ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ការ​ប្រកួត​​បាល់​ទាត់​ដណ្តើម​​ពាន​រង្វាន់​​ឆ្នេរ​ស្អាត​​ប្រចាំ​ឆ្នាំ​2012​

13 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហនុ ៖​​ ​នៅ​ទី​លាន​​កីឡដ្ឋាន​​ក្រុង​មឿង​​ (ឆ្នេរ​ឯក​រាជ្យ) ស្ថិតនៅ​​សង្កាត់​លេខ​៣ ក្រុង​ព្រះ​សីហនុ​ ខេត្ត​ព្រះ​សី​ហនុ កាល​ពី​រសៀល​ថ្ងៃ​ទី​៤ សីហា ឆ្នាំ​២០១២ មាន​រៀប​ចំ​​បើក​ការ​​ប្រកួត​កីឡា​​​បាល់​ទាត់​ដណ្តើម​​ពាន​រង្វាន់​«ឆ្នេរ​ស្អាត» ក្រុង​ព្រះ​សីហនុ ដោយ​​ទទួល​​បាន​ការ​អញ្ជើញ​​ចូល​រួម​ជា​អធិ​បតី​ពី​សំណាក់​​លោក​​សំ សំអាត អភិបាល​​រង​ខេត្ត តំណាង​​លោ​ក​ស្បោង សារ៉ាត់ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​​ លោក​ជិន សារិន អភិបាល​ក្រុង​ព្រះ​សីហនុ ទី​ប្រឹក្សា​​សម្តេច​ធម្ម​ពោធិ​សាល ជា​ ស៊ីម និង​មាន​ការ​ចូល​​រួម​ពី​កីឡា​ករ​ចំនួន​១៨​ក្រុម ព្រម​ទាំង​​បង​ប្អូន​​ប្រជា​ពលរដ្ឋ​​ អាជីវ​ករ ពាណិជ្ជ​ករ បណ្តា​ក្រុម​ហ៊ុន​ផ្សេង​ៗ​​ ក្មួយៗ​​សិស្សា​នុសិស្ស​​ និស្សិត ដែល​ស្នេហា​​វិស័យ​កីឡា​យ៉ាង​ច្រើន​កុះ​ករ ។

លោក​អៀម សារិន មន្ត្រីសា​លា​ខេត្ត​ព្រះ​សីហនុ តំណាង​ឱ្យ​​កីឡា​ករ​ទាំង​១៨​ក្រុម និង​ជា​អ្នក​រៀប​ចំ​ការ​ប្រកួត​ដណ្តើម​ពាន​រង្វាន់​«ឆ្នេរ​ស្អាត​» ក្រុង​ព្រះ​សីហនុ​ ឆ្នាំ​២០១២ បាន​មាន​មតិ​ស្វាគមន៍​​ក្នុង​ពិធី​បើក​ការ​ប្រកួត​នោះ​ថា បន្ទាប់​ពី​​ទទួល​បាន​ការ​ឯក​ភាព​ជា​គោល​ការណ៍​ពី​លោក​​ស្បោង សារ៉ាត់ អភិបាល​នៃ​គណៈ​​អភិបាល​ខេត្ត​ព្រះ​សីហនុ តាម​​ខ្លឹម​សារ​​លិខិត​​លេខ​១០៥១.អ-ក-១២​ ចុះ​ថ្ងៃទី​២៣ កក្កដា ឆ្នាំ​២០១២ ស្តី​ពី​ការ​រៀប​ចំ​កម្ម​វិធី​ប្រកួត​​បាល់​ទាត់​ដណ្តើម​​ពាន​រង្វាន់​​«ឆ្នេរ​ស្អាត»​​ គណៈ​កម្ម​ការ​កីឡា​បាល់​ទាត់​​​ក្នុង​នោះ​មាន​តំណាង​ក្រុម​ហ៊ុន​ស្រា​បៀ​​រអង្គរ​ និង​ក្រុម​ហ៊ុន​ភេសជ្ជៈ​​ PEPSI ទទួល​បាន​ការ​គាំ​ទ្រ​ពី​​ក្រុម​ការ​ងារ​​វាយ​តម្លៃ​ទី​ក្រុង​ស្អាត​​ខេត្ត​ព្រះ​សីហនុ ​ផង​ បាន​ជួយ​សម្រប​សម្រួល​​រៀប​ចំ​ការ​​ប្រកួត​កីឡា​នា​ឱ​កាស​នេះ ។

