រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី៦ សីហា ២០១២ ឱ្យកោះសន្តិភាពដឹងថា នៅថ្ងៃទី៧ សីហា ២០១២ វេលាម៉ោង១រសៀល លោក William E.Todd ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នឹងធ្វើជាអធិបតីក្នុងពិធីប្រគល់អំណោយចំនួន៩រទេះ (pallets) ដែលអំណោយទាំងនោះមានដូចជារបស់ក្មេងលេង ភួយ និងកាបូបស្ពាយរបស់កុមារដែលជាផ្នែកមួយនៃបេសកកម្មភាពជាដៃគូនៅតំបន់ប៉ាស៊ីហ្វិក នៅប្រទេសកម្ពុជា ។
ស្ថានទូតអាមេរិកបញ្ជាក់ថា អំណោយទាំងនេះត្រូវបានរៀបចំដោយអង្គការ Church of Latter Day Saints និងអង្គការ Project Handclasp មានចំនួន៩រទេះក្នុងចំណោម៩០រទេះដែលត្រូវបាននាំយកមកប្រទេសកម្ពុជាតាមនាវាមន្ទីរពេទ្យ USNS Mercy ។ ពិធីប្រគល់អំណោយ នឹងប្រព្រឹត្តទៅនៅការិយាល័យរបស់អង្គការ Cambodian Children Fund (CCF) ដែលស្ថិតនៅតំបន់ស្ទឹងមានជ័យ ។ ចំពោះទីតាំងពិតប្រាកដនៃកន្លែងប្រារព្ធពិធីសូមទាក់ទងសម្របសម្រួលផ្នែកឧបត្ថម្ភរបស់អង្គការ CCF គឺលោកកង សុខចំរើន តាមទូរស័ព្ទលេខ ០៧០ ៦៦៦ ១៧៤។
ស្ថានទូតអាមេរិកបន្តថា អ្នកសារព័ត៌មានដែលចង់យកព័ត៌មានក្នុងពិធីនេះគួរទៅដល់ទីកន្លែងប្រារព្ធពិធីត្រឹមម៉ោង១២និង៤៥នាទីថ្ងៃត្រង់ ។ បេសកកម្មភាពជាដៃគូនៅតំបន់ប៉ាស៊ីហ្វិកឆ្នាំ ២០១២ មានការចូលរួមរបស់សមាជិកចម្រុះជាតិសាសន៍ជាទាហាន និងស៊ីវិលចំនួនជាង១.២០០នាក់ នៅលើនាវាមន្ទីរពេទ្យឈ្មោះ USNS Mercy (T-AH19) របស់ផ្នែកសេវាកងទ័ពជើងទឹកសហរដ្ឋអាមេរិកដែលបានចូលចតមកដល់កំពង់ផែក្រុងព្រះសីហនុ ដើម្បីផ្តល់ជំនួយផ្នែកវិស្វកម្ម បសុពេទ្យទន្តពេទ្យ និងការព្យាបាលជំងឺទូទៅដល់សហគមន៍នៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៩ កក្កដា ដល់ថ្ងៃទី១១ សីហា ២០១២ ៕
ចែករំលែកព័តមាននេះ