ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ជះ​ទឹក​អាស៊ីត​ដាក់​ប្រពន្ធ​ត្រូវ​បាន​ជាប់​ខ្លួន​ហើយ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ  ​​​៖ លោកម៊ី ប៊ុនរិន ប្រធាន​នគរ​បាលប៉ុស្តិ៍​ទំនប់​ទឹកបានមានប្រសាសន៍ថា សមត្ថ​កិច្ច​បាន​ចាប់​ខ្លួន​ឈ្មោះប៊ី សឿន អាយុ៤៩​ឆ្នាំ មានទី​លំនៅ​មិន​ពិត​ប្រាកដ​ក្រោយ​ពេល​ដែល​បាន​ធ្វើសកម្ម​ភាព​ជះ​ទឹក​អាស៊ីត​ដាក់​ប្រពន្ធ​របស់​​ខ្លួននោះ ។ ការ​ចាប់​ខ្លួន​នេះ គឺ​ដោយ​សារ​សមត្ថ​កិច្ចបានឱ្យ​ប្រពន្ធ​​ដែលជាស្រ្តី​រង​គ្រោះ​អន្ទង​ហៅ​​ឈ្មោះប៊ី សឿន ឱ្យ​មក​ជួយព្យាបាលរបួស ហើយ​​សន្យាថា អត់ប្តឹង​ប្តល់អ្វីទេ។ ពេលឮ​ប្រពន្ធ​និយាយដូច្នោះ​ឈ្មោះ​ប៊ី សឿន ក៏មក​កាន់មន្ទីរ​ពេទ្យ​​ព្រះកុសុមៈ ហើយ​ត្រូវ​ប៉ូលិសប៉ុស្តិ៍ទំនប់ទឹក​ដែល​ដឹកនាំ​នដោយ​លោក​ម៉ី ប៊ុនរិន ធ្វើការ​ឃាត់​ខ្លួន​បញ្ជូនទៅ​អធិ​ការ​ដ្ឋាននគរ​បាល​ខណ្ឌ​ចំការ​មន ដើម្បីចាត់​ការ​តាម​ច្បាប់។

គួរ​រំលឹក​ថា ស្ត្រី​​រងគ្រោះ​​ឈ្មោះ​រឿង ម៉ាប់ ​អាយុ​៣២​ឆ្នាំ​ ត្រូវ​ប្តី​វ័យ​ចំណាស់​​ខាងលើ​​លប​ជះ​ទឹក​អាស៊ីត​​ដាក់​លើ​ផ្ទៃ​មុខ ដោយ​សារ​តែ​​កើត​រោគ​ប្រចណ្ឌ​នឹង​ប្រពន្ធ​វ័យ​ក្មេង​​កាល​ពី​វេលា​ម៉ោង​៩​និង​៣០​នាទី​​យប់​​ ថ្ងៃទី​៥ សីហា ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌ​ចំការ​មន។

បើ​តាម​ស្ត្រី​​​ឈ្មោះ​ចាន់ ស្រីលក្ខណ៍ អាយុ​​៣០​ឆ្នាំ ​ត្រូវ​ជា​កូន​ប្រសា​របស់​ជន​បង្ក​​ និង​​ជា​អ្នក​​មើល​ថែ​ស្ត្រី​រង​គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បាន​បង្ហើប​ឱ្យ​ដឹង​ថា ឈ្មោះ​​ប៊ី សឿន ត្រូវ​ជា​ឪពុក​ក្មេក​របស់​នាង​បាន​លែង​លះ​ជា​មួយ​ម្តាយ​ក្មេក​​របស់​​នាង​មក​​​យក​ប្រពន្ធ​​ក្រោយ​ទៀត​ គឺ​ស្ត្រី​ឈ្មោះ​រឿង ម៉ាប់ នេះ​។ ប៉ុន្តែ​ពីរ​នាក់​ប្តី​ប្រពន្ធ​​នេះ រស់​នៅ​មិន​ចុះ​សម្រុង​នឹង​គ្នា​​​​ចេះ​តែ​ឈ្លោះ​ប្រកែក​​គ្នា​ជា​ញឹក​ញាប់​ ពី​ព្រោះ​​ប្តីពូកែ​ប្រចណ្ឌ​ប្រពន្ធ​ក្មេង​ពេក រហូត​ឈាន​ដល់​​លែង​លះ​គ្នា​រយៈ​​​ពេល​២​ខែ​មក​ហើយ ​តែ​ឈ្មោះ​ប៊ី សឿន ​នៅតែ​តាម​រក​រឿង​ឈ្លោះ​ប្រកែក​​​ជា​មួយ​​ប្រពន្ធ​​ឈ្មោះ​​រឿង ម៉ាប់ នេះ​ទៀត។ ប្រភព​បន្ត​ទៀត​ថា ​នៅ​យប់​កើត​ហេតុ​​ឈ្មោះ​​រឿង ម៉ាប់ ​បាន​ដើរ​​ទៅ​លេង​ផ្ទះ​មិត្ត​ភក្តិ​នៅ​ទល់​​មុខ​ផ្សារ​ទំនើប​សុវណ្ណា ស្រាប់តែ​ឈ្មោះ​ប៊ី សឿន បាន​ទៅ​តាម​ឈ្លោះ​ប្រកែក​​គ្នា​នៅ​​ទីនោះ ។ ​ម្ចាស់​​ផ្ទះ​​ក៏​ជួយ​ឃាត់​ទើប​បុរស​ជា​ប្តី​ដើរ​ចេញ​ទៅ​បាត់ ហើយ​ក្រោយ​មក​ប្តី​រូប​នេះ​​ក៏​លប​ជះ​ទឹកអាស៊ីត​ដាក់​ប្រពន្ធ​តែ​ម្តង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