ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេក្ខនារីរាជធានីភ្នំពេញ​ក្លាយជាតារាចម្រៀងឯក The IDOL បេះដូងខ្មែរ

13 ឆ្នាំ មុន

​​រាជ​ធានី​ភ្នំពេញ​ ៖ ក្រោយ​ពី​ឆ្លងកាត់​នូវ​វគ្គ​ជម្រុះ​ប្រកួតប្រជែង​បង្ហាញ​សមត្ថភាព​លើ​គ្រប់​វិញ្ញាសា​​នៃ​ប្រភេទ​បទចម្រៀង​ចំនួន​៩​ស​ប្ដា​ហ៍ នៅ​រាត្រី​ថ្ងៃទី​២៧​ ខែកក្កដា ​កន្លង​ទៅ​នេះ​​ កម្ម​វិធី​​ប្រកួត​តារាចម្រៀង​​ឯក THE IDOL បេះដូង​ខ្មែរ ​រក​ឃើញ​អ្នក​ទទួល​ជ័យ​លា​ភី​ហើយ​ គឺ​បាន ទៅ​លើ​ THE IDOL I​៤ កែវ​ សុ​បញ្ញា​​ ដែល​ជា​បេ​ក្ខ​នារី THE IDOL នៅ​​រាជធានី​ភ្នំពេញ​។

ក្នុង​ចំណោម​អ្នកប្រមាញ់​ក្ដី​ស្រមៃចំនួន​៥​រូប ​នៃកម្មវិធី​ប្រកួត THE IDOL​ទាំងអស់​ត្រូវ​បង្ហាញ​សមត្ថភាព​ក្នុង​ទម្រង់​ជា​កម្មវិធី​ប្រគំ​តន្ដ្រី​ខ្នាត​តូច​ជាមួយនឹង​បទ​ចម្រៀង​​ចំនួន​២​បទ​ ច្រៀង​និង​សម្ដែង​យ៉ាងណា​ដែល​​អាច​ផ្ដល់​នូវ​ការកម្សាន្ត​​ និង​ភាព​សប្បាយ​រីក​រាយ​ចំពោះ​ទស្សនិកជន​ឱ្យ​បានក្នុង​នាម​ជា​តារាចម្រៀង​​ថ្មី​មួយ​រូប ​តាម​លក្ខខណ្ឌ​របស់​គណៈកម្មការ​រៀបចំ​កម្មវិធី​ប្រកួត​ទាំងមូល​តម្រូវ ​។​

ភាពកម្សាន្ត​សប្បាយ​រីករាយ​នា​រាត្រី​នោះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ពន្លក​យុវ​តារា​ចម្រៀង​ អ្នកប្រមាញ់​ក្ដី​ស្រមៃ THE IDOL ​ទាំង​៥​រូប​ ក្នុង​នោះ​មាន THE IDOL I​៤​ កែវ សុ​បញ្ញា​ ដែល​ជា​បេ​ក្ខ​នារី​ THE IDOL មក​ពី​រាជ​ធានី​ភ្នំពេញ THE IDOL I៥​ ឃុន​ ច័​ន្ទ្រ​តា​រាវ​ត្ដី​ ដែល​ជា​បេ​ក្ខ​នារី THE IDOL ​មក​ពី​ខេត្ដ​សៀមរាប THE IDOL I៩ សាយ​ ច័​ន្ទ្រ​កន្និកា​​ ដែល​ជា​បេ​ក្ខ​នារីTHE IDOLមក​ពី​ខេត្ដ​សៀមរាប​ THE IDOL I​១០​ លុយ​ ភ​ត្ដ្រា ដែល​​ជា​បេក្ខជន THE IDOL មក​ពី​ខេត្ដតាកែវ និង​ THE IDOL I​១២ ឈុំ​ រ៉ូ​បឺត​​ ដែល​ជា​បេក្ខជន THE IDOL​ មក​ពី​ខេត្ដកំពត​ ។ ក្រៅពី​នេះ​​​មានការ​ចូលរួម​ពី​តារា​បង្ហាញ​ម៉ូដ​Khmer​ Super Model តារាចម្រៀង​យុវ​កុមារ Kodomo ព្រមទាំង​តារាចំរៀងTHE IDOL ជំនាន់​ទី​២​ផង​ដែរ ។ អ្វី​ដែល​ពិសេស​នោះ​ គឺ ទឹកចិត្ដ​អ្នកកីឡា​នៃ THE IDOL ទាំង​៦​រូប​ដទៃ​ទៀត​ ​ដែល​ពុំ​មានឱកាស​ចូល​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ បាន​ត្រឡប់​មក​ជួប​ទស្សនិកជន​របស់​ខ្លួន​ជា​ថ្មី​
ផ​ង​​ដែរ ​។​

