ក្រុងប៉ោយប៉ែត ៖ ជនសង្ស័យចំនួន៣នាក់ ដែលវាយគ្នា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងហាងខារ៉ាអូខេមួយកន្លែងស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានសមត្ថកិច្ចប៉េអឹមចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៥ សីហា ២០១២ ។
តាមការបំភ្លឺពីឈ្មោះរិន សុវណ្ណារ៉ុង ភេទប្រុស អាយុ៣១ឆ្នាំ បានប្រាប់ថា មុនពេលកើតហេតុខ្លួន និងមិត្តភក្តិមានគ្នា៥នាក់ រួមទាំងជនបង្កបានចូលទៅផឹកស៊ីនៅក្នុងហាងខារ៉ាអូខេខាងលើនៅពេលផឹកស្រវឹងពួកគេក៏ឱ្យឈ្មោះកួន រី ភេទប្រុស អាយុ៣០ឆ្នាំ ជាអ្នកចេញលុយ ។ ក្រោយពេលគិតលុយរួចឈ្មោះកួន រី បានខឹង ព្រោះមិត្តភក្តិដែលទៅផឹកជាមួយគេទាំងនោះមិនជួយចេញលុយថ្លៃផឹកស៊ី ដោយអស់ប្រាក់ចំនួន៨ម៉ឺនរៀល រួចក៏ដើរចេញទៅក្រៅបន្ទប់ ស្រាប់តែមួយសន្ទុះក្រោយមកគេក៏បាននាំបក្សពួក២នាក់ទៀតប្រដាប់ដោយអាវុធ កាំបិតបុ័ងតោ ចូលមកធ្វើសកម្មភាពវាយកាប់ចាក់យ៉ាងចាស់ដៃទៅលើក្រុមរបស់ខ្លួនដែលផឹកស៊ីជាមួយ ព្រមទាំងកាប់បំផ្លាញទ្រព្យសម្បត្តិនៅក្នុងហាងខារ៉ាអូខេនោះទៀតផង ។
ជនសង្ស័យទាំង៣នាក់ត្រូវសមត្ថកិច្ចចោទប្រកាន់ពីបទបង្កហិង្សា និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិដោយចេតនា ព្រមទាំងកសាងសំណុំរឿងបញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី៦ សីហា ដើម្បីចាត់ការបន្តតាមនីតិវិធី ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