស់​រោង​​ម៉ាស៊ីន​​ហ៊ាន​ទទួល​ទិញ​​ឈើ​ច្រើន​​​ហើយ​មាន​​​ទ្រង់​​ទ្រាយ​ធំ​​​ជាង​គេ​​​​មាន​តែ​ម្នាក់​ទេ​ ​នៅ​ស្រុក​ជុំ​គិរី​​នេះ ។ ​​​​ថៅ​កែ​រូបនេះ​គ្មាន​ញញើត​​​នឹងការ​​​រក​ស៊ី​​ឈើ​ខុស​ច្បាប់​​​​​ឡើយ​​ ​ពី​ព្រោះ​​​គេ​​ឃើញ​​​​​​ទី​តាំង​រោង​​​ម៉ាស៊ីន​​អារ​​ឈើ​​​​របស់​ថៅ​​កែ​រូប​នេះ ​​មាន​​ជីក​ស្រះ​​​មួយ​យ៉ាង​​​ធំ​នៅ​ជិត​រោង​​​​​ម៉ាស៊ីន​​​​​ ដោយ​ដាក់​​ឈើ​រាប់​សិប​​ម៉ែត្រ​​​​​​គូប​​​ដែល​អារ​រួច​​​​​​ហើយ​រថយន្ត​មក​ដឹក​​​ជញ្ជូន​​​​​ចេញ​មិន​​ទាន់​​ ។

ថៅ​កែ​រូប​នេះ ​​បាន​និយាយ​​ប្រាប់​អ្នក​កាសែត​​ថា ស្រុក​ជុំ​គិរី​​​ បើ​អ្នក​​​កាសែត​​​ ឬ​សមត្ថ​កិច្ច​​​​ស្ថាប័ន​​​​​​ណា​ចង់​​​ចូល​ទៅ​​​ស៊ើបរឿង​​​ឈើ​ខុស​ច្បាប់​​​ត្រូវ​​មាន​ទំនាក់​ទំនង​​​​​ជា​មួយ​​​​អាជ្ញាធរ​​​ជា​មុន​ ដើម្បី​ការ​ពារ​​​​សុវត្ថិ​ភាព​​​​ ឬ​បញ្ហា​​​សន្តិ​សុខ​​​ផ្សេងៗ​​នៅ​ក្នុង​តំបន់​នេះ​ ​ដែ​ល​ពល​រដ្ឋ​​​ភាគ​ច្រើន​​​​គឺ​រក​ស៊ី​​​ឡើង​ភ្នំ​​​កាប់​ឈើ​ធ្វើ​ជា​មុខ​​របរ​​របស់​គាត់ ។​ ជុំ​វិញ​​ករ​ណី​​​​​កាប់​​​​ឈើ​ខុស​ច្បាប់​​​​​ចេញ​ពី​​​តំបន់​​​​ព្រៃ​តា​កែន​កោះ​ស្លា​​ ដឹក​មក​ដាក់​​​​​អារ​​ច្រៀក​​​តាម​រោង​​ម៉ាស៊ីនក្នុង​​ស្រុក​ជុំ​គិរី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នេះ​​ ​​លោក​ស៊ុយ ធា​ ប្រធាន​មន្ទីរ​​​​​បរិស្ថាន​​​​ខេត្ត​​​​​ កាល​ពី​ថ្ងៃ​អាទិត្យ​ទី​​៥ សីហា ​បាន​ថ្លែង​​ថា ការ​កាប់​​​បំផ្លាញ​​​​​ព្រៃ​ឈើ​​ធ្វើ​អាជីវ​កម្ម​​​ខុស​ច្បាប់​​​​នៅ​តំបន់​​​​​ព្រៃ​ភ្នំ​​​​​តា​កែន​កោះ​ស្លា​ ស្រុក​ឈូក​​ និង​ដឹក​មក​​​ធ្វើ​សកម្ម​ភាព​​​​អារ​ច្រៀក​​​ក្នុង​ស្រុក​ជុំ​គិ​រី​​នេះ ពី​មុន​​​​លោក​ដឹង​​ថាមាន​មែន​​ ប៉ុន្តែ​​​បច្ចុប្បន្ន​​លោក​ពុំ​​បាន​ដឹង​​​​​ថា សកម្ម​ភាព​​​​នេះ​នៅ​​មាន​ទេ​​ ។ ​​បើ​នៅ​​​​មាន​ លោក​​​នឹង​ធ្វើ​​​​​​​ផែន​​ការ​​ដើម្បី​​​សុំ​គោល​​​ការ​​​​ណ៍​ពី​​​​លោក​អភិ​បាល​​​​ខេត្ត​​​​ ធ្វើ​​ការ​​ទប់​ស្កាត់​​​​។ ម្យ៉ាង​​ទៀត​​​ លោក​​​​​ទើប​នឹង​​ទទួល​តួនាទី​​​នេះ​ផង​​ ដូច្នេះ​​​​លោក​ក្តាប់​ពុំ​ទាន់​ជុំ​​ទេ តែ​លោក​នឹង​​​សុំ​គោល​ការ​​ណ៍​ពី​ខេត្ត​​ ចុះ​បង្ក្រាប​​​ករណី​ខាង​​លើ​ឱ្យ​ខាង​តែ​បាន​ ។

