រាជធានីភ្នំពេញ ៖ យុវជនម្នាក់រយះដៃខាងឆ្វេង ខណៈពេលជិះម៉ូតូបត់ឆ្វេងទាក់ឈ្នាន់ម៉ូតូជាមួយកង់រថយន្តរយះផ្ទុះកង់មុខខាងឆ្វេង បណ្តាលឱ្យម៉ូតូដួលរងរបួស កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៦ សីហា លើកំណាត់ផ្លូវលេខ២៧១ មុខមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
រថយន្តហាយឡែនឌ័រ ពណ៌ស្ករ បែកកង់មុខខាងឆ្វេងមុតនឹងឈ្នាន់ម៉ូតូ និងបែកកញ្ចក់ចំហៀងខាងឆ្វេង ចំណែកម៉ូតូវៀចឈ្នាន់ចូលជាមួយចង្កេះលេខ និងខូចខាតចំហៀងខាងឆ្វេង។ ក្រោយពេលកើតហេតុទម្រាំប៉ូលិសចុះទៅជួយអន្តរាគមន៍ភាគីទាំងពីរឈ្លោះប្រកែកគ្នាបែកផ្សែងដោយសារតែម្នាក់ៗដណ្តើមយកត្រូវរៀងខ្លួនមិនមានអ្នកខុស ។ លុះពេលប៉ូលិសទៅដល់ភាគីទាំងពីរបានសម្របសម្រួលគ្នាដោយភាគីខាងម៉ូតូបានទាមទារការខូចខាតចំនួន៣០០ដុល្លារ តែម្ចាស់រថយន្តមិនព្រមត្រូវសមត្ថកិច្ចយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌចំការមនរង់ចាំការដោះស្រាយបន្តទៀត ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