រាជធានីភ្នំពេញ ៖ អគ្គលេខាធិការគណបក្ស នរោត្តម រណប្ញទ្ធិ លោកសៅ រ៉ានី នៅព្រឹកថ្ងៃទី៧ សីហានេះ បានចូលខ្លួនឆ្លើយបំភ្លឺចំពោះមុខចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ជុំវិញជម្លោះផ្ទៃក្នុងគណបក្សនរោត្តម រណប្ញទ្ធិ។ការចូលខ្លួនទៅឆ្លើយបំភ្លឺរបស់លោក សៅ រ៉ានី នាពេលនេះធ្វើឡើងនៅបន្ទាប់ពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោកស្រីចំាង ស៊ីណាត កាលពីថ្ងៃទី២៥ កក្កដា ២០១២ បានសម្រេចចេញដីការក្សាការពារតាមការស្នើសុំចុះថ្ងៃទី២៣ កក្កដា ២០១២របស់លោកសៅ រ៉ានី អគ្គលេខាធិការគណបក្ស នរោត្តម រណប្ញទិ្ធ ។ ដីការក្សាការពារនោះបានសម្រេច៖
១-ទទួលសិទ្ធិកាន់កាប់តួនាទីជាអគ្គលេខាធិការ អគ្គលេខាធិការរង និងសមាជិកគណៈកម្មាធិការនាយករបស់គណបក្សនរោត្តម រណប្ញទ្ធិ ជាបណ្តោះអាសន្ន ។ ២-បង្គាប់ឱ្យភាគីចុងចម្លើយប្រគល់ត្រាគណបក្សនរោត្តម រណប្ញទ្ធិ មកឱ្យភាគីដើមបណ្តឹង ដើម្បីគ្រប់គ្រងប្រើប្រាស់បន្តនិរន្តរភាពការងារប្រចាំថ្ងៃនៅអគ្គលេខាធិការដ្ឋាននៃគណបក្សនរោត្តម រណប្ញទ្ធិ ។ ៣-ផ្អាក ឬព្យួរជាបណ្តោះអាសន្ននូវសិទ្ធិរបស់ភាគីចុងចម្លើយក្នុងការបញ្ឈប់ ឬដកតំណែង ឬបណ្តេញចេញថ្នាក់ដឹកនាំគណបក្ស នរោត្តម រណប្ញទ្ធិ គ្រប់ជាន់ថ្នាក់។៤-ដីកាសម្រេចការពារនេះ មានសុពលភាពអនុវត្តភ្លាមៗជាបណ្តោះអាសន្ន ។ កាលពីថ្ងៃទី៦ សីហា ២០១២ ប្រធានស្តីទីគណបក្សនរោត្តម រណឬទិ្ធ លោកឈឹម សៀកឡេង, លោកនរ៉ា ណាប្ញទ្ធិ អានន្នដាយ៉ាត និងមេធាវីការពារក្តីឲ្យគណបក្សនរោត្តមរណប្ញទ្ធិ បានចូលទៅដាក់ឯកសារ និងធ្វើសេចក្តីថ្លែងការណ៍ផ្ទាល់មាត់នៅសាលាដំបូងរាជធានីភ្នំពេញ ជុំវិញបណ្តឹងជំទាស់នឹងដីការក្សាការពាររបស់តុលាការនេះ ។ ក្រោយការសាកសួររហូតមកទល់នឹងវេលាល្ងាចថ្ងៃចន្ទ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ពុំទាន់សម្រេចយ៉ាងណានៅឡើយទេ ដោយសាររង់ចាំពិនិត្យភស្តុតាង និងឯកសារមួយចំនួនពាក់ព័ន្ធក្នុងសំណុំរឿងនេះជាមុនសិន ។ កាលពីថ្ងៃទី២៧ កក្កដា ២០១២នេះ គណបក្សនរោត្តម រណប្ញទ្ធិ បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងសាលាដំបូងរាជធានីភ្នំពេញ ដែលបានចេញដីកាសម្រេចរក្សាការពារតាមការស្នើសុំរបស់លោកសៅ រ៉ានី អគ្គលេខាធិការគណបក្សនរោត្តម រណប្ញទិ្ធ ។ អ្នកនំាពាក្យគណបក្សនរោត្តម រណប្ញទិ្ធ លោកប៉ែន សង្ហា បានចាត់ទុកការចេញដីកាសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញតាមការស្នើសុំរបស់លោកសៅ រ៉ានី នោះថា ជាការរំលោភលើលក្ខន្តិកៈ និងសិទ្ធិសម្រេចរបស់ប្រធានគណបក្សនរោត្តម រណប្ញទិ្ធ ។
គួរបញ្ជាក់ថា ការប្តឹងផ្តល់គ្នាទៅវិញទៅមករវាងលោកសៅ រ៉ានី និងគណបក្សនរោត្តម រណប្ញទ្ធិនៅពេលនេះ បានធ្វើឡើងក្រោយពីមានការជួបប្រជុំពិភាក្សាគ្នារវាងលោកញឹក ប៊ុនឆៃ ប្រធានប្រតិបត្តិគណបក្សហ៊្វុនស៊ិនប៉ិច និងលោក សៅ រ៉ានី អគ្គលេខាធិការគណបក្សនរោត្តម រណប្ញទ្ធិ កាលពីថ្ងៃទី១៧ កក្កដា ដោយបានព្រមព្រៀងរួមបញ្ចូលគ្នាដោយគ្មានព្រះរាជវត្តមានរបស់សម្តេចក្រុមព្រះ ដែលការចរចា និងព្រមព្រៀងក្នុងការច្របាច់បញ្ចូលគ្នារវាងគណបក្សជាអតីតជាគូសត្រូវបងប្អូនគ្នា ធ្វើឡើងដោយលោកសៅ រ៉ានីនេះ ត្រូវបានគណបក្សនរោត្តមរណ ប្ញទ្ធិ មិនទទួលយកដោយសំអាងថា គ្មានបញ្ជាពីសម្តេចក្រុមព្រះ ហើយក៏បានបណ្តេញលោកសៅ រ៉ានី រួមជាមួយមន្រ្តីជាន់ខ្ពស់៤រូបទៀតក្នុងគណបក្សនរោត្តមរណប្ញទិចេញពីបក្ស ហើយបន្ទាប់មកភាគីទំាងពីរ ក៏បានដាក់ពាក្យបណ្តឹងទៅវិញទៅមកទៅសាលាដំបូងរាជធានីភ្នំពេញ ៕
ចែករំលែកព័តមាននេះ