កីឡាការិនីអង់គ្លេស Jessica Ennisមិនបានធ្វើឱ្យក្តីសង្ឃឹមរបស់អ្នកគាំទ្រក្នុងស្រុករលាយបាត់ឡើយដោយនាងបានយកឈ្នះមេដាយមាសលើវិញ្ញាសា heptathlon(កីឡា៧វិញ្ញាសា)បន្ទាប់ពីបានបំបាក់គូប្រកួតរបស់ខ្លួនលើការរត់ចម្ងាយ៨០០ម៉ែត្រកាលពីថ្ងៃសៅរ៍ទី៤ខែសីហា ។
Ennisយកឈ្នះមេដាយមាសជាមួយពិន្ទុសរុប ៦៩៥៥ ខណៈកីឡាការិនីអាល្លឺម៉ង់ Lilli Schwarzkopf ធ្វើបានពិន្ទុសរុប ៦៦៤៩ដណ្តើមបានមេដាយប្រាក់ ។ ឯមេដាយសំរឹទ្ធិបានទៅលើកីឡាការិនីរុស្ស៊ី Tatyana Chernovaបន្ទាប់ពីធ្វើបានពិន្ទុ ៦៦២៨ ។
សម្រាប់តែវិញ្ញាសា រត់ផ្លោះរបងចម្ងាយ១០០ម៉ែត្រនិង២០០ម៉ែត្រកាលពីថ្ងៃសុក្រ នាង Ennisដណ្តើមបាន ៤១៥៨ពិន្ទុបូកនឹងការលោតចម្ងាយបាន ៦,៤៨ម៉ែត្រទៀតនាំឱ្យពិន្ទុសរុបរបស់នាងឡើងដល់ ៥១៥៩ពិន្ទុ ។ លើការចោលលំពែងវិញ Ennisចោលបានតែចម្ងាយ ៤៧,៤៩ម៉ែត្រប៉ុណ្ណោះ ។
នាងបានថ្លែងថា៖«នេះជាថ្ងៃដ៏ត្រចះត្រចង់មួយ ។ ខ្ញុំពិតជានៅមិនសុខដោយសារតែខ្ញុំធ្វើបានល្អលើការលោតចម្ងាយ ។ ខ្ញុំលោតបានឆ្ងាយគួរសមលើកនេះ ។ នៅរដូវកាលនេះ ការលោតចម្ងាយរបស់ខ្ញុំមានឡើងមានចុះ ។ ខ្ញុំស្ទើរតែមិនជឿដែលអាចធ្វើបានយ៉ាងល្អឥតខ្ចោះលើការចោលលំពែង។ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ជាពិសេសជាមួយនឹងការនាំមុខលើការរត់ចម្ងាយ៨០០ម៉ែត្រ »។
ចំណែកនាង Natallia Dobrynskaដែលជាកីឡាការិនីការពារមេដាយមាសបានធ្វើឱ្យក្រុមអ៊ុយក្រែនរបស់ខ្លួនអស់សង្ឃឹមក្រោយពីឱកាសដណ្តើមបានមេដាយមាសជាថ្មីរបស់នាងត្រូវបានរលាយបាត់ ។ ស្ថិតនៅលំដាប់ទី១០ជាមួយពិន្ទុសរុប ៣៨៣៥ Dobrynskaធ្វើមិនបានល្អទាល់តែសោះលើវិញ្ញាសាលោតចម្ងាយ។ លើវិញ្ញាសានេះ នាងលោតបានចម្ងាយតែ៣,៧០ម៉ែត្រស្ថិតនៅលំដាប់ទី៣៣។ ទីបំផុតនាង Dobrynskaបានសម្រេចចិត្តដកខ្លួនមុនពេលការប្រកួតវិញ្ញាសាចោលលំពែង ។
ឯនាង Karolina Tyminskaដែលជាប់ចំណាត់ថ្នាក់លេខ៤កាលពីប្រកួតនៅក្រុងឌែរហ្គូ ប្រទេសកូរ៉េខាងត្បូង និងជាក្តីសង្ឃឹមដណ្តើមបានជ័យលាភីរបស់ប៉ូឡូញ ក៏បានដកខ្លួនចេញផងដែរបន្ទាប់ពីបរាជ័យលើវិញ្ញាសាលោតចម្ងាយ ៕
ចែករំលែកព័តមាននេះ