រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវប្រជាពលរដ្ឋនាំគ្នាចាប់ខ្លួនកាលពីវេលាម៉ោង៣និង៤៥នាទីរសៀលថ្ងៃទី៦ សីហា ២០១២ ខណៈពេលធ្វើសកម្មភាពលួចម៉ូតូធុនសេ១០០ កូរ៉េ ពណ៌ក្រហម មួយគ្រឿងដែលម្ចាស់ចតទុកមុខវិហារអ៊ិស្លាមមុខដាច់ ចូលទៅថ្វាយបង្គំព្រះនៅតាមផ្លូវទន្លេសាប ស្ថិតក្នុងភូមិទី៣ សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ ។
ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះសុខ វ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ជាអ្នករត់ម៉ូតូឌុបមានលំនៅផ្ទះជួលភូមិទី១ សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ ។ ចំណែកម្ចាស់ម៉ូតូឈ្មោះម៉ាន ឡោះ ភេទប្រុស អាយុ៥១ឆ្នាំ ជាជនជាតិអ៊ិស្លាម មានលំនៅផ្ទះលេខ១១ ផ្លូវទន្លេសាបភូមិទី៣ សង្កាត់ជ្រោយចង្វា ។ ជនសង្ស័យមានបក្សពួកតែម្នាក់ឯងបានឆ្កឹះសោម៉ូតូលួចបញ្ឆេះប្រុងជិះចេញ តែសំណាងអាក្រក់ប្រជាពលរដ្ឋក្បែរខាងឃើញទាន់ស្រែកឆោឡោហើយនាំគ្នាចាប់បាននៅពេលដែលជននោះព្យាយាមរត់គេចបានប្រមាណ៦០ម៉ែត្រ ។
តាមព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុម្ចាស់ម៉ូតូឈ្មោះម៉ាន ឡោះ បានជិះម៉ូតូធុនសេ១០០ កូរ៉េពណ៌ក្រហម មួយគ្រឿងធ្វើដំណើរទៅថ្វាយបង្គំព្រះនៅវិហារអ៊ិស្លាមមុខដាច់ ។ ពេលកំពុងថ្វាយបង្គំ ស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពលួចយកម៉ូតូប្រុងជិះចេញតែត្រូវអ្នកជិះខាងឃើញស្រែកថា ចោរៗនាំគ្នាដេញចាប់បានតែម្តង ។ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូពិតមែន តែពុំទាន់បានសម្រេចនោះទេ ៕
ចែករំលែកព័តមាននេះ