ការ​ប្រកួត​បាល់​ទាត់​ដណ្តើម​ពានរង្វាន់​​នេះ​​មាន​​កីឡា​ករ​ចំនួន​១៨​ក្រុម​​មក​ពី​ស្ថា​ប័ន​​រដ្ឋ គ្រឹះ​ស្ថាន​សិក្សា អង្គ​ការ​សង្គម​ស៊ីវិល និង​បណ្តា​ក្រុម​​ហ៊ុន​ឯក​ជន​​មួយ​ចំនួន​សរុប​មាន​ចំនួន​​៤១៤​នាក់ ហើយ​ក្នុង​​១​ក្រុម​ៗ​មាន​កីឡា​ករ​ចំនួន​​២៤​នាក់ ដោយ​គ្រោង​ប្រកួត​ចំនួន​៣៩​ប្រកួត និង​ចែក​​ចេញ​ជា​៤​ពូល​ មាន​ពូល A,B,C, និង​ D ។ លោក​បាន​ឱ្យ​​ដឹង​ទៀត​ថា នៅ​រសៀល​ថ្ងៃទី​៤ សីហា ឆ្នាំ​២០១២ ជា​ថ្ងៃ​ចាប់​ផ្តើម​បើក​ការ​ប្រកួត​រវាង​ក្រុម​កីឡា​ករ​​ស្ថិត​​នៅ​ក្នុង​ពូល A គឺ​ក្រុម​​សាលា​ក្រុង​ព្រះ​សីហនុ ប្រកួត​ជា​មួយ​ក្រុម​សាលា​ខេត្ត​ព្រះ​សីហនុ ។ ជា​លទ្ធ​ផល​តាម​លក្ខណៈ​បច្ចេក​ទេស​រយៈ​ពេល​៩០​នាទី​ពេញ ក្រុម​ទាំង​២​ស្មើ​គ្នា​ដោយ​ស៊ុត​​បាល់​បញ្ចូល​ទី​​បាន​១​គ្រាប់​ដូចគ្នា ។

លោក​បញ្ជាក់​ថា ដោយ​​ក្នុង​ថ្ងៃទី​៥ សីហា ឆ្នាំ​២០១២ គណៈ​កម្ម​ការ​ក៏ដូច​ជា​អាជ្ញា​កណ្តាល​​ផ្តល់​ពេល​វេលា​ដល់​ក្រុម​កីឡា​​ករ​មួយ​ចំនួន​ចូល​រួម​​ប្រឡង​សញ្ញា​ប័ត្រ​​ទុតិ​យ​ភូមិ​ (បាក់​ឌុប) ដូច្នេះ​​​គណៈ​កម្ម​ការ​រៀប​ចំ​ការ​ប្រកួត​បាន​យក​ថ្ងៃ​ទី​១ សីហា ឆ្នាំ​២០១២ ឱ្យ​ក្រុម​កីឡា​ករពូល A ប៊្លូ​អូឃីត ប្រកួត​ជា​មួយ​ក្រុម​កីឡា​ករ​ពូល A ហ្វធូណា វិញ​​ ហើយ​ជា​លទ្ធ​ផល​ក្រុម​​កីឡា​ករ​  ប៊្លូ​អូឃីត យក​ឈ្នះ​ក្រុម​កីឡា​ករ​​ហ្វធូណា 1-0 ។