ក្នុង​កម្មវិធី​នេះ​ដោយ​សំឡេង​​មហា​ជន​​ច្រើន​លើសលប់​​បាន​គាំទ្រ​ ដោយ​ការ​ផ្ញើ​សារ​ចំពោះ THE IDOL I​៤​ កែវ​ សុ​បញ្ញា​ ទទួល​បាន​នូវ​ជ័យ​លា​ភី​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នា​រាត្រី​នោះ​ ដោយ​មាន​អ្នកស្រី​ប៊ួ​យ​ ចាន់​សុធា​ នាយិ​កា​ការិយាល័យ​ក្រុមហ៊ុន Cambrew នៃ​ស្រា​បៀរ​អង្គរ​អញ្ជើញ​ជា​កិត្ដិយស​ផ្ដល់​នូវ​ពានរង្វាន់​ជ័យ​លា​ភី​តារា​ចម្រៀង​​ឯក​នេះ ​។

កម្មវិធី​ត្រូវ​បាន​បង្កើត​ឡើង​ចំនួន​៣​ឆ្នាំ​រួច​មក​ហើយ ដោយ​ក្រុមហ៊ុន​ BKA Entertainment ក្រោម​ការ​ឧបត្ថម្ភ​ធំ​ពី​ក្រុមហ៊ុន​ស្រា​បៀរ​អង្គរ ឧបត្ថម្ភ​ពី​ស្ករ​គ្រាប់ Extra Parrot, ស្ករ​កៅ​ស៊ូ​KidKid, ភេសជ្ជៈPepsi,​ ភេសជ្ជៈString ព្រមទាំង​មានការ​សហការ​ឧបត្ថម្ភ​ពី I-Friend Entertainment, Plus Max, PARAGON Cambodia, Power Sound ជាដើម ដើម្បី​ផ្ដល់​ឱកាស​ដល់​អ្នកមាន​ទេព​កោសល្យ​សិល្បៈ​ចម្រៀង​​អាច​បំពេញ​នូវ​ក្ដី​ស្រមៃ​របស់​គេ​ក្លាយជា​តារាចម្រៀង​​ដ៏​មានគុណភាព​មួយ​រូប​ បញ្ចៀស​ពួក​គេ​ឱ្យ​ឆ្ងាយ​ពី​អំពើ​អបាយមុខ​ ពា​លា​អាវាសែ​គ្រប់​ប្រភេទ​ ។​

គួរ​រំឭក​ផង​ដែរ​ថា ​ក្នុង​កម្មវិធី​ប្រកួត​នេះ​មានការ​ចូលរួម​ផ្ដល់​កិត្ដិយស​ពី​​គណៈកម្មការ​ផ្ដល់​មូលវិចារណ៍​ចំនួន​៣​រូប​ គឺ​លោក​ហួរ​ ឡា​វី​ លោក​ប៉េង​ រ​ដ្ឋា អគ្គ​នាយក Ifriend Enter​tainment អ្នកដឹកនាំ​ថត​ និង​ជា​អ្នកជំនាញ​ផ្នែក​បច្ចេកទេស​សំឡេង ​ព្រមទាំង​លោក ALEX សហសេវិក Plus Max​ និង​ជា​អ្នកជំនាញ​បុគ្គលិក​ល​ក្ខ​ណៈ​ជាដើម​ ដែល​បាន​ចូលរួម​ផ្ដល់នូវ​ការ​រិះគន់ ​កែ​លម្អ​​ ផ្ដល់​នូវ​គន្លឹះ​ចែក​រំលែក​បទ​ពិសោធន៍​ល្អ​ ដើម្បី​កែប្រែ​បណ្ដុះ​បណ្ដាល THE IDOL គ្រប់​ៗ​រូប​ឱ្យ​ក្លាយ​ខ្លួន​ជា​តារា​ចម្រៀង​​មួយ​រូប​ដ៏​មានគុណភាព​ ។

កម្មវិធី​ផ្ដាច់ព្រ័ត្រ​នា​រាត្រី​នោះ​ត្រូវ​បាន​ផ្សាយ​ផ្ទាល់​តាម​រយៈ​ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៣ ព្រមទាំង​មានការ​ផ្សាយឡើង​វិញ​នូវ​កម្មវិធី​ផ្ដាច់ព្រ័ត្រ​នេះ​នៅ​រាត្រី​ថ្ងៃ​សុក្រ​ ទី​៣​ ខែសីហា វេលា​ម៉ោង៧​​និង​​៣០​​នាទី​យប់​ ។ ទស្ស​​និកជន​បាន​​តាមដាន​ទស្សនា​នូវ​ទិដ្ឋភាព​ដ៏​អស្ចារ្យ​​ជា​ថ្មី​ម្ដងទៀត​ កម្មវិធី​ប្រកួត​តារាចំរៀង​ឯក ​​​THE IDOL​ បេះដូង​ខ្មែរ​ ជំនាន់​ទី​៣ ៕