ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ព​​ស៊ីរី​​ឡោមព័ទ្ធ​​​ក្រុង​អាឡែប​​មុន​បើក​​ការវាយ​​លុក​​ធំមួយ​

13 ឆ្នាំ មុន

កងទ័ព​​​ស៊ីរី​​ដែល​បាន​​​បង្ហើយ​ការ​ដាក់​​ពង្រាយ​​​​ជុំវិញ​​​ទីក្រុង​អាឡែប​បាន​បាញ់​​ផ្លោង​ដាក់​​ទីក្រុង​នោះ​​សំដៅ​​​លើ​បណ្តា​ទីតាំង​​របស់​ពួក​ឧទ្ទាម​​មុនពេល​​​​បើក​ការវាយ​លុក​​ធំមួយ​ដើម្បី​​​ដណ្តើម​​​ត្រួតត្រា​​​ទីក្រុង​​​សេដ្ឋកិច្ច​​នោះ ស្ថិត​​នៅ​​ភាគ​ខាង​​​ជើង​​ប្រទេស។ ក្រុង​​​នេះ​​ជាគន្លឹះ​​សំខាន់​​នៃជម្លោះ។​​កងយន្ត​ហោះ​បានវាយ​ប្រហារ​​លើ​សង្កាត់​​​ចារ​និង​​សង្កាត់​​សាឃួរ (ភាគ​ខាងជើង)​ ចំណែក​​​​សង្កាត់​សាឡា​ហ៊ុដឌីន ​(ភាគ​ខាង​លិច)​​​​​ជា​​ទីតាំង​​​រឹង​មាំ​របស់ពួក​​ឧទ្ទាម​​​ត្រូវ​​​កងទ័ព​​ឡោមព័ទ្ធ​​ហើយ​ជា​គោល​ដៅ​​នៃការ​វាយ​ប្រហារ​​​ដោយ​កាំភ្លើង​​​​ធំ ។ ការ​​​ប្រយុទ្ធ​ក៏កើត​មាន​ដែរក្នុង​សង្កាត់​​ដទៃៗ​ទៀត​​នៃទីក្រុង​នោះ ជា​បេះដូង​សេដ្ឋកិច្ចរបស់​​​ស៊ីរី​​​ស្ថិត​នៅ​​​ចម្ងាយ​៣៥៥​គ.ម​ខាង​កើត​ក្រុងដាម៉ាស់ ។​

ប្រភព​សន្តិសុខ​ស៊ីរីមួយ​និយាយ​ថា កងទ័ព​​​បាន​​បង្ហើយ​កាលពី​​ថ្ងៃទី​៥ ​សីហា​នូវ​ការ​បញ្ជូន​​កម្លាំង​បន្ថែម​មក​កាន់​​ក្រុង​អាឡែប​​​​​​ជាទី​លាន​​នៃការ​ប៉ះទង្គិចគ្នា​ចាប់តាំងពី​​​​​ថ្ងៃទី​២០​កក្កដា មក​ហើយ​ពេល​​នេះ​ត្រៀម​​សម្រាប់​ប្រយុទ្ធ​​យ៉ាងប្តូរ​ផ្តាច់​ ។ ​ប្រភព​​នោះ​បញ្ជាក់​ថា ​កម្លាំង​បន្ថែម​​ទាំង​​អស់​​បាន​មក​ដល់​​ហើយ​ឡោមព័ទ្ធ​​ទីក្រុង ។​ កង​ទ័ព​​ពេល​នេះ​ត្រៀម​​បើក​ការ​​វាយ​លុក​​​យ៉ាង​ប្តូរ​ផ្តាច់​​មួយ​​​ ក៏ប៉ុន្តែ​រង់​ចាំ​បញ្ជា ។ ​ទោះជា​យ៉ាង​ណា​  ​សង្គ្រាម​អាច​មាន​រយៈពេល​​​យូរ​​ព្រោះ​​នឹង​មាន​ការ​ប្រយុទ្ធ​​​នៅ​​​តាម​​ដង​វិថី​​​ដើម្បី​កំចាត់​​ពួក​ភេរវករ ។​

យោងតាម​​អ្នកទទួល​ខុស​ត្រូវ​​ខាង​សន្តិសុខ​​​ស៊ីរី​​មួយរូប​​ថា ​ទាហាន​យ៉ាងតិច​២០.០០០​​នាក់ ត្រូវ​ដាក់​ពង្រាយ​នៅ​រណសិរ្ស​​អាឡែប ​ដែល​នៅទីនោះ​​ពួក​ឧទ្ទាម​​​ប្រមូល​ផ្តុំ​​​​កម្លាំង​រវាង​​​ពី​​៦.០០០​​​ទៅ​៨.០០០​​នាក់ ។​​កាសែត​AL WATAN  ស្និទ្ធរដ្ឋធអំណាច​​​​​ស៊ីរី​​​សរសេរ​ថា ​បេសកកម្ម​​​បច្ចុប្បន្ន​របស់​​កងទ័ព​​គឺ​ពង្រឹងការត្រួតត្រា​​​​ច្រក​ចូល​​ទាំងឡាយ​នៃទីក្រុង​ដើម្បី​រារាំង​កុំ​ឱ្យ​ពួកឧទ្ទាម​​អាច​រត់​គេច​រួច ។ កាសែត​​នេះអះអាង​ថា ​​​ ពួក​ភេរវករ​ជាច្រើន​​​រយ​នាក់​​ត្រូវ​សម្លាប់​​នៅ​អាឡែប ។​

ពួកឧទ្ទាម​​​​និយាយ​ថា ពួកគេ​​កាន់​កាប់​​ក្រុង​អាឡែប​​ពាក់​កណ្តាល​ហើយ​អះអាង​ថា​ ទោះបី​ជា​​​មានការ​​បាញ់​​ផ្លោង​យ៉ាង​ខ្លាំង​​ដោយ​កាំភ្លើង​​​ធំ​ក៏ពួកឧទ្ទាម​​​នៅតែ​បោះ​​ទីតាំង​រឹងមាំក្នុង​ទីក្រុង​​​​នេះ​ដែរ ៕