លោក​សំ សំអាត អភិបាល​​រង​នៃ​គណៈ​អភិ​បាល​​ខេត្ត​ព្រះ​សីហនុ បាន​ថ្លែង​​ក្នុង​ឱ​កាស​​នោះ​​​ថា ក្នុង​នាម​​អាជ្ញា​ធរ​ដែន​ដី​ខេត្ត​ព្រះ​សីហនុ សូម​អំពាវ​នាវ​ដល់​ថ្នាក់​ដឹក​​នាំ​​មន្ទីរ អង្គ​ភាព​ក្នុង​ខេត្ត លោក​-លោក​ស្រី​​​ នាយក-នាយិ​កា​ គ្រឹះស្ថាន​​សិក្សា​ អង្គ​ការ​សង្គម​ស៊ីវិល និង​ក្រុម​ហ៊ុន​​ឯក​ជន​​ទាំង​អស់ ធ្វើ​យ៉ាង​ណា​បំផុស​​ចលនា​ និង​ចូល​រួម​គាំ​ទ្រ​លើ​វិស័យ​កីឡា​ឱ្យ​កាន់​​តែ​ទូ​លំ​ទូលាយ​​នៅ​ក្នុង​អង្គ​ភាព​របស់​ខ្លួន​​ ។ ជា​ពិសេស​​សកម្ម​ភាព​អប់​រំកាយ និង​កីឡានៅ​ក្នុង​សាលា​រៀន​នីមួយៗ​​ដើម្បី​​សុខុុមាល​ភាព​​របស់​ខ្លួន​ទាំង​ផ្លូវ​កាយ​ ​ផ្លូវ​ចិត្ត​​ ​ផ្លូវ​បញ្ញា ​​រួម​ចំណែក​កសាង​​​ធន​ធាន​កីឡា​​ករ កីឡា​ការិនី ក្នុង​ចំណោម​​សិស្សា​នុសិស្ស​ និស្សិត​ដើម្បី​​លើ​ក​ស្ទួយ​​វិស័យ​​កីឡា​របស់​យើង​​ឱ្យ​មាន​ការ​អភិវឌ្ឍ​​រីក​ចម្រើន​​ ។ ការ​រៀប​ចំ​ការ​ប្រកួត​កីឡា​បាល់​ទាត់​នា​ពេល​នេះ គឺ​ដើម្បី​ចូល​រួម​​អប​អរ​សាទរ​ឆ្នេរ​សមុទ្រ​កម្ពុជា​​ (ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះ​សីហនុ​)ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សមា​ជិក​ក្លិប​​​ឆ្នេរ​ស្អាត​លើ​ផ្ទៃ​រាប​អន្តរ​ជាតិ ។

ចំពោះ​ពាន​រង្វាន់​​ដែលចំណាត់​ថ្នាក់​លេខ១ ទទួល​​បាន​បន្ទាប់​ពី​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​​​នា​ថ្ងៃទី​៣១ តុលា ឆ្នាំ​២០១២ ខាង​មុខ មាន​ឈ្មោះ​​ថា «ឆ្នេរ​ស្អាត»​។ លោក​ក៏​បាន​​ផ្តាំ​ផ្ញើ​​ដល់​ក្រុម​កីឡា​ករ​ទាំង​អស់​ថា ត្រូវ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​​​គោ​ល​ការណ៍​​បច្ចេក​ទេស​​ឱ្យ​បាន​ត្រឹម​ត្រូវ ។ អាជ្ញា​កណ្តាល​មិន​ត្រូវ​មាន​ភាព​​​លំ​អៀង​ឡើយ ឯកីឡា​​​ករ​​ត្រូវ​គោរ​ព​ក្រម​សីល​ធម៌​​ប្រកួត ​មាន​​ការ​សាមគ្គី​​ជា​មិត្ត​ភាព ភាតរ​ភាព សមភាព ចេះ​យោគ​​​យល់​អធ្យា​ស្រ័យ​​គ្នា​ទៅ​វិញ​ទៅ​មក ៕​