​យោ​ង​តាម​ប្រភព​​រាយការណ៍​​​បានអះអាង​​ថា​ ករណីនេះ​​​ផ្អាក​​​សកម្ម​ភាព​​​​តែ​មួយ​រយៈ​ខ្លី​​​​ប៉ុណ្ណោះ​​ដូច​​គេ​វាយស្មៅ​​បង្អើល​​ពស់​ ។ ផ្ទុយ​​ទៅ​វិញ​​​ បច្ចុប្បន្ន​​ក្រុម​​​​ឈ្មួញ​​ដំឡើង​​​រោង​ម៉ាស៊ីន​​​អារ និង​ច្រៀក​​ឈើ​នៅ​​ក្នុង​ស្រុក​ជុំ​គិរី​នេះ​ មាន​​សកម្មភាព​​​ផុល​ផុស​​ ដោយ​គ្មាន​​​ញញើត​​​​នឹង​​បទ​បញ្ជា​​​លេខ​​០១ ​របស់​​​សម្តេច​អគ្គ​​​មហា​សេនា​បតី​តេ​ជោ​​ ហ៊ុន សែន​  ប្រមុខ​​រាជ​រដ្ឋា​ភិបាល​​​បន្តិច​​សោះ​ ។​

ក្រុម​ឈ្មួញ​​​រក​ស៊ី​ឈើ​ខុស​ច្បាប់​​ហ៊ាន​ធ្វើ​​​​សកម្ម​ភាព​យ៉ាង​ផុល​ផុស​នេះ ​​គឺ​ពួកគេ​​អាង​​អ្នក​មាន​​​​​​អំណាច​​ម្នាក់​​នៅ​​​ពីក្រោយ​​ ។​
​មជ្ឈ​​ដ្ឋាន​​​នានា បាន​វាយ​​តម្លៃ​​​ថា បើ​គ្មាន​​​អំពើ​​​ឃុប​ឃិត​​ទទួល​ប្រាក់​​ពី​អ្នក​​កាប់​ឈើ​ខុស​ច្បាប់​ទេ​ម៉្លេះ​​អ្នក​រកស៊ីកាប់​ឈើ​​ខុស​ច្បាប់​​ទាំង​នោះ​​មិន​​ហ៊ាន​ចូល​កាប់​ឈើ​​​ឡើយ​ ។ មិន​​​អាច​ស្វែង​​​រក​ការ​បំ​ភ្លឺ​​​​​​ពី​អាជ្ញា​ធរ​​​​នៅ​តំបន់​​នោះ​បាន​ទេ ​​​​​​​​​​​ជុំ​វិញ​​ករណី​​ខាង​លើ​នេះ​​ ៕