កិច្ចប្រជុំមួយរបស់បណ្តាប្រទេសមិនចូលបក្សសម្ព័ន្ធស្តីពីបញ្ហាប៉ាឡេស្ទីន ដែលគ្រោងធ្វើនាថ្ងៃទី៥សីហានៅតំបន់ស៊ីសហ្ស៊កដានីត្រូវលុបចោលវិញក្រោយពីការសម្រេចរបស់អុីស្រាអែលហាមរដ្ឋមន្ត្រីប្រទេស៤ដែលមិនទទួលស្គាល់អុីស្រាអែលចូលក្នុងតំបន់នោះរបស់ប៉ាឡេស្ទីនកាន់កាប់ដោយអុីស្រាអែល ។
អុីស្រាអែលហាមឃាត់រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី បង់ក្លាដែស និងគុយបា ជាសមាជិកគណៈកម្មាធិការនៃចលនាមិនចូលបក្សសម្ព័ន្ធស្តីពីប៉ាឡេស្ទីន ចូលតំបន់ស៊ីសហ្ស៊កដានីដើម្បីចូលរួមក្នុងកិច្ចប្រជុំមួយគ្រោងធ្វើនៅទីក្រុងរ៉ាម៉ាល់ឡាហ៍ដែលមានទីស្នាក់ការរបស់អាជ្ញាធរប៉ាឡេស្ទីន ។ បណ្តាអ្នកចូលរួមត្រូវផ្តល់ការគាំទ្រដល់គម្រោងមួយរបស់ប៉ាឡេស្ទីនស្នើសុំលក្ខន្ត្តិកៈជារដ្ឋមួយពុំមែនសមាជិកអ.ស.ប ។
អ្នកទទួលខុសត្រូវប៉ាឡេស្ទីនម្នាក់និយាយថា ក្រោយការពិគ្រោះយោបល់គ្នា រវាងថ្នាក់ដឹកនាំប៉ាឡេស្ទីននិងគណៈប្រតិភូទាំងអស់គេក៏បានសម្រេចលុបចោលកិច្ចប្រជុំនេះនៅក្រុងរ៉ាម៉ាល់ឡាហ៍ របស់គណៈកម្មាធិការប៉ាឡេស្ទីននៃចលនាមិនចូលបក្សសម្ព័ន្ធ ។ គណៈកម្មាធិការប៉ាឡេស្ទីននេះ បង្កើតឡើងដោយប្រទេស១៣ ហើយក្រៅពីប្រមុខការទូតរបស់បណ្តាប្រទេសដែលអុីស្រាអែលហាមមិនឱ្យចូលមានប្រមុខការទូតរបស់អេហ្ស៊ីប ហ្ស៊កដានី អាហ្វ្រិកខាងត្បូង ហ្ស៊ីមបាវេ ហ្សំប៊ី សេនេហ្គាល់ កូឡុំប៊ី និងឥណ្ឌា ៕
ចែករំលែកព័តមាននេះ